អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពុំអាចមើលដឹងមុនបានទេថា គម្រោងវិនិយោគណាមួយជាគម្រោងបោ.កប្រា.ស់ឱ្យពិតប្រាកដនោះទេ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ករណីបោ.កប្រា.ស់ ដែលបានកើតឡើងកន្លងមកភាគច្រើនកើតឡើងក្រោយវិបត្តិសកលបានធ្វើឱ្យគម្រោងវិនិយោគលើអចលនទ្រព្យមួយចំនួនរងផលប៉ះពាល់ និងជាប់គាំង ដែលធ្វើឱ្យម្ចាស់គម្រោងខ្លះចាប់ផ្ដើមមានបញ្ហាជាមួយអតិថិជន។ តែយ៉ាងណាអ្នកឧកញ៉ា លឹម ហេង យល់ឃើញថា រាជរដ្ឋាភិបាលគួរតម្រូវឱ្យគម្រោងអចលនទ្រព្យត្រូវការសាងសង់ឱ្យបានរួចរាល់ជាមុនសិន មុនអនុញ្ញាតឱ្យបើកលក់ បើពុំដូច្នេះទេ បញ្ហា និងហានិភ័យក្នុងវិស័យនេះនៅតែអាចកើតមានឡើង។
យ៉ាងណាមិញអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រូបនេះ យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចគួរបើកការស៊ើបអង្កេតភ្លាមៗក្រោយទទួលបានដំណឹងពីបាតុភាពនៃករណីឆបោកណាមួយកើតឡើង ដោយមិនត្រូវរង់ចាំរហូតមានពាក្យបណ្តឹងពីជនរងគ្រោះ ទើបចាត់ការតាមក្រោយនោះទេ ព្រោះអ្វីៗវាអាចហួសពេល។ សម្រាប់អ្នកឧកញ៉ា លឹម ហេង ការកើតមានបាតុភាពឆបោកក្រោមរូបភាពវិនិយោគច្រើន វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជនរងគ្រោះប៉ុណ្ណោះ ថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់វិនិយោគិន សេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគិនបរទេសផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ថា មានពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក្នុងនោះក៏មានអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ដែលបានខាតបង់ថវិកាដោយសារការឆបោកតាមរយៈការវិនិយោគលើជំនួញអចលនវត្ថុ និងតាមរូបភាពផ្សេងៗ។ ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញរូបនេះ យល់ឃើញថា រាជរដ្ឋាភិបាលគួរដាក់ចេញនូវវិធានការឱ្យបានស៊ីជម្រៅ ដើម្បីទប់ស្កាត់កុំឱ្យមានករណីបែបនេះ កើតមានឡើងជាបន្តទៀត តាមរយៈការបើកការស៊ើបអង្កេត និងចាប់ខ្លួនជនឆបោកទាំងនោះយកមកផ្ដន្ទាទោស និងរឹបអូសទ្រព្យសម្បត្តិតាមនីតិវិធីច្បាប់ជាធមាន។
សកម្មភាពឆបោកតាមរយៈការវិនិយោគក្រោមរូបភាពនានា ត្រូវបានលោកបណ្ឌិត គិន ភា លើកឡើងថា មិនត្រឹមតែអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏អាចបង្កជាវិបត្តិសង្គម ដោយសារតែមនុស្សលែងទុកចិត្តគ្នា លែងមានសីលធម៌ និងវិបត្តិធនាគារធ្ងន់ធ្ងរទៅថ្ងៃអនាគតផងដែរ។ ទន្ទឹមនេះ ប្រសិនបើកើតមានវិបត្តិហិរញ្ញវត្ថុមែននោះ វាអាចបង្កឱ្យកើតមានភាពចលាចលសង្គម ដែលពិបាកក្នុងការគ្រប់គ្រង៕
អត្ថបទ៖ បូ ដូឡា