ភាពចម្រូងចម្រាស់នឹងកើតមានក្នុងកិច្ចប្រជុំ G20 ពេលរុស្សីចូលរួម

រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមកិច្ចប្រជុំ G20 ទោះបីដឹងថានឹងមានការជជែកតឹងសរសៃរកដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមអ៊ុយក្រែនក្ដី


បន្ទាប់ពីមកដល់ប្រទេសវៀតណាម ឥលូវនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើរហ្គី ឡារូវ (Sergei Lavro) បានធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះបាលី (Bali) របស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ដែលគេមើលឃើញថា នឹងក្លាយជាសង្វៀនពាក្យសម្ដី ដែលគ្របដណ្តប់ដោយភាពតានតឹងដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមរុស្សីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមកិច្ចប្រជុំ G20 ទោះបីដឹងថានឹងមានការជជែកតឹងសរសៃរកដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមអ៊ុយក្រែនក្ដី

កិច្ចប្រជុំ G20 នឹងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនឹងលើកយកពីបញ្ហាចាក់ស្រេះជាច្រើនមកដាក់លើតុ ពាក់ព័ន្ធនឹងសម្ពាធភូមិសាស្ត្រនយោបាយថ្មី និងវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីផេនី វ៉ុង (Penny Wong) បាននិយាយថា៖ «ប្រទេសអូស្ត្រាលី និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតនឹងយកកិច្ចប្រជុំ G20 ដើម្បីបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែន ដោយយើងចង់ដឹងជំហរនិងអាកប្បកិរិយារបស់ទីក្រុងម៉ូស្គូនៅពេលនេះ»។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រោងនឹងជួបពិភាក្សាជាមួយសមភាគី G20 មួយចំនួននៅក្រៅកិច្ចប្រជុំ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាលឺម៉ង់លោកស្រីអាណាលីណា ប៊ែរបុខក៍ (Annalena Baerbock) រួមទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលកិច្ចប្រជុំដាច់ដោយឡែក ជាមួយលោក Lavrov ។

មែនទែនទៅ ក្រុមប្រទេស G20 ដែលរួមមានបណ្តាប្រទេសលោកខាងលិចផងនោះ បានចោទប្រកាន់ទីក្រុងម៉ូស្គូថា បានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន និងបានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើវិមានក្រឹមឡាំង។ ក៏ប៉ុន្តែមានប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌូនេស៊ី ឥណ្ឌា និងអាហ្រ្វិកខាងត្បូងមកទល់នឹងពេលនេះនៅតែបង្ហាញពីជំហរស្ងៀមស្ងាត់ក្នុងការឆ្លើយតបរបស់ពួកគេទៅលើរុស្សី។

ដោយឡែក មន្ត្រីកំពូលមកពីចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកនាពេលកន្លងទៅបានដើរចេញពីកិច្ចប្រជុំជាមួយរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ G20 ថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមេសាកន្លងទៅ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាមានសារៈសំខាន់ក្នុងការរក្សានិងផ្តោតអារម្មណ៍ទៅលើរបៀបវារៈ ដែលឥណ្ឌូនេស៊ីបានកំណត់សម្រាប់តំណែងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នេះ ហើយ «មិនត្រូវអនុញ្ញាតឱ្យមានភាពរអាក់រអួល ឬការរំខានណាមួយចំពោះរឿងនេះឡើយ»។

ជាការពិត របៀបវារៈនៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាដេញដោលអំពីបញ្ហាខ្វះខាតថាមពល និងសន្តិសុខស្បៀងពិភពលោក ដែលប្រទេសរុស្ស៊ីត្រូវលោកខាងលិចចោទប្រកាន់ថាបានបង្កបញ្ហាទាំងអស់នេះ ក៏ដូចជាធ្វើឱ្យមានការកើនឡើងអតិផរណាកាន់ដ៏អាក្រក់ ព្រោះតែការបិទខ្ទប់ច្រកសមុទ្រក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញពីកំពង់ផែ។

ទោះជាបែបនេះក្តី រុស្ស៊ីបានអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិដោយមិនមានការរារាំងអ្វីនោះទេ ដោយគ្រាន់តែឲ្យអ៊ុយក្រែនដោះមីនឲ្យអស់នៅកំពង់ផែរបស់ខ្លួន។

មួយវិញទៀត រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រីរេតណូ មើស៊ូដី (Retno Marsudi) បានពិភាក្សាជាមួយសមភាគីចិន លោក Wang Yi អំពីភាពចាំបាច់ក្នុងការធ្វើឲ្យមានស្ថិរភាពក្នុងតំបន់ និងដោះស្រាយបញ្ហាសកលទាក់ទងនឹងជម្លោះរុស្ស៊ីនិងអ៊ុយក្រែនផងដែរ។

ក្រសួងការបរទេសឥណ្ឌូណេស៊ីរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សម្លេងជារួមនៃប្រទេសកំពុងអភិវឌ្ឍន៍គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីបញ្ឈប់សង្រ្គាម និងដើម្បីធ្វើសមាហរណកម្មឡើងវិញ ក្នុងការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន និងរុស្ស៊ីទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក»។

គួររំលឹកថា ប្រទេសឥណ្ឌូនេស៊ីបានព្យាយាមប្រើប្រាស់ជំហរអព្យាក្រឹតភាពរបស់ខ្លួនក្នុងការដោះស្រាយជម្លោះរុស្សី និងអ៊ុយក្រែន ដោយលោកប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ (Joko Widodo) បានកាលពីសប្តាហ៍មុន ដោយបានទៅបំពេញទស្សនកិច្ចនៅទីក្រុង Kyiv និងទីក្រុងម៉ូស្គូ ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែននិងរុស្ស៊ី៕




អត្ថបទបន្ទាប់


១ភាគ៥នៃការនាំចេញស្បៀងអាហារសកល ត្រូវបានរាំងខ្ទប់ ខណៈការប្រឈមនឹងវិបត្តិស្បៀងអាហារកំពុងកើនឡើង

ព័ត៌មាន
យោងតាមតួលេខចុងក្រោយបង្អស់មួយបានឱ្យដឹងថា ការរឹតបន្តឹងលើការនាំចេញស្បៀងអាហារ មានចំនួនស្ទើរតែមួយភាគប្រាំទៅហើយ នៃពាណិជ្ជកម្មស្បៀងអាហារសកល ស្…

ផាកកាហ្វេ បើកដំណើរការភោជនីយដ្ឋាននៅខេត្តកំពង់ស្ពឺ ក្រោយពេលសង្កេតឃើញមានសក្តានុពលខ្លាំងលើវិស័យចម្រុះ

ព័ត៌មាន
ខេត្តកំពង់ស្ពឺគឺជាខេត្ដដែលមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ