វិស័យពាណិជ្ជកម្ម

ហេតុអ្វីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជំរុញឱ្យអាស៊ាន ងាកទៅធ្វើពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា?


អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉េត (Mahathir Mohammad) ជំរុញឱ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ងាកទៅធ្វើពាណិជ្ជកម្មជាមួយចិន និងឥណ្ឌា ដែលជាទីផ្សារធំៗទាំងពីរនៅតំបន់អាស៊ី ដើម្បីជំនួសទីផ្សារសហរដ្ឋអាម៉េរិក។ ការជំរុញបែបនេះធ្វើឡើង វាចំពេលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន កំពុងប្រឈមនឹងវិធានការពន្ធគយរបស់អាម៉េរិក និងការផ្លាស់ប្តូររបស់ក្រុងវ៉ាស៊ីនតោន ទៅរកការការពារនិយម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន នីកេអេស៊ា នៅខាងក្រៅវេទិកាអនាគតអាស៊ី នៅទីក្រុងតូក្យូ កាលពីសប្តាហ៍មុន លោក ម៉ាហាធៀ ម៉ូហាម៉េត អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបាននិយាយថា ប្រទេសម៉ាឡេស៊ី គួរតែមានពាណិជ្ជកម្មឱ្យកាន់តែធំជាមួយនឹងប្រទេសចិន និងឥណ្ឌា ដើម្បីជំនួសការបាត់បង់ពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក។ លោក ម៉ាហាធៀ បានពន្យល់ថា បណ្តាប្រទេសនៅអាស៊ាន មានទំនាក់ទំនងល្អជាមួយចិន ព្រោះចិន ជាទីផ្សារដ៏ធំមួយសម្រាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ បានអះអាងថា ការធ្វើពាណិជ្ជកម្មរបស់អាស៊ាន ជាមួយចិន មានទំហំធំជាងទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយអាស៊ាន ក៏មានឱកាសដើម្បីកសាងពាណិជ្ជកម្មជាមួយនឹងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកបន្ថែមទៀតផងដែរ។ នៅក្នុងវេទិកាអនាគតអាស៊ី លោក ម៉ាហាធៀ មានជំនឿ​ថា ចិននឹងអាចយកឈ្នះសហរដ្ឋអាម៉េរិក ក្លាយជាប្រទេសលេចធ្លោបំផុតនៅក្នុងពិភពលោក។

អាស៊ាន បានខិតចូលកាន់តែជិតនឹងប្រទេសចិន និងតំបន់ផ្សេងទៀតដូចជា តំបន់ឈូងសមុទ្រពែក្សជាដើម ដោយភាគីទាំង៣ បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) កាលពីខែមុននៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

បើតាមទិន្នន័យពីបណ្ដារដ្ឋអាស៊ាន ទំនាក់ទំនងត្រីភាគីនេះ បានពង្រឹងរវាងតំបន់អាស៊ីអាគ្នេយ៍ និងរដ្ឋឈូងសមុទ្រពែក្ស ដោយពាណិជ្ជកម្មរបស់អាស៊ាន ជាមួយនឹងប្រទេសចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស បានកើនឡើងលើសពី៩០០ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលមានទំហំធំជាងជិតទ្វេដងនៃទំហំពាណិជ្ជកម្មចំនួន៤៥៣ពាន់លានដុល្លាររវាងប្លុកនេះជាមួយនឹងសហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ ជួយឡាវ សាងសង់ផ្លូវមួយខ្សែតម្លៃជាង១៣២លានដុល្លារ ដើម្បីភ្ជាប់ពាណិជ្ជកម្មចំនួន៤ប្រទេស

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងបង្កភាពងាយស្រួល ក៏ដូចជាសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ថៃ បានផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រទេសឡាវ…

ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ប្រទេសកាន់តែច្រើននៅអាស៊ី កំពុងពន្លឿនការធ្វើបដិដុល្លារនីយកម្ម ឬកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ