តុលាការសិង្ហបុរី បានចេញសាលក្រមបង្គាប់ឱ្យអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសិង្ហបុរី ប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង២ពាន់លានដុល្លារអាម៉េរិកឱ្យទៅរដ្ឋ ហើយសាលក្រមទាំងនោះបានគ្របដណ្ដប់៩៨,៦% នៃទ្រព្យសម្បត្តិសរុបដែលរឹបអូសពីក្រុមជនបរទេសដែលជាប់ពាក់ព័ន្ធ។
ប៉ូលិសបានបន្ថែមទៀតថា ជនបរទេសទាំង១៥នាក់ខាងលើត្រូវបានហាមឃាត់មិនឱ្យត្រលប់ទៅប្រទេសសិង្ហបុរីវិញឡើយ ហើយសំណុំរឿងរបស់ពួកគេត្រូវបានដោះស្រាយ និងបិទបញ្ចប់ហើយនៅពេលនេះ។ ទោះជាយ៉ាងណា ការស៊ើបអង្កេតលើជនបរទេស២នាក់ទៀតកំពុងបន្តនៅឡើយ។
ករណីដែលពាក់ព័ន្ធនឹងជនបរទេសទាំង១៧នាក់ខាងលើនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតលើករណីលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេស សិង្ហបុរី។ ការស៊ើបអង្កេតបានចាប់ផ្តើមនៅឆ្នាំ២០២១ ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងសម្ងាត់ថា មានជនបរទេសមួយក្រុមប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីលាងលុយកខ្វក់នៅក្នុងប្រទេសដែនកោះដ៏តូចមួយនេះ។
ការស៊ើបអង្កេតបានឈានទៅដល់ការចាប់ខ្លួនបុរស៩នាក់ និងស្ត្រីម្នាក់ដែលមានដើមកំណើតនៅប្រទេសចិន។ ការចាប់ខ្លួនទាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់អ្នកមានរស់នៅទូទាំងប្រទេសសិង្ហបុរី កាលពីអំឡុងខែសីហា ឆ្នាំ២០២៣។
ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងនោះ អាជ្ញាធសិង្ហបុរី រឹបអូសទ្រព្យសម្បត្តិបានរាប់ពាន់លានដុល្លារអាម៉េរិក ដែលពាក់ព័ន្ធនឹងជនល្មើស និងអ្នករត់គេចខ្លួនរួមទាំងសាច់ប្រាក់ លំនៅឋានប្រណីតៗ ទំនិញប្រេនល្បីៗ រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ និងគ្រឿងស្រវឹងផងដែរ៕
ដោយ: តែម សុខុម