ហ្វតផ្អាកគម្រោងរោងចក្រផលិតអាគុយតម្លៃជាង៣ពាន់លានដុល្លារនៅរដ្ឋមីឈីហ្គេន

ក្រុមហ៊ុនហ្វត ផ្អាកគម្រោងរោងចក្រផលិតអាគុយអគ្គិសនី តម្លៃជាង៣ពាន់លានដុល្លារនៅរដ្ឋមីឈីហ្គេន


ក្រុមហ៊ុនរថយន្ត ហ្វតម៉ូទ័រ (Ford Motor) បាននិយាយកាលពីថ្ងៃចន្ទ ថា ខ្លួនបានសម្រេចផ្អាកការងារនៅរោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដែលមានតម្លៃជាង៣ពាន់លានដុល្លារនៅរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក ក្រោមហេតុផលបារម្ភពីសមត្ថភាពខ្លួនមិនអាចដំណើរការរោងចក្រនេះបាន ស្របពេលក្រុមហ៊ុននេះ កំពុងជាប់គាំងក្នុងការចរចាកិច្ចសន្យាជាមួយសហជីពកម្មកររថយន្ត(UAW)។
ហ្វតផ្អាកគម្រោងរោងចក្រផលិតអាគុយតម្លៃជាង៣ពាន់លានដុល្លារនៅរដ្ឋមីឈីហ្គេន
ដោយ

ក្រុមហ៊ុន ហ្វត កាលពីខែកុម្ភៈបានប្រកាសពីគម្រោងសាងសង់រោងចក្រនេះ នៅរដ្ឋមីឈីហ្គេន ដោយអះអាងថា ការផលិតអាគុយនៅអាមេរិកនឹងជួយឱ្យខ្លួន និងក្រុមហ៊ុនដៃគូចិន CATL អាចទាក់ទាញអតិថិជនអាមេរិកឱ្យទទួលយកបច្ចេកវិទ្យាក្នុងតម្លៃទាប ដែលអាចប្រកួតប្រជែងជាមួយនឹងប្រទេសចិនបាន។
ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន ហ្វត ក៏ស្រាប់តែបានប្រកាសពីការផ្អាកដំណើរការគម្រោងរោងចក្រនេះវិញ ស្របពេលដែលក្រុមហ៊ុននេះកំពុងចរចាជាមួយតំណាងសហជីពរួបរួមកម្មកររថយន្ត (UAW) ពាក់ព័ន្ធនឹងកិច្ចសន្យាការងារ ដែលមិនអាចធានាបានមួយចំនួន។

ក្រុមហ៊ុន ហ្វត បាននិយាយពីថ្ងៃចន្ទថា ពួកគេកំពុងផ្អាកការងារ និងកំណត់ការចំណាយលើការសាងសង់រោងចក្រនេះរហូតដល់ពួកគេមានទំនុកចិត្តលើខ្លួនឯងថា នឹងបន្តដំណើរការរោងចក្រនេះឡើងវិញ។ ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ពីហេតុផលជាក់លាក់ណាមួយ ដែលបង្ខំឱ្យខ្លួនសម្រេចចិត្តធ្វើបែបនេះនោះទេ ដោយគ្រាន់តែនិយាយថា មានការពិចារណាមួយចំនួន ហើយថាពួកគេមិនទាន់សម្រេចចិត្តចុងក្រោយណាមួយពីការវិនិយោគដែលបានគ្រោងទុកនៅទីនោះនៅឡើយទេ។
ប្រធានសហជីពរួបរួមកម្មកររថយន្ត (UAW) លោក សន ហ្វេន (Shawn Fain) បានរិះគន់ក្រុមហ៊ុន ហ្វត ដោយនិយាយថា សេចក្តីប្រកាសនេះ គឺជា«ការគំរាមកំហែង និងគ្រាន់តែជាការបិទបាំងដ៏អាម៉ាស់របស់ក្រុមហ៊ុន ហ្វត ក្នុងការខិតខំកាត់បន្ថយការងាររបស់ពួកគេតែប៉ុណ្ណោះ»។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារ គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋមីឈីហ្គេន ដើម្បីចូលរួមជាមួយក្រុមកម្មកររបស់សហជីព UAW ដើម្បីបង្ហាញពីការគាំទ្រកម្មករធ្វើកូដកម្មនៅតំបន់ក្រុមហ៊ុនផលិតរថយន្ត ដេត្រយ ស្រ៊ី (Detroit Three)។
អភិបាលរដ្ឋមីឈីហ្គេនលោក ក្រេតឆិន វីតមឺ (Gretchen Whitmer) បាននិយាយថា ក្រុមហ៊ុន ហ្វត ច្បាស់ណាស់ថា នេះគឺជាការផ្អាកសិនតែប៉ុណ្ណោះ ហើយរដ្ឋនេះ នឹងបន្តជំរុញឱ្យមានការចរចាប្រកបដោយជោគជ័យរវាងក្រុមហ៊ុនរថយន្តកំពូលទាំង៣ និងសហជីព UAW ដើម្បីឱ្យពលរដ្ឋនៅរដ្ឋមីឈីហ្គេនអាចត្រឡប់ទៅធ្វើការងាររបស់ពួកគេវិញ។
ក្រុមហ៊ុន ហ្វត កាលពីខែកក្កដា បានព្យាករពីការខាតបង់ពេញមួយឆ្នាំចំនួនជាង៤ពាន់លានដុល្លារទៅលើរថយន្តអគ្គិសនីរបស់ខ្លួន ពោលគឺច្រើនជាង៥០% នៃការព្យាកររបស់ខ្លួន កាលពីដើមឆ្នាំនេះ ហើយថា ក្រុមហ៊ុននេះកំពុងពន្យឺតការផលិតរថយន្តអគ្គិសនីថែមទៀត។ ក្រុមហ៊ុននេះក៏បាននិយាយដែរថា ខ្លួនគ្រោងនឹងបង្កើនការលក់រថយន្តកូនកាត់អគ្គិសនីប្រើហ្គាសឱ្យបានចំនួន៤ដងនៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចិនចំនួន១១និងរុស្ស៊ី៥ ជុំវិញការផ្គត់ផ្គង់ធាតុផ្សំបម្រើឱ្យការផលិតដ្រូនរុស្ស៊ី

រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃច័ន្ទ បានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចិនចំនួន១១ និងក្រុមហ៊ុនរុស្ស៊ីចំនួន៥ ដោយចោទប្រកាន់ថា បានផ្គត់ផ្គង់គ្រឿងប…

វិបត្តិអចលនទ្រព្យនៅចិន កំពុងបង្កបញ្ហាដល់ប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ី

វិបត្តិអចលនទ្រព្យ ដែលកំពុងបន្តអូសបន្លាយនៅប្រទេសចិន បានដាក់សម្ពាធបន្ថែមទៀតលើជំនឿជឿទុកចិត្តលើការវិនិយោគលើវិស័យនេះមកកាន់អាស៊ី ដូចជានៅហុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ