គម្រោងវិនិយោគ

IMF ព្យាករថា កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់ជាងគេក្នុងឆ្នាំ២០២៤


កម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា មានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សកំពូលទាំង១០ នៅលើពិភពលោកក្នុងឆ្នាំ២០២៤។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កម្ពុជាត្រូវបាន IMF ព្យាករថា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច និងរំហូរទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំងនេះនៅឆ្នាំ២០២៤។
គម្រោងវិនិយោគ
ដោយ

ការរំពឹងមានកំណើនខ្ពស់ផ្នែកវិនិយោគរហូតដល់៣៩៣% របស់កម្ពុជា ត្រូវបាន IMF អះអាងថា គឺដោយសារកម្ពុជា បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

កម្ពុជា បានឈរកំពូលតារាងក្នុងបញ្ជីឈ្មោះប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សទាំង១០របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំឆ្នាំ២០២៤។ ក្នុងនោះ IMF បានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចនាំមុខគេក្នុងរង្វង់៦,១% ពីមូលដ្ឋានកំណើនសេដ្ឋកិច្ច៥,៦% ក្នុងឆ្នាំ២០២៣ និងមានកំណើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI)ខ្ពស់ជាងគេរហូតដល់៣៩៣% ដែលតាមពីក្រោយដោយហ្វីលីពីន ដោយរំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៩%, កេនយ៉ា៥,៣% និងអ៊ីរ៉ាក់២,៩%។

តាមរយៈលទ្ធផលកំណើននេះ បានបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានស្ថាប័ន IMF វាយតម្លៃថា គឺដោយសារកម្ពុជា បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុ បានចាត់ទុកការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា ប្រសិនបើកម្ពុជាអាចសម្រេចបានដូចអ្វីដែល IMF ព្យាករនេះមែន នោះលោកជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានភាពប្រសើរឡើងចាប់ពីឆ្នាំ២០២៥ តទៅ។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា តាមការគណនា និងការប៉ាន់ស្មាន គឺសេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនជាបន្តបន្ទាប់ ខណៈកំណើនខ្លះ ក៏មានការប្រែប្រួលទៅតាមវិស័យនីមួយៗដែរ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅពេលណាដែលសេដ្ឋកិច្ចមានវិបត្តិ គឺការលក់រាយមិនទាន់មានបញ្ហាវិបត្តិភា្លមៗនោះទេ ប៉ុន្តែវានឹងកើតមានឡើងនៅពេលក្រោយ។ ទន្ទឹមនេះ នៅពេលណាដែលសេដ្ឋកិច្ចងើបឡើងមកវិញ ក៏វិស័យលក់រាយមិនទាន់ងើបឡើងមកវិញភ្លាមៗនោះដែរ ដែលទាំងនេះ គឺជាមូលហេតុដែលពលរដ្ឋមួយចំនួនពុំទាន់អាចរកចំណូលបានដូចពីមុន។

​គួរបញ្ជាក់ថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សកំពូលទាំង១០ប្រចាំឆ្នាំ២០២៤ រួមមានកម្ពុជា ហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីប៊ី កាហ្សាក់ស្ថាន អាហ្ស៊ែរបៃហ្សង់ ម៉ារ៉ុក ស៊ែរប៊ី និងឥណ្ឌា។ បើតាមទិន្ន័យរបស់ IMF ការរីកចម្រើនផ្នែកវិនិយោគខ្លាំងបំផុតរបស់កម្ពុជានាឆ្នាំនេះ ក៏ដោយសារតែកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមលុបចោលការរឹតបន្តឹងការធ្វើដំណើរទាក់ទងនឹងជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងវិនិយោគថ្មីជាង១០០គម្រោង ជាមួយទុនវិនិយោគជាង២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោង ដែលមានទុនវិនិ…

ក្រុមហ៊ុន Samsung រំពឹងប្រាក់ចំណេញខ្លួនកើនឡើង១០ដង នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics នៅថ្ងៃសុក្រនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រត្តិបត្តិការរបស់ខ្លួននឹងកើនឡើងជាង១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ