សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ

នាយករដ្ឋមន្ត្រីចិន៖ សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ ប៉ុន្ដែមូលដ្ឋានគ្រឹះនៅមិនទាន់រឹងមាំ


នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ ប៉ុន្តែមូលដ្ឋានគ្រឹះនៃការងើបឡើងវិញនោះ នៅមិនទាន់មានភាពរឹងមាំនៅឡើយទេ ខណៈរដ្ឋាភិបាលត្រូវការខិតខំប្រឹងប្រែងដើម្បីពង្រឹងលើផ្នែកជាច្រើនបន្ថែមទៀត បន្ទាប់ពីមានការបន្ធូបន្ថយនៃវិធានការកូវីត ១៩។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
លោក លី ខឺឈាង

ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​បាន​ចាប់ផ្តើម​ការ​ស្ទុះ​ងើបឡើង​វិញ បន្ទាប់​ពី​ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​បិទ​ខ្ទប់​យ៉ាង​តឹង​រឹង​នៃ​វិធានការ​កូ​វី​ដ​១៩​ចាប់តាំងពី​ត្រីមាស​ទី ២​មក​។

នាយក​រដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាង បាន​និយាយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​ទីក្រុង​ប៉េ​កាំ​ង​កំពុង​ងើបឡើង​វិញ ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​មិន​មាន​ភាព​ស្ថិត​ស្ថិរ​នោះ​ទេ ខណៈ​ប្រទេស​ចិន​ចាំបាច់​ណាស់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ឡើង​វិញ​។

នាយក​រដ្ឋមន្ត្រី​ចិន​ដដែល​នេះ បាន​និយាយ​ទៀត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​មន្ត្រី​ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន ក្នុង​ការ​រក្សា​សេដ្ឋកិច្ច​ឱ្យ​ដំណើរការ​ក្នុង​រង្វង់​ដែល​អាច​ទទួលយក​បាន​។

នាយក​រដ្ឋមន្ត្រី​ចិន​រូប​នេះ បាន​និយាយ​ថា ទីក្រុង​សៀង​ហៃ និង​ខេត្ត​ចំនួន​បួន​ផ្សេង​ទៀត នៃ​ទីក្រុង​ប៉េ​កាំ​ង មាន​ចំណែក​ជាង​មួយ​ភាគ​បី​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ទេរ​ប្រាក់​របស់​រដ្ឋាភិបាល​កណ្តាល​ទៅ​កាន់​តំបន់​ក្រីក្រ​។ ក្នុង​នោះ លោក ខឺ​ឈាង បាន​និយាយ​ថា តំបន់​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ច្រើន​ជាងគេ​របស់​ប្រទេស​នេះ​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ស្រូប​យក​ពលករ​ចំណាកស្រុក និង​ជួយ​ឱ្យ​ប្រជាជន​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ផង​ដែរ​។

លោក លី ខឺ​ឈាង បាន​គូសបញ្ជាក់​ថា ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​កំណែទម្រង់ និង កែ​លម្អ​បរិយាកាស​ធុរកិច្ច ហើយនឹង​បន្ត​បើក​ទូលាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាងក្រៅ​មិន​ថា ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​យ៉ាងណា​នោះ​ទេ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​ចុង​ក្រោយ​មួយ លើ​សេដ្ឋវិទូ​ជា​ច្រើន​របស់​សារព័ត៌មាន​ជប៉ុន Nikkei បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​មហា​យក្ស​ចិន​នៅ​ឆ្នាំ​២០២២​នេះ នឹង​មានការ​ថយ​ចុះ​មក​នៅ​ត្រឹម​កំណើន​៤,១% ប៉ុណ្ណោះ គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​នាំ​ឲ្យ​មានការ​បិទ​ខ្ទប់​ក្នុង​រយៈពេល​យូរ​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ទាំងមូល​ជួប​ផល​រំខាន និង​បាន​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ផង​ដែរ​៕




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចអង់គ្លេសនឹងទៅជាយ៉ាងណាក្រោយពេលលោក បូរីស ចនសុន លាលែងពីតំណែងនាយករដ្ឋមន្ត្រី?

ព័ត៌មាន
ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើឱ្យមានស្រពិចស្រពិលកាន់តែខ្លាំងឡើងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដែលមានកា…

ក្រសួងប្រៃសណីយ៍ប្តេជ្ញាលុបបំបាត់ភាពអសកម្មក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្តេជ្ញាលុបបំបាត់ភាពអសកម្ម និងចំណុចអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់ និងបទដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ