រដ្ឋាភិបាលនៃប្រទេសជាច្រើន រួមទាំងធនាគារកណ្តាលរបស់ពួកគេ កំពុងសិក្សាបន្ថែមពី ការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ដែលជាទម្រង់ឌីជីថលនៃរូបិយប័ណ្ណដែលមានស្រាប់។
តួយ៉ាងប្រទេសមួយចំនួន ដូចជា ប្រទេសចិន ក៏កំពុងដំណើរការសាកល្បង រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ជាប្រភេទផ្តោតទៅលើការចាយរាយ ដើម្បីចម្លងសាច់ប្រាក់នៅក្នុងលំហូរសេដ្ឋកិច្ច ខណៈ បណ្តាប្រទេសដទៃទៀត កំពុងពិចារណាប្រើប្រាស់ ប្រភេទផ្តោតទៅលើការចាយដុំ ដើម្បីកែលម្អដំណើរការផ្ទៃក្នុងនៃ ប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ។
គម្រោងជាច្រើន គឺស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ និងផ្តោតទៅលើតែសេដ្ឋកិច្ចក្នុងស្រុក តែសម្រាប់ការអភិវឌ្ឍន៍ ច្បាប់ និងក្របខណ្ឌពិភពលោក សម្រាប់ដំណើរការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល នៅជុំវិញសកលលោក គឺមានបច្ចេកទេសស្មុគស្មាញណាស់ និងជាពិសេសពាក់ព័ន្ធទៅនឹងនយោបាយ។
ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank of International Settlement) គឺជាអ្នកដឹកនាំគម្រោងនេះ ដែលមានបំណងអភិវឌ្ឍន៍គំរូដំបូងនៃ វេទិការួមគ្នាសម្រាប់ការទូទាត់ឆ្លងព្រំដែន ដោយប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ប្រភេទផ្សេងៗគ្នា។
វេទិកានេះ នឹងអនុញ្ញាតឲ្យ ស្ថាប័នហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយផ្ទាល់ជាមួយគ្នា នៅក្នុង រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល ដែលអាចលុបបំបាត់នូវ តម្រូវការអន្តរការី និងកាត់បន្ថយចំណាយ និងពេលវេលានៃការធ្វើប្រតិបត្តិការ។
យ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះ នឹងសិក្សាបន្ថែមពី បច្ចេកទេស អភិបាលកិច្ច និងការរចនាប្រតិបត្តិការ។
សូមជម្រាបដែរថា គម្រោងផ្សេងទៀតដែលដឹកនាំដោយ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ ក្នុងការប្រើប្រាស់ រូបិយប័ណ្ណឌីជីថលធនាគារកណ្តាល សម្រាប់ការទូទាត់ឆ្លងព្រំដែន ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដែលមានធនាគារកណ្តាលនៃប្រទេសចិន ហុងកុង ថៃ និងអារ៉ាប់រួម៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍