ជាមួយគ្នានេះ ប្រភពព័ត៌មានពីតៃវ៉ាន់បានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ Foxconn ក៏មានគោលដៅសម្រេចឲ្យបានប្រាក់ចំណូល១០ពាន់លានដុល្លារ និងបង្កើតការងារថ្មីៗនៅវៀតណាមឲ្យបានដល់១ម៉ឺនកន្លែងនៅក្នុងឆ្នាំ២០២១នេះផងដែរ។
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Foxconn បានវិនិយោគ១ពាន់៥រយលានដុល្លារអាមេរិករួចហើយនៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះ មាន៩០០លានដុល្លារបានវិនិយោគនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាម។
កាលពីខែមករាកន្លងទៅ ក្រុមហ៊ុននេះ ក៏បានទទួលអាជ្ញាបណ្ណសាងសង់រោងចក្រតម្លៃ២៧០លានដុល្លារ ដើម្បីផលិតកុំព្យូទ័រ និងថេបប្លេតនៅវៀតណាមផងដែរ ដោយរោងចក្រនេះ មានសមត្ថភាពផលិតកុំព្យូទ័របាន៨លានគ្រឿងក្នុងមួយឆ្នាំ រួមទាំង iPad និង MacBooks សម្រាប់ផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Apple ខណៈដែល Apple កំពុងមានបំណងនឹងរើផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Foxconn មានប្រាក់ចំណូលដល់ទៅ ៨ពាន់លានដុល្លារ ហើយក្រុមហ៊ុនដែលជាដៃគូផ្គត់ផ្គត់ដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple មួយនេះ ក៏មានគោលដៅពង្រីកប្រាក់ចំណូលឲ្យបានដល់៤០ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ទៅ ៥ឆ្នាំខាងមុខនេះ៕