វិស័យ​ការពារជាតិ

ប្រទេសមហាអំណាចធំៗសុទ្ធតែបង្ហាញបំណងចង់ជួយពង្រឹងយោធាកម្ពុជា តើកម្ពុជា គួរចាប់យកឱកាស និងប្រកាន់គោលជំហរបែបណា?


បណ្តាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ចធំៗរាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី រហូតដល់ឥណ្ឌា បាន​និងកំពុងបង្ហាញឆន្ទៈយ៉ាងសកម្មក្នុងការផ្តល់ការគាំទ្រ និងចង់ជួយពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា។ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានតម្លៃថា នេះគឺជាផ្លែផ្កា នៃភាពប៉ិនប្រសព្វរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មយោធា។
វិស័យ​ការពារជាតិ
ដោយ

យ៉ាងណាមិញ ក្រុមអ្នកជំនាញ ក៏បានក្រើនរំលឹកដែរថា កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងនេះ ទំនងជាមិនអាចជួយឱ្យពង្រឹងខឿនការពារជាតិកម្ពុជា ឱ្យខ្លាំងទាំងស្រុងនោះទេ តែទាមទារឱ្យកម្ពុជា ត្រូវពង្រឹងស្មារតីម្ចាស់ការ និងធ្វើទំនើបកម្មយោធាដោយខ្លួនឯង។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសង្កេតឃើញថា នៅមួយរយៈពេលចុងក្រោយនេះ កម្ពុជា បាននិងកំពុងបើកទំព័រពិពិធកម្មយោធាយ៉ាងស្វាហាប់ដោយរក្សាបាននូវទំនាក់ទំនងសមតុល្យជាមួយមហាអំណាចធំៗទាំងអាម៉េរិក ចិន រុស្ស៊ី និងឥណ្ឌា ដើម្បីសម្រាលសម្ពាធ និងភាពស្មុគស្មាញក្នុងវិស័យការពារជាតិ។ ជាការយល់ឃើញរបស់អ្នកជំនាញរូបនេះ ទោះបីជាមានការជ្រោមជ្រែងពីខាងក្រៅ ក៏វាមិនអាចជួយឱ្យសមត្ថភាពទ័ពរបស់កម្ពុជាខ្លាំងរឹងមាំទាំងស្រុងនោះដែរ ពោលគឺទាមទារឱ្យកម្ពុជា ខ្លួនឯង ហ៊ានឆ្លុះបញ្ចាំងពីតថភាពយោធាពិតប្រាកដ ដោយត្រូវផ្តោតលើការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងពង្រឹងសមត្ថភាពផ្ទៃក្នុងដោយខ្លួនឯងជាចម្បង។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ស្របពេលដែលមហាអំណាចកំពុងចោមរោមផ្តល់ខ្នងបង្អែកនេះ កម្ពុជា ដាច់ខាតត្រូវតែប្រកាន់នូវគោលជំហរឯករាជ្យឱ្យបានច្បាស់លាស់ និងចៀសវាងការងាករេ ឬពឹងផ្អែកជ្រុលទៅលើប្រទេសណាមួយ ដែលអាចនាំឱ្យបាត់បង់តុល្យភាពយុទ្ធសាស្ត្រ។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ក៏បានលើកឡើងដែរថា ការបង្ហាញបំណងចង់ជួយជ្រោមជ្រែងវិស័យយោធារបស់កម្ពុជា ពីសំណាក់ប្រទេសធំៗបានស្តែងឱ្យឃើញនូវនយោបាយចម្រុះពណ៌ នៃវិស័យការទូតរបស់រដ្ឋាភិបាល។ អ្នកជំនាញរូបនេះ យល់ឃើញថា កងទ័ពកម្ពុជា ពិតជាត្រូវការការហ្វឹកហ្វឺនកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាពទប់ទល់នឹងរាល់ការប៉ុនប៉ងឈ្លានពានពីខាងក្រៅ។ ទោះជាយ៉ាងណា លោកយល់ថា រដ្ឋាភិបាលគួរតែជ្រើសរើស និងបញ្ជូនកងទ័ពដែលមានឆន្ទៈមោះមុតពិតប្រាកដក្នុងការការពារជាតិ ឱ្យទៅទទួលការបណ្តុះបណ្តាល ដើម្បីលុបបំបាត់មតិសង្ស័យរបស់មហាជន ដែលតែងតែយល់ថា ឱកាសល្អៗនៅក្នុងជួរទ័ព ត្រូវបានផ្តល់អាទិភាពតែចំពោះកូនអ្នកមានអំណាច។ លោកបានសង្កត់ធ្ងន់ថា លុះត្រាតែយោធាកម្ពុជាមានសមត្ថភាពពិត រួមផ្សំនឹងការក្តោបក្តាប់បច្ចេកវិទ្យាទំនើបៗដោយខ្លួនឯង ទើបអាចពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើនស្មារតីសាមគ្គីភាព និងឯកភាពជាតិផ្ទៃក្នុងបានខ្ពស់។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានសម្រេចដកបម្រាមលក់អាវុធដែលបានដាក់លើកម្ពុជា តាំងពីឆ្នាំ២០២១ និងបានព្រមព្រៀងចាប់ផ្តើមធ្វើសមយុទ្ធយោធាឆ្មាំអង្គររួមគ្នាឡើងវិញ។ ទន្ទឹមនឹងនេះ ប្រទេសចិន ក៏បានបន្តប្រកាសគាំទ្រយ៉ាងមុតមាំលើវិស័យការពារជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា ជួយធ្វើទំនើបកម្ម និងរួមចំណែកការពារអធិបតេយ្យភាព ឯករាជ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់កម្ពុជា។ ជាមួយគ្នានេះ រុស្ស៊ី ក៏បានបង្ហាញបំណងចង់ជួយពង្រឹងសក្តានុពលវិស័យយោធាកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានតម្រូវការ ខណៈដែលប្រទេសឥណ្ឌា ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបណ្តុះបណ្តាលជំនាញឯកទេស និងគាំទ្រផ្នែកបច្ចេកវិទ្យាការពារជាតិដល់កងទ័ពកម្ពុជាដូចគ្នា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យក្រសួងសុខាភិបាលបង្កើនការត្រួតពិនិត្យការចរាចរថ្នាំពេទ្យ ក្រោយអាជ្ញាធរបង្រ្កាបថ្នាំពេទ្យគ្មានលិខិតអនុញ្ញាតបានជាង២ម៉ឺនប្រអប់

ថ្មីៗនេះកម្លាំងនគរបាលខេត្តកណ្ដាល បានឆ្មក់បង្ក្រាប និងឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនថ្នាំពេទ្យគ្មានលិខិតអនុញ្ញាត និងចុះបញ្ជីការត្រឹមត្រូវចំនួន…

វៀតណាម និងប្រទេសនៅអឺរ៉ុប ចំនួន៤ បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយ

ប្រទេសវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែកក្កដា ថា ភាគីទាំងពីរបានឈានដល់ការបញ្ចប់ការចរចាលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ