យីហោ​កាហ្វេ​បរទេស​សម្រុក​ចូល​ស្រុក​ខ្មែរ!

កាហ្វេ Franchise ពី​ថៃ បុក​ចូល​ទីផ្សារ​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់


នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និន្នាការ​នៃ​ការ​ទិញ​សិទ្ធិ​ធុរកិច្ច​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើង​​គួរ​​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា ពិសេស នៅក្នុង​វិស័យ​ម្ហូប​អាហារ និង​ភេសជ្ជៈ​តែ​ម្ដង។
ហាងកាហ្វេ​តម្រៀប​ជួរ​គ្នា​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាព៖​ ហេង ភារម្យ
ដោយ

ហាង​កាហ្វេ​យីហោ Franchise ពី​ប្រទេស​ថៃ​ជា​ច្រើន បាន​និង​កំពុង​ចូល​មក​ឈរ​ជើង និង​លក់​សិទ្ធិ​ធុរកិច្ច​បន្ត​នៅ​កម្ពុជា​យ៉ាង​ផុសផុល​ដូច​ផ្សិត ខណៈ​ដែល​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ បាន​អះអាង​ថា បច្ចុប្បន្ន មាន​យីហោ​ហាង​​កាហ្វេ Franchise ពី​​ប្រទេស​​ថៃ ប្រមាណ​​១០​យីហោ​ផ្សេង​គ្នា​ហើយ បាន​និង​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាង​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន RCG Retail Cambodia បាន​លើក​ឡើង​ថា បច្ចុប្បន្ន អាជីវកម្ម​យីហោ Franchise ពី​ប្រទេស​ថៃ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា គឺ​មាន​មិន​តិច​នោះ​ទេ ក្នុង​នោះ ភាគ​ច្រើន​បំផុត គឺ​ហាង​កាហ្វេ​តែ​ម្ដង ដែល​តាម​ការ​សន្និដ្ឋាន​របស់​លោកស្រី ជីរ៉ាណាន់ មាន​ហាង​កាហ្វេ​ពី​ប្រទេស​ថៃ​ប្រមាណ​១០​យីហោ​ហើយ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា។ 

លោកស្រី​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន ហាង​កាងហ្វេ Franchise ពី​ប្រទេស​ថៃ​ដែល​បាន​ចូល​មក​កាន់​កម្ពុជា មាន​តែ​២​យីហោ​ប៉ុណ្ណោះ គឺ Amazon និង Inthanin ដែល​ជា​យីហោ​មួយ​មាន​ក្រុមហ៊ុន​មេ​គ្រប់គ្រង​ច្បាស់​លាស់ និង​ក្រៅ​ពីនោះ គ្រាន់​តែ​ជា​យីហោ​ហាង​កាហ្វេ ដែល​ក្រុមហ៊ុន​ឯកជន​យក​មក​​បើក​និង​លក់ Franchise បន្ត​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោកស្រី​បន្ថែម​ថា ភាព​ស៊ីវិល័យ​និង​ការ​ចង់​សាក​នូវ​អ្វី​ដែល​ថ្មី ឬ​គេ​និយម​និយាយ​ថា ចូលចិត្ត​អ្វី​ប្រ៊ែនៗ ពី​យុវវ័យ​សម័យ​ថ្មី បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​នៅ​លើ​ទីផ្សារ ត្រូវ​ធ្វើ​ពិពិធ​កម្ម​ទៅ​តាម​តម្រូវការ​ទីផ្សារ​ផង​ដែរ។

បើតាម​ការ​គូស​បញ្ជាក់​ពី​លោកស្រី ជីរ៉ាណាន់ វង្សមង្គល ហាង​កាហ្វេ​ពី​ប្រទេស Inthanin ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា នឹង​ក្លាយ​ជា​ដៃគូ​ប្រជែង​ដ៏​ធំ​របស់ កាហ្វេ Amazon មួយ​នេះ ទើប​តែ​មាន​២​សាខា​ប៉ុណ្ណោះ នៅ​កម្ពុជា និង​គ្រោង​ពង្រីក​ខ្លួន​ឲ្យ​បាន​ប្រមាណ​១០០​សាខា​នៅ​កម្ពុជា ខណៈ​ដែល​នៅ​ក្នុង​មួយ​ឆ្នាំ​ដំបូង​នេះ ក្រុមហ៊ុន​សង្ឃឹម​ថា នឹង​លក់ Franchise បន្ត​ទៅ​កាន់​សហគ្រិន​កម្ពុជា​ឲ្យ​បាន ២០​សាខា។ 

យ៉ាងណា​ក៏​ដោយ​ចុះ បើតាម​ការ​លើក​ឡើង​ពី​តំណាង​ក្រុមហ៊ុន Bangchak ដែល​ជា​ក្រុមហ៊ុន​មេ​របស់​យីហោ​ហាង​កាហ្វេ Inthanin បាន​ឲ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​នេះ ខ្លួន​តម្រូវ​ឲ្យ​ក្រុមហ៊ុន RGC Retail Cambodia ដែល​ជា​តំណាង​លក់​នៅ​កម្ពុជា (Master Franchisee) បើក​ខ្លួន​ឯង​ឲ្យ​បាន​១០​សាខា​សិន ទើប​អាច​មាន​សិទ្ធិ​លក់ Franchsie បន្ត​បាន។ 

រីឯ​តម្លៃ Franchise Fee វិញ គឺ ១២.៥០០​ដុល្លារ​អាមេរិក រួម​ជាមួយ​នឹង​ការ​ចំណាយ​ផ្សេង​ទៀតៗ ពោល​គឺ​ដើម្បី​អាច​បើក​ហាង​បាន​១ ក៏​ត្រូវ​ចំណាយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ ខណៈ​ការ​បង់​ផល​កម្រៃ​ទៅ​ឲ្យ Master Franchisee មាន ៣% នៃ​ចំណូល​លក់​សម្រាប់ Royalty fee  និង ៣% នៃ​ចំណូល​លក់​ផ្សេង​ទៀត សម្រាប់​សេវា​ម៉ាឃីតធីង និង​ចំណាយ ៣០០​ដុល្លារ​សម្រាប់​ការ​ជួល ROS ក្នុង​ប្រតិបត្តិការ​លក់ និង​កុងត្រា​មាន​រយៈពេល​១០​ឆ្នាំ។ 

យ៉ាងណាក៏ដោយចុះ វត្តមានរបស់កាហ្វេ Inthanin នៅកម្ពុជានេះ គឺជាការពង្រីកសាខាក្រៅប្រទេសដំបូងគេហើយរបស់យីហោកាហ្វថៃមួយនេះ ខណៈដែលសាខាក្រៅប្រទេសបន្ទាប់នឹងចូលទៅប្រទេសឡាវ។

ដោយឡែក កាហ្វេ Amazon ដែល​បាន​ចូល​មក​កាន់​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៣​នោះ បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ប្រមាណ​៧៣​សាខា​ហើយ ក្នុង​នោះ រាជ​ធានី​ភ្នំពេញ​មាន​៦៣​សាខា។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ហាង​កាហ្វេ Amazon។ 

បន្ទាប់ពីបើក​ក្នុង​រយៈពេល​១០ កាហ្វេ​បរទេស​ដែល​កំពុង​វាយ​លុក​ទីផ្សារ​កម្ពុជា​យ៉ាង​ផុសផុល​មួយ​នេះ នឹង​ពង្រីក​ឲ្យ​បាន​២០០​សាខា​នៅ​កម្ពុជា ខណៈ​ដែល​តម្លៃ Franchise Fee (មិន​ទាន់​រាប់​បញ្ចូល​ការ​ចំណាយ​លើ​ឧបករណ៍ និង​រៀបចំ​ហាង) មាន​១៣០០០​ដុល្លារ។

តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ការ​កត់ត្រា​អាជ្ញាប័ណ្ណ ឬ Franchise មាន​ការ​កើន​ឡើង​រហូត​ដល់ ៦៤​យីហោ Franchise ពោល​គឺ​បាន​កើន​ឡើង​ជាង​១០០% បើ​ធៀ​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹម​តែ ៣១ យីហោ Franchise ប៉ុណ្ណោះ។

សូម​ជម្រាប​ដែរ​ថា បើ​តាម​ម្ចាស់​ហាង​កាហ្វេ​ក្នុង​ស្រុក ធ្លាប់​បាន​លើក​ឡើង​ថា ការ​នាំចូល Franchise ហាង​កាហ្វេ​ពី​ក្រៅប្រទេស​មក​លក់​នៅ​ក្នុង​ស្រុក ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហាង​កាហ្វេ​ក្នុង​ស្រុក​ដែរ ដូចជា ចំណែក​ទីផ្សារ​ត្រូវ​បាន​បែងចែក ខណៈ​ហាង​កាហ្វេ Franchise ទាំង​នោះ ភាគច្រើន​មាន​ធនធាន​និង​ប្រព័ន្ធ​គ្រប់គ្រង​រឹង​មាំ ព្រម​ជាមួយ​នឹង​ឥទ្ធិពល​យីហោ​មាន​ស្រាប់​ជាដើម។

ទោះយ៉ាងណា បើតាមការអះអាងពីអ្នកជំនាញក្នុងវិស័យនេះ ការទិញ Franchise បន្ត គឺមិនមែនមានន័យថា ទិញមកហើយដឹងតែអាចរកប្រាក់ចំណេញបានមកវិញបានភ្លាមៗនោះទេ ប៉ុន្ដែ វា​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ពី​លក្ខណ​សម្បត្តិ​អាជីវកម្ម កេរ្ដិ៍​ឈ្មោះ​នៃ​យីហោ តម្រូវការ​ទីផ្សារ​និង​សមត្ថភាព​របស់​ក្រុមហ៊ុន​ដែល​បាន​នាំចូល Franchise នោះ ឲ្យ​បាន​ជាក់លាក់​ជាមុន​សិន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា

ព័ត៌មាន
ចូល​មក​ដល់​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​អភិវឌ្ឍន៍​របស់​ខ្លួន​កាន់​…

ទីក្រុង​រណប ING City របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់​ផ្ដើម​មាន​សន្ទុះ​អភិវឌ្ឍន៍​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ!

ព័ត៌មាន
ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ ការ​អភិវឌ្ឍ​សំណង់​នានា​ឲ្យ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ