ការស្ទង់មតិប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអង់គ្លេស ដែលចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ធ្នូ បានបង្ហាញថា ក្រុមហ៊ុនអាជីវកម្មអង់គ្លេសជាច្រើនកំពុងពន្យារពេលការវិនិយោគថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិន ចំពេលមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏រអាក់រអួល និងការធ្លាក់ចុះចំណង់ចំណូលចិត្តរកស៊ីករបស់ពួកគេនៅប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២របស់ពិភពលោកមួយនេះ។
ឥឡូវនេះ វិនិយោគិនបរទេសហាក់ដូចជាមានភាពជូរចត់ ចំពោះប្រទេសចិនសម្រាប់មួយរយៈពេលធំនៃឆ្នាំ២០២៣ ដោយសារកត្តាមួយចំនួនដូចជាកំណើនសេដ្ឋកិច្ចមានការកើនឡើងយឺតជាងការរំពឹងទុក នៅក្រោយជំងឺរាតត្បាត ការវាយឆ្មក់របស់អាជ្ញាធរចិន ទៅលើក្រុមហ៊ុនធំៗជាបន្តបន្ទាប់ ការរឹតត្បិតប្រាក់លើកទឹកចិត្តរបស់រដ្ឋាភិបាលចិនដល់ការវិនិយោគបរទេស និងទិន្នផលវិនិយោគកើនខ្ពស់នៅសហរដ្ឋអាម៉េរិក។
លោក ជូលៀន ហ្វីស៊ឺ (Julian Fisher) ប្រធានសភាពាណិជ្ជកម្មអង់គ្លេស ប្រចាំប្រទេសចិន បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនអង់គ្លេសចំនួន៨០% បានវិនិយោគកាន់តែច្រើន ដោយសារតែសក្តានុពលទីផ្សាររបស់ចិន ប៉ុន្តែឥឡូវនេះក្រុមហ៊ុនជាច្រើនហាក់ដូចជាកំពុងឈានចូលដល់ដំណាក់កាលច្បាស់លាស់មួយ គឺមិនសូវជារំពឹងទុកច្រើនដូចមុនឡើយ។
ការរកឃើញរបស់សភាពាណិជ្ជកម្មនេះ គឺផ្អែកលើទស្សនរបស់សមាជិកក្នុងខែតុលា និងវិច្ឆិកា ដោយបង្ហាញថា ក្រុមហ៊ុន ៦០% គិតថា ការធ្វើអាជីវកម្មនៅប្រទេសចិន កាន់តែលំបាកក្នុងរយៈពេលមួយឆ្នាំមកនេះ ហើយក្រុមហ៊ុន៧៨% បានបន្ទោសទៅលើកត្តាសេដ្ឋកិច្ច។ របាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុនអង់គ្លេសមួយចំនួននៅក្នុងប្រទេសចិន កំពុងដំណើរការដោយគ្មានការរីកចម្រើន ដោយក្រុមហ៊ុនជាច្រើនបានពន្យារពេលវិនិយោគ និងការចូលទៅកាន់ទីផ្សារ។
ចំណែកក្រុមហ៊ុនជាងពាក់កណ្តាលបាននិយាយថា ភូមិសាស្ត្រនយោបាយ ក៏កំពុងបង្កការលំបាកដល់ប្រតិបត្តិការនៅក្នុងប្រទេសចិនផងដែរ ខណៈដែលក្រុមហ៊ុន៤៣% ទៀត កំពុងខំប្រឹងជម្នះបញ្ហាបទប្បញ្ញត្តិដូចជាការទិញអាជ្ញាប័ណ្ណជាដើម។
ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីប្រទេសនេះបានបោះបង់ចោលការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីចុងឆ្នាំមុន ធ្វើឱ្យចិនមានឱនភាពប្រចាំត្រីមាសដំបូងរបស់ខ្លួននៅក្នុងការវិនិយោគផ្ទាល់ពីបរទេសក្នុងខែកក្កដា ដល់ខែកញ្ញា ដែលជាការបង្ហាញពីសម្ពាធលំហូរចេញមូលធនកាន់តែខ្លាំង។
សូមរំលឹកថា ពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងចិនមានតម្លៃ១១១ពាន់លានផោន ប្រហែល១៤០ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ របស់ចក្រភពអង់គ្លេស។ នេះបើតាមការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេស៕
អត្ថបទ៖ សុខ ជា