នៅព្រឹកថ្ងៃទី ៨ ខែកក្កដា មានកើតមានការបាញ់ប្រហារយ៉ាងរន្ធត់មួយ ទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូអាបេ នៅអំឡុងពេលដែលលោកកំពុងថ្លែងសារ ឃោសនាការបោះឆ្នោត។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងអំឡុងពេលលោក អាបេ កំពុងថ្លែងសារ ស្រាប់តែគេលឺសំឡេងស្នូរផ្ទុះកាំភ្លើងចំនួន២គ្រាប់ ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយស្រាប់តែលោក អាបេក៏បានដួលសន្លប់ស្ដូកស្ដឹងតែម្ដង បន្ទាប់មកគេក៏បានដឹងថា វាគឺជាករណីឃាតកម្មបាញ់ប្រហារ មកលើរូបលោក។ ភ្លាមៗក្រុមសង្គ្រោះ ក៏បានដឹកបញ្ជូនលោក អាបេតាមយន្ដហោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្ដែ នៅរសៀលថ្ងៃទី ៨ ខែកក្កដា គឺថ្ងៃកើតហេតុដដែលនោះ ក៏មានការរាយការណ៍ថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក លោកបានទទួលមរណៈភាពបាត់ទៅហើយ។
មន្ត្រីមកពីគណបក្សសេរីប្រជាធិបតេយ្យរបស់លោកអាបេ បាននិយាយថា អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានបាញ់ប្រហារពីខាងក្រោយខ្នង ហើយអាវុធដែលខ្មាន់កាំភ្លើងប្រើនោះជាកាំភ្លើងខ្លី។ ភ្លាមៗក្រោយកើតហេតុ មន្ត្រីប៉ូលីសនៃក្រុងណារ៉ា បានចាប់ខ្លួនបុរសជនសង្ស័យវ័យ៤១ឆ្នាំមួយរូប មានទីលំនៅក្នុងទីក្រុងដដែល ពីបទប៉ុនប៉ងមនុស្សឃាត។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ថា ជនសង្ស័យម្នាក់នោះ គឺជាអតីតសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន។
ទោះជាយ៉ាងណា គេមិនទាន់បានដឹងលម្អិតនៅឡើយទេថា តើមូលហេតុអ្វី បានជាជនសង្ស័យឈានដល់ការបាញ់ប្រហារយ៉ាងសាហាវឃោឃៅ ទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា ហេតុការលើអតីតមេដឹកនាំជប៉ុនរូបនេះ បានកើតឡើងអំឡុងពេលដែល លោកកំពុងឈរថ្លែងសារ ដើម្បីឃោសនាសម្រាប់គណបក្សសេរីប្រជាធិបតេយ្យ(LDP) នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យខាងមុខ។ យោងតាមទីស្នាក់ការកណ្តាលគណបក្ស លោក Abe គ្រោងនឹងធ្វើទស្សនកិច្ចនៅខេត្ត Nara នេះ រួចបន្តដំណើរទៅក្រុង ក្យូតូ(Kyoto) និង សៃតាម៉ា(Saitama) ដើម្បីជាការគាំទ្រដល់បេក្ខជនសភាជាន់ខ្ពស់របស់គណបក្ស។
សូមរំឭកថា លោក Abe កើតនៅឆ្នាំ ១៩៥៤ ក្នុងគ្រួសារត្រូលអ្នកនយោបាយ។ ក្នុងឆ្នាំ ២០០៦ លោក Abe បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រក្រោយសម័យសង្គ្រាមរបស់ប្រទេសជប៉ុន ក្នុងអាយុ ៥២ឆ្នាំ។ បើទោះបីជាគាត់បានលាលែងពីតំណែងនៅមួយឆ្នាំក្រោយមកក៏ដោយ លោក Abe បានត្រលប់មកកាន់អំណាចវិញកាលពីឆ្នាំ ២០១២ និងបន្តដឹកនាំប្រទេសជប៉ុនរហូតដល់ឆ្នាំ២០២០ ជាគ្រាដែលលោកបានសម្រេចចុះចេញពីដំណែងម្តងទៀតដោយសារតែបញ្ហាសុខភាព។ ការកាន់តំណែងលើកទីពីររបស់លោក Abe មានរយៈពេល ២៨២២ថ្ងៃជាប់គ្នា ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់មេដឹកនាំជប៉ុន។
នៅពេលដែលព័ត៌មានបាញ់ប្រហារលោកអាបេ បានផ្សព្វផ្សាយពាសពេញពិភពលោក មេដឹកនាំប្រទេសជាច្រើនបានចេញមកសម្តែងការសោកស្តាយជាខ្លាំង ចំពោះហេតុការណ៍នេះ។ ការណ៍នេះ ក៏ដោយសារតែលោកអាបេ ជាមេដឹកនាំគំរូម្នាក់របស់ជប៉ុន និងពិភពលោក ពិសេសក្នុងវិស័យការបរទេស។
លោកអាបេ ជាអ្នកមានគោលនយោបាយការបរទេសតឹងរ៉ឹង មានគំនិតជាតិនិយមខ្លាំង។ លោកគឺជាអ្នកមានគោលនយោបាយបែបប្រាកដនិយម ដែលចង់ពង្រឹងជំហររបស់ជប៉ុននៅលើឆាកអន្តរជាតិ ពិសេសក្នុងនាមជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី៣ពិភពលោក។
សមិទ្ធផលជាក់ស្តែងរបស់លោក អាបេ នោះគឺលោកបានដើរតួនាទីយ៉ាងសំខាន់ ហើយក៏បានទទួលជោគជ័យច្រើនផងដែរ នៅក្នុងវិស័យពាណិជ្ជកម្មសេរីអន្តរជាតិ ជាពិសេស គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថា CP TPP។ កន្លងមក ជប៉ុនមិនមែនជាប្រទេសដែលសកម្មខ្លាំងប៉ុន្មានទេ នៅក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី ប៉ុន្តែ ក្រោមការដឹកនាំរបស់លោក អាបេ ជប៉ុនបានក្លាយជាជើងឯកមួយ ដែលចេញមុខយ៉ាងសកម្ម ក្នុងការការពារវិស័យពាណិជ្ជកម្មសេរី។
ក្រៅតែពិវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម លោកអាបេ ក៏យកចិត្តទុកដាក់ខ្លាំងទាក់ទងនឹងវិស័យសន្តិសុខជាតិ។ យើងសង្កេតឃើញថា ចក្ខុវិស័យរបស់លោកអាបេ នៅក្នុងវិស័យសន្តិសុខជាតិនេះ គឺផ្តោតសំខាន់លើការពង្រឹងកម្លាំងការពារជាតិផ្ទាល់ខ្លួនឯង។ មានការបង្កើនថវិកាការពារជាតិ ដែលគិតជាសរុបកើនឡើងប្រមាណជា ១៣% ក្នុងអំឡុងពេលលោកអាបេកាន់តំណែង រួមជាមួយនឹងការទិញសព្វាវុធទំនើបៗ ដូចជា កិច្ចសន្យាទិញយន្តហោះចម្បាំងធុន F-35 ជាដើម។
លើសពីនេះទៀត លោក ស៊ីនហ្សូ អាបេ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការសន្តិសុខអន្តរជាតិដ៏សំខាន់ចំនួនពីរ។ ទីមួយគឺការពង្រឹងវេទិកាសន្តិសុខចតុភាគី ជប៉ុន-អាមេរិក-ឥណ្ឌា-អូស្រ្តាលី ដែលគេស្គាល់ថា QUAD និងការផ្តួចផ្តើមគំនិតបង្កើតយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក។
សព្វថ្ងៃគេប្រហែលជាគិតថា សហរដ្ឋអាមេរិកជាអ្នកចេញមុខចេញមាត់ច្រើនជាងគេ នៅក្នុងយុទ្ធសាស្រ្តដែលគេស្គាល់ជាទូទៅថា ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ តែតាមការពិតទៅ គោលគំនិតបង្កើតយុទ្ធសាស្ត្រដ៏ល្អនេះ ត្រូវបានលោកអាបេ ផ្តួចផ្តើមគំនិតឡើង តាំងពីពេលដែលលោកកាន់តំណែងអាណត្តិទី១ កាលពីឆ្នាំ២០០៧មកម៉្លេះ។ ហើយយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកនេះ ក៏ដូចជា វេទិកាសន្តិសុខចតុភាគីដែរ គឺសុទ្ធសឹងជាគន្លឹះសំខាន់ សម្រាប់សន្តិសុខជាតិរបស់ជប៉ុន និងសម្រាប់តំបន់ ក៏ដូចជាពិភពលោក។
សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា ក្នុងអំឡុងពេលលោក ស៊ីនហ្សូអាបេកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោកក៏មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជាផងដែរ ដែលប្រទេសទាំងពីរ គឺជាមិត្តដ៏ជិតស្និទ្ធនឹងគ្នាជាយូរមកហើយ។ លោក ស៊ីនហ្សូ អាបេក៏ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាផងដែរ កាលពីឆ្នាំ២០១៣ ដោយបានជួបពិភាក្សាការងារជាច្រើនជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយនៅឆ្នាំ២០១៩ សម្តេចតេជោ ក៏បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជួបពិភាក្សាជាមួយនឹងលោកស៊ីហ្ស៊ូអាបេនៅទីក្រុងតូក្យូផងដែរ៕