ទោះយ៉ាងណា បើតាមការអះអាងពីអ្នកជំនាញ ការទិញ Franchise ពីអ្នកនាំចូលផ្ដាច់មុខ (Master Franchisee) ដើម្បីយកមកបើកលក់បន្តនៅកម្ពុជានេះ គឺទាមទារឲ្យមានការសិក្សាឲ្យបានជាក់លាក់ជាមុនសិន បើមិនចង់ខាតបង់ធ្ងន់ធ្ងរ។
លោក គួច សុខលី នាយកប្រតិបត្តិក្រុមហ៊ុន CBM Corporation ដែលបាននាំចូលម៉ាកភោជនីយដ្ឋាន ៥ម៉ាកផ្សេងគ្នា មកពីក្រៅប្រទេស បានលើកឡើងថា ការទិញ Franchise ពីម្ចាស់ដើមអាជីវកម្ម (Franchisor) ឬអ្នកចូលផ្ដាច់មុខ (Master Franchisor) ដើម្បីយកមកបើកលក់បន្ត គឺមិនមែនមានន័យថា ទិញមកហើយដឹងតែអាចរកប្រាក់ចំណេញបានមកវិញបានភ្លាមៗ ឬសុទ្ធតែអាចទទួលបានជោគជ័យគ្រប់អាជីវកម្ម Franchise នោះទេ ព្រោះដើម្បីអាចជ្រើសរើសម៉ាកអាជីវកម្ម Franchise បានល្អ និងអាចជោគជ័យលើទីផ្សារ វាចាំបាច់ត្រូវមានការសិក្សាពីលក្ខណសម្បត្តិអាជីវកម្ម តម្រូវការទីផ្សារនិងសមត្ថភាពរបស់ក្រុមហ៊ុនដែលបាននាំចូល Franchise នោះ ឲ្យបានត្រឹមត្រូវជាមុនសិន។
លោក គួច សុខលី បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចង់ទិញ Franchise យកទៅបើកអាជីវកម្មបន្ត ពួកគាត់ត្រូវស្វែងយល់ឲ្យច្បាស់ពីម៉ាកអាជីវកម្មនោះ ឲ្យបានច្បាស់លាស់ និងត្រូវប្រាកដថា ម៉ាកនោះគឺជាតម្រូវការរបស់អ្នកប្រើប្រាស់យូរអង្វែង។
មួយវិញទៀត អ្នកក៏ត្រូវដឹងដែរថា តើអ្នកដែលគាត់ប្រតិបត្តិ ឬក្រុមហ៊ុនដែលនាំចូលអាជីវកម្ម Franchise នោះ គាត់ជានរណា? មានសមត្ថភាព និងបទពិសោធន៍កម្រិតណាក្នុងការប្រតិបត្តិអាជីវកម្ម? ហើយអ្នកប្រតិបត្តិអាជីវកម្ម ឬក្រុមហ៊ុននាំចូល Franchise នោះ នឹងជួយទំនុកបម្រុងអ្វីខ្លះដល់អ្នកដែលទិញសិទ្ធិយកទៅបើកលក់បន្ត? ទាំងអស់នេះ គឺជាសំណួរមួយដែលអ្នកត្រូវស្វែងរកចម្លើយ ឲ្យបានមុននឹងសម្រេចចិត្តទិញ Franchise។
មូលហេតុដែលអ្នកត្រូវសិក្សាលម្អិតពីសមត្ថភាព និងការផ្ដល់ជូនរបស់ម្ចាស់ដើមអាជីវកម្ម (Franchisor) ឬក្រុមហ៊ុនដែលនាំចូលមកផ្ដាច់មុខ (Master Franchisee) គឺដោយសារតែការទិញត ដើម្បីបើកអាជីវកម្ម ឬហៅថា ទិញជា Sub-Franchisee នេះ នៅពេលដែលអ្នកទិញរួច អ្នកនឹងត្រូវប្រតិបត្តិអាជីវកម្មនោះ ទៅតាមគោលការណ៍ និងគម្រោងផែនការរបស់ម្ចាស់ដើម ឬក្រុមហ៊ុនដែលនាំចូលផ្ដាច់មុខនោះ ពោលគឺមិនមានសិទ្ធិធ្វើអ្វីតាមដែលខ្លួនចង់ធ្វើនោះឡើយ (ប្រសិនបើគ្មានការអនុញ្ញាត) ដូចជាការធ្វើការផ្សព្វផ្សាយ និងការបន្ថែមមុខផលិត ឬសេវាកម្មជាដើម។
សូមបញ្ជាក់ដែរថា បើតាមអ្នកជំនាញក្នុងវិស័យនេះ ធ្លាប់បានអះអាងថា បច្ចុប្បន្នមានក្រុមហ៊ុនមិនតិចជាង១០ក្រុមហ៊ុននោះទេ ដែលបាននាំចូលនិងកំពុងប្រតិបត្តិអាជីវកម្ម Franchise នៅកម្ពុជា។
ហើយលំហូរនៃការនាំចូលអាជីវកម្ម Franchise ពីក្រៅប្រទេសនេះទៀតសោត ក៏ជាការឆ្លុះបង្ហាញឲ្យឃើញពីអំណាចនៃការទិញរបស់ប្រជាជន និងភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លំហូរចូលនៃអាជីវកម្ម Franchise ក៏បានផ្ដល់ការងារ និងជំនាញបច្ចេកទេសជាច្រើនសម្រាប់ប្រជាជន ក៏ដូចជាសហគ្រិនក្នុងស្រុកផងដែរ៕