ក្រុមហ៊ុនយក្ស BYD

ស្ថាបនិកក្រុមហ៊ុនយក្ស BYD តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ


នៅពេលដែលនិយាយដល់ឈ្មោះក្រុមហ៊ុន BYD គឺមានមនុស្សជាច្រើនបានស្គាល់ច្បាស់ថា ជាម៉ាករថយន្ដអគ្គិសនីដ៏ល្បីល្បាញមួយរបស់ចិន ដែលកំពុងមានភាពជោគជ័យខ្លាំងនៅលើទីផ្សារ រហូតដល់ក្លាយជាដៃគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនអាមេរិក Tesla នាពេលបច្ចុប្បន្ន។ ប៉ុន្ដែ មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ស្ថាបនិករបស់ក្រុមហ៊ុនយក្សមួយនេះ។
ស្ថាបនិកក្រុមហ៊ុនយក្ស BYD តស៊ូពីជីវិតក្មេងកំព្រា រហូតក្លាយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ
ដោយ

តើស្ថាបនិករបស់ក្រុមហ៊ុន BYD ជានរណា?

លោកវ៉ាង ចានហ្វូ ត្រូវបានគេស្គាល់ថា គឺជាស្ថាបនិករបស់ក្រុមហ៊ុនយក្ស BYD និងស្ថិតក្នុងចំណោម​កំពូលមហាសេដ្ឋីគ្រាក់ៗរបស់ចិនផងដែរ។ ស្ថិតក្នុងវ័យ ៥៨ បច្ចុប្បន្ន លោក វ៉ាង មានទ្រព្យសម្បត្តិ​សរុបប្រហែល ១៥ពាន់លាន​ដុល្លារអាមេរិក។ ប៉ុន្ដែ ទម្រាំអាចរកឃើញភាពជោគជ័យដ៏ធំធេងនេះបាន ខ្សែជីវិត​របស់​មហាសេដ្ឋីចិនរូបនេះ មានប្រវត្តិជូរចត់ស្ទើរតែមិនគួរឲ្យជឿ។

កើតនៅឆ្នាំ១៩៦៦ លោកវ៉ាង គឺជាអតីតក្មេងកំព្រា ដែលមកពី​គ្រួសារដ៏ក្រីក្របំផុតមួយ នៅក្នុងតំបន់​ដាច់ស្រយាល នៃខេត្តអានហ៊ួយ (Anhui) ប្រទេសចិន។ ក្រោយពីឪពុកម្ដាយរបស់លោកចែកឋានទៅ លោកត្រូវបានរស់នៅជាមួយបងប្អូនបង្កើតយ៉ាងលំបាកវេទនា។ ប៉ុន្ដែ តាំងពីតូចមក លោកមិនដែល​បោះបង់ការតស៊ូ និងការសិក្សានោះឡើយ រហូតទទួលបាន​អាហារូបករណ៍សិក្សាផ្នែកមុខវិជ្ជាគីមី នៅ​សាកលវិទ្យាល័យ ខាងត្បូងភាគកណ្ដាល ឬហៅថា Central South University។

ដោយមានការតាំងចិត្ត​ និងជំនះរាល់ឧបសគ្គ​លើការរៀនសូត្រ លោកវ៉ាង បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញា​ផ្នែកបច្ចេកវិទ្យា​ថ្មអាគុយ ពីវិទ្យាស្ថាន Beijing Non-Ferrous Metal General ដែលបច្ចុប្បន្ន មានឈ្មោះថា គ្រីម គ្រុប (GRINM Group)។ ប៉ុន្មានឆ្នាំក្រោយមក លោកបានចូលបម្រើការនៅក្នុង​ស្ថាប័នរដ្ឋ​ចិន ក្នុងនាមជាអ្នកស្រាវជ្រាវ ហើយបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីក្រុងស៊ិជិនវិញ។ ទីនោះហើយ ជាពេលដែលលោក រួមជាមួយនឹងបងប្អូនជីដូនមួយម្នាក់ទៀត បានចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុនផលិតថ្មទូរសព្ទដៃ ដោយបានដាក់ឈ្មោះថា BYD ខណៈពេលនោះ លោកវ៉ាង ទើបតែមានវ័យ ២៩ឆ្នាំប៉ុណ្ណោះ។

លោកធ្លាប់បានអះអាង មែនទែនទៅ ឈ្មោះក្រុមហ៊ុន BYD នេះ ដំបូងឡើយ មិនមានពាក្យពេញ​ផ្លូវការអ្វីទេ​ ប៉ុន្ដែ ក្រោយមក ក៏ត្រូវបាន​ដាក់ឈ្មោះពេញហៅក្រៅចំនួនពីរ គឺ «Build Your Dream» ឬជាភាសាខ្មែរថា «សាងអនាគតរបស់អ្នក» និងឈ្មោះមួយទៀត គឺ «Build Your Dollars» ឬមានន័យជាភាសាខ្មែរថា «កសាងលុយដុល្លាររបស់អ្នក»។ ការចាប់ផ្ដើមក្រុមហ៊ុនរបស់លោកដំបូង គឺបានចាប់ផ្ដើមឡើង ដោយដើមទុន ៣០ម៉ឺនដុល្លារ ដែលជាលុយរបស់​បងប្អូនជីដូនមួយរបស់លោក សម្រាប់ធ្វើជាដើមទុនបង្កើតការិយាល័យ និងសាងសង់រោងចក្រ​ផលិតថ្ម​ទូរសព្ទ​។

តាំងពីចាប់ផ្ដើមក្រុមហ៊ុន BYD ដំបូង លោកវ៉ាងមានទស្សនវិស័យមួយ គឺធ្វើយ៉ាងណាផលិតផលិតផល​មានគុណភាព ជាមួយការចំណាយតិចបំផុត ហើយគោលដៅនាពេលនោះ គឺប្រកួតប្រជែង​ជាមួយ​នឹងផលិតផល​​របស់ក្រុមហ៊ុនតូយ៉ូតា, Sanyo និង Sony ជាដើម ពោលគឺធ្វើយ៉ាងឲ្យផលិតផលរបស់ BYD មានតម្លៃទាប​ជាងម៉ាករបស់ជប៉ុនទាំងនោះ។

រហូតដល់ឆ្នាំ២០០២ BYD បានគ្រប់គ្រងទីផ្សារថ្ម ដែលអាចសាក​ឡើងវិញបាន ហើយអតិថិជន​របស់ក្រុមហ៊ុននេះ រួមមាន Motorola, Nokia, Sony Ericsson និង Samsung ជាដើម។

ទោះបីជាជោគជ័យ​លើការផលិតថ្មទូរសព្ទ​នៅលើទីផ្សារក្ដី ប៉ុន្ដែ​មហិច្ឆតា​របស់​លោក វ៉ាង ចានហ្វូ មិនទាន់បញ្ចប់នោះទេ។ នៅប៉ុន្មានឆ្នាំក្រោយមក លោកបាន​ទិញយកក្រុមហ៊ុនផលិតរថយន្ដ​របស់រដ្ឋមួយ ឈ្មោះ Tsinchuan Automobile ហើយបានប្ដូរឈ្មោះទៅជា BYD Auto វិញ។ លុះក្រោយមក ក្រុមហ៊ុននេះ បានពង្រីកបុត្រសម្ព័ន្ធរបស់ខ្លួន​កាន់តែច្រើន រួមមាន BYD electronics ដែលជាក្រុមហ៊ុន​ផលិតថ្ម​ និងគ្រឿងបង្គុំទូរសព្ទជាដើម។

នៅឆ្នាំ ២០០៥ ផលិតផលរថយន្ដ ម៉ាក BYD ក៏បានចាក់កំណើតឡើងជាលើកដំបូង ជាប្រភេទរថយន្ដ​ស៊ីដាន់ (Sedan) ម៉ូដែល F3 ដែលនាពេលនោះ រថយន្ដ​នេះ មានតម្លៃថោកជាង​រថយន្ដកូរ៉ូឡា​របស់​តូយ៉ូតាទៅទៀត ហើយក៏បានក្លាយជារថយន្ដ ដែលមានការលក់ដាច់បំផុត​នៅក្នុង​ប្រទេសចិន។

ទោះយ៉ាងណា នេះមិនទាន់ជាចំណុចរបត់ធំ របស់ BYD នោះទេ! BYD បានក្លាយជាក្រុមហ៊ុនលំដាប់​ពិភពលោក គឺនៅពេលដែលលោក វ៉ាង ចានហ្វូ បានជួបជាមួយកំពូលអ្នកវិនិយោគរបស់អាមេរិក គឺលោក Warren Buffet នៅអំឡុងចុងទសវត្សរ៍ឆ្នាំ២០០០ ជាពេលដែលលោក Buffet តាមចែចូវទិញភាគហ៊ុន​របស់ BYD ម្ដងហើយម្ដងទៀត ក្រោយពីមើលឃើញសក្ដានុពលដ៏ធំធេងរបស់ក្រុមហ៊ុននេះ។

នៅទីបំផុត នៅឆ្នាំ២០០៨ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក Warren Buffet បាន​សម្រេចវិនិយោគ ២៣២ លានដុល្លារ​អាមេរិក នៅក្នុងក្រុមហ៊ុន BYD។ ការលក់ភាគហ៊ុននេះ មិនត្រឹមតែធ្វើឲ្យ BYD ប្រមូលបានដើមទុនដ៏ច្រើនលើសលុបនោះទេ ប៉ុន្ដែ ក៏បាន​ធ្វើឲ្យកេរ្ដិ៍ឈ្មោះ​របស់ក្រុមហ៊ុនចិនមួយនេះ ល្បីសុសសាយ​នៅលើឆាកជំនួញអន្តរជាតិ។ មួយឆ្នាំក្រោយមក ក្រុមហ៊ុន​ BYD បានក្លាយជាក្រុមហ៊ុនមានតម្លៃដល់ទៅ ជាង ៥ពាន់លានដុល្លារ ហើយបានធ្វើឲ្យ​លោក វ៉ាង ចានហ្វូ​ ជាប់ឈ្មោះក្នុងបញ្ជីឈ្មោះកំពូលមហាសេដ្ឋីចិន​នៅក្នុង​ទស្សនាវដ្ដី Forbes ជាលើកដំបូងផងដែរ។

គិតមកទល់បច្ចុប្បន្ន BYD បានក្លាយជាក្រុមហ៊ុនផលិត​រថយន្ដអគ្គិសនីដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានតម្លៃសរុប ៧៨ពាន់លានដុល្លារ និងជាគូប្រជែងដ៏ស្វិតស្វាញរបស់​ក្រុមហ៊ុនអាមេរិក Tesla របស់​មហាសេដ្ឋី Elon Musk។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មាន​ផែនការ​ពង្រីករោងចក្រ​របស់ខ្លួន​ទៅក្នុងទីផ្សារអឺរ៉ុប ដោយរំពឹងថា នឹងអាចដណ្ដើមបានទីផ្សារ ១០% នៅក្នុងចំណែក​ទីផ្សារ​រថយន្ដអគ្គិស​នីសកលលោក៕

ប្រភព៖ Business Insider

None



អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជា គ្រោងចាប់ដៃជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងការទូទាត់

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឥណ្ឌូណេស៊ី នឹងគ្រោងចុះអនុស្សរណៈយោគយល់គ្នាទ្វេភាគីនៅក្នុងឆ្…

សហគ្រិនខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគម និងអង្គការចំនួន៣ លើគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ