ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យក្រុមហ៊ុនតូយ៉ូតា ពិនិត្យលទ្ធភាពពង្រីកការវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំយានយន្ត បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើឱ្យដៃគូពាក់ព័ន្ធបណ្តាញផ្គត់ផ្គង់ និងឧស្សាហកម្មគាំទ្រនានារបស់ក្រុមហ៊ុន Toyota ឱ្យមកឈ្វេងយល់បន្ថែមពីឱកាសវិនិយោគ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ សំដៅរុញច្រានកម្ពុជាឱ្យចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល បង្កើតតម្លៃបន្ថែមក្នុងស្រុក និងការងារដែលមានគុណភាព។ ការស្នើបែបនេះរបស់ថ្នាក់ដឹកនាំ CDC ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការផ្គុំ និងដំឡើងរថយន្ត Toyota Hilux Travo ដោយស្នាដៃកូនខ្មែរនៅរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយាល់គ្រុបភ្នំពេញកាលពីថ្ងៃទី២ ខែមិថុនា ថ្មីៗនេះ។ សម្រាប់ថ្នាក់ដឹកនាំ CDC ការផ្គុំដំឡើងរថយន្តដោយវិស្វករខ្មែរជាសក្ខីភាពបង្ហាញពីសមត្ថភាពចាប់យកបច្ចេកវិទ្យាកម្រិតខ្ពស់របស់ពលរដ្ឋខ្មែរ និងជាគំរូវិនិយោគយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម អភិវឌ្ឍមូលធនមនុស្ស និងវិបុលភាពរយៈពេលវែង។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើវឌ្ឍនភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យយានយន្ត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តឆ្នាំ២០២៤-២០៣០ របស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានវាយតម្លៃថា សមិទ្ធផលនេះមិនត្រឹមតែជាការសម្ពោធរថយន្តម៉ូដែលថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែង និងទំនុកចិត្តរបស់ក្រុមហ៊ុន តូយ៉ូតា លើស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងទិសដៅអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។
គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្ត កំពុងដំណើរការចំនួន៨ទីតាំង ដែលមានសមត្ថភាពផលិតសរុបប្រមាណ ៣ម៉ឺន៨ពាន់គ្រឿងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន៣ទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងត្រៀមដំណើរការផងដែរ។ យ៉ាងណាមិញ គិតចាប់ពីបើកដំណើរការរោងចក្រក្នុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ដែលជាតួអង្គសំខាន់មួយក្នុងវិស័យយានយន្ត បានផ្គុំ និងដំឡើងរថយន្តបានចំនួនសរុប៦,២៥០គ្រឿង៕
អត្ថបទ សោម ស្រីពេជ្រ