ប្រទេសចិន-សហរដ្ឋអាមរិក

រដ្ឋមន្ត្រីការបរទេសគ្រោងនឹងធ្វើដំណើរទៅប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ទៀត


មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃអង្គារ ទី ៦ មិថុនា ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងឃិន នឹងធ្វើដំណើរទៅប្រទេសចិនដើម្បីកិច្ចពិភាក្សាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដំណើររបស់លោកត្រូវបានគ្រោងសាជាថ្មីក្រោយពេលបានលុបចោលគម្រោងមុនកាលពីខែកុម្ភៈដោយសារតែការតឹងសរសៃកដាក់គ្នាចំពោះការបាញ់ទម្លាក់បាឡុងចិនដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាយានស៊ើបការណ៍របស់ទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសគ្រោងនឹងធ្វើដំណើរទៅប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ទៀត

យ៉ាងយូរបំផុតក្នុងប៉ុន្មានអាទិត្យទៀត រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងឃិន នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពិភាក្សាជាមួយសមភាគីចិន។ នេះបើយោងតាមមន្ត្រីអាមេរិកអនាមិក ដែលបានប្រាប់ទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃអង្គារ ទី ៦ មិថុនា។ នេះជាជំហានមួយដែលគេមើលឃើញថា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ថ្មីៗនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្លាប់បានលើកឡើងថា លោកនឹងធ្វើឱ្យទំនាក់ទំនងអាមេរិកជាមួយនឹងប្រទេសចិន វិលទៅរកប្រក្រតីភាពឡើងវិញ ក្រោយពីទំនាកទំនងរវាងមហាអំណាចផុតលេខទាំងពីរបានស្គាល់ភាពល្អក់កករបំផុតក្នុងពេលជាច្រើនទសវត្សន៍មកនេះ។

យោងតាមប្រភពពីមន្ត្រីអាមេរិកដដែលនោះ គេមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនបានដឹងអំពីគម្រោងធ្វើដំណើររបស់លោក ប្លីងឃិន ទេ។ លោក វេដាន ប៉ាថេល (Vedant Patel) អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ដូចធ្លាប់បាននិយាយអ៊ីចឹង ទស្សនកិច្ចរបស់លោក ប្លីងឃិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន អាចនឹងដាក់កាលវិភាគឡើងវិញ ល្គឹកណាស្ថានការណ៍អំណោយផល។

ដោយឡែក មន្ត្រីអាមេរិក លោក ឃើត ខាំប៊ែល (Kurt Campbell) អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានប្រាប់ដោយមិនបានលើកឡើងចំៗអំពីដំណើររបស់លោក ប្លីងឃិន ថា ការទាក់ទងជាមួយទីក្រុងប៉េកាំងកំពុងមានភាពប្រសើរឡើង។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា បណ្ដាញទំនាក់ទំនងកំពុងបើកឡើងវិញ ហើយយើងនិយាយពីអ្វីដែលជាផលប្រយោជន៍ និងកង្វល់របស់យើងប្រកបដោយប្រសិទ្ធភាព បើទោះបីជាទីក្រុងវ៉ាស៊ីនតោនធ្លាប់បានទទួលបរាជ័យក្នុងការធ្វើឱ្យប្រទេសចិនយល់ព្រមលើយន្តការគ្រប់គ្រងវិបត្តិប្រកបដោយប្រសិទ្ធភាពក៏ដោយ។

លោក ខាំប៊ែល ក៏បានលើកឡើងដែរថា សកម្មរបស់ចិនគឺ«គ្រោះថ្នាក់»ដោយសារនាវាចម្បាំងរបស់ប្រទេសនេះចង់បង្អាក់ការធ្វើដំណើររបស់កងទ័ពជើងទឹកអាមេរិកជាមួយសម្ព័ន្ធមិត្តនៅច្រកសមុទ្រតៃវ៉ាន់។ លោកបន្តថា ការណ៍នេះបង្ហាញពីភាពចាំបាច់នៃការបើកបណ្តាញទាក់ទងគ្នាឡើងវិញ «ដើម្បីបង្ការកាលៈទេសៈដែលជំរុញឱ្យផលវិបាកអចេតនាឈានទៅដល់ផលវិបាកដ៏អាក្រក់»។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា វិធានការដែលធ្វើឡើងដោយយោធាចិនគឺ«សមហេតុផល ស្របច្បាប់ ព្រមទាំងប្រកបដោយវិជ្ជាជីវៈនិងសុវត្ថិភាព»៕

ជាមួយគ្នានេះ មន្ត្រីកំពូលរបស់អាមេរិកដែលជាអ្នកទទួលបន្ទុកកិច្ចការប្រចាំអាស៊ីបូព៌ា លោក ដាញែល គ្រីថេនប្រីង (Daniel Kritenbrink) បានទៅប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីចិន។ គេជឿថា ដំណើររបស់លោក គ្រីថេនប្រីង ជាការបើកផ្លូវសម្រាប់ដំណើរលោក ប្លីងឃិន ប៉ុន្តែលោក គ្រីថេនប្រីង គ្រាន់តែបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «យើងចាំមើល»។ មន្ត្រីរូបនេះបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុង«ធ្វើការយ៉ាងខ្លាំង»ដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន៕




អត្ថបទបន្ទាប់


វិស័យឯកជនសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃនឹងរក្សាគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ា

វិស័យឯកជននៅក្នុងប្រទេសថៃចង់ឲ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតកាលពីខែឧសភា បន្តគាំទ្រគម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចបូព៌ាដែលមានតម្លៃប្រមាណជា …

តើធនាគារពិភពលោកមានការព្យាករបែបណាខ្លះ ចំពោះសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ និងឆ្នាំ២០២៤?

ការព្យាករថ្មីរបស់ធនាគារពិភពលោកកាលពីថ្ងៃអង្គារទី៦មិថុនាបង្ហាញថា កំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ មានអត្រាខ្ពស់ជាងអត្រាក្នុងការព្យាករពីមុន ដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ