ប្រទេសបារាំង

ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស ប្រឆាំងនឹងរដ្ឋាភិបាលដែលបណ្ដោយឲ្យទំនិញឡើងថ្លៃឥតឈប់ឈរ


មនុស្សរាប់ពាន់នាក់បានចេញដើរតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែតុលា ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញជាបន្តបន្ទាប់ ដោយមិនមានវិធានការដោះស្រាយបានសមស្របពីខាងរដ្ឋាភិបាល។ ចលនាតវ៉ាជាច្រើនសប្តាហ៍មកនេះ ក៏មានទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលផងដែរ ហើយការតវ៉ាកំពុងបន្តកើតឡើងនៅតាមរោងចក្រចម្រាញ់ប្រេង និងស្ថានីយ៍ប្រេងឥន្ធនៈក្នុងប្រទេសបារាំង និងបានបង្កភាពអសកម្មជាច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុងប៉ារីសប្រទេសបារាំងក្លាយជាទីលានសំដែងមតិធ្វើបាតុកម្មជាថ្មី!

មានមនុស្សរាប់ពាន់នាក់នៅថ្ងៃអាទិត្យទី១៦តុលា បាននាំគ្នាចេញដើរតាមផ្លូវតូចធំ ចំកណ្តាលទីក្រុងបារីសប្រទេសបារាំង ដើម្បីសំដែងមតិប្រឆាំងរដ្ឋាភិបាល ដែលបណ្ដែតបណ្ដោយឲ្យមានអតិផរណាកើនខ្ពស់ ទំនិញឡើងថ្លៃ។ កម្មករនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីបុគ្គលិកក្នុងវិស័យប្រេងនិងផ្លូវដែក ដែលបានចូលរួមក្នុងចលនាបាតុកម្មនេះ បានស្រែកទាមអារឱ្យរដ្ឋត្រូវតែគិតគូដំឡើងប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីអាចទ្រទ្រង់ជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះបាន។

យ៉ាងណាក៏ដោយចុះ បាតុកម្មនេះ ត្រូវបានគេមើលឃើញថា គឺមានការរៀបចំឡើងដោយក្រុមអ្នកនយោបាយគូប្រជែងរបស់លោកប្រធានាធិបតី ម៉ាក្រុង(Macron) ដែលមាននិន្នាការឆ្វេងនិយម។ ក្រៅពីនោះ ក៏មានដែរសហជីពធំៗជាងគេចំនួន៤នៅបារាំង ដែលអំពាវនាវដល់សមាជិកសហជីពរបស់ពួកគេតាមវិស័យរៀងខ្លួនឱ្យមកចូលរួមតចវ៉ា ជាការដាក់សម្ពាធដល់រដ្ឋាភិបាលបារាំង។

សហជីពក៏បានអំពាវនាវផងដែរ ឱ្យកម្មករការពារសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការធ្វើបាតុកម្ម បន្ទាប់ពីរដ្ឋាភិបាលបារាំងបានបន្តដាក់គំនាប ដោយអំពាវនាវឲ្យបើកការចរចារវាងក្រុមសហជីព និងថៅកែក្រុមហ៊ុន។ ទន្ទឹមនឹងការអំពាវនាវ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យ បានចេញមុខព្រមានចាត់វិធានការចាស់ដៃ ទៅលើក្រុមអ្នកតវ៉ាផងដែរ។

រដ្ឋមន្ត្រីហរិញ្ញវត្ថុបារាំងលោក Gabriel Attal បាននិយាយថា ក្រុមអ្នកនយោបាយឆ្វេងនិយមកំពុងព្យាយាមកេងចំណេញនយោបាយពីស្ថានភាពបច្ចុប្បន្ន និងប្រើប្រាស់សហជីព និងកម្មករជាឈ្នាន់។

គួរជម្រាបថា កាលពីសប្តាហ៍មុននៅប្រទេសបារាំង មានស្ថានីយប្រេងឥន្ធនៈជាច្រើនបានបិទទ្វារដោយសារតែគ្មានប្រេងលក់។ ចំណែកនៅតាមស្ថានីយប្រេងឥន្ធនៈខ្លះដែលមានប្រេងលក់ គេឃើញមានឡាន និងម៉ូតូបន្តកន្ទុយគ្នាយ៉ាងវែងដើម្បីចាក់ប្រេង។ មូលហេតុ គឺមកពីមានកូដកម្មបិទខ្ទប់នៅតាមរោងចក្រចំរាញ់ប្រេង និងកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន ExxonMobil ទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ។

សូមបញ្ជាក់ថា ចាប់តាំងពីចុងខែកញ្ញាមក ពលរដ្ឋបារាំងនាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទូទាំងប្រទេសតែម្តង ដើម្បីទាមទារឱ្យដំឡើងប្រាក់ឈ្នួលកម្មករ ប្រឆាំងនឹងទំនិញឡើងថ្លៃ និងបញ្ហាអតិផរណា។ លើសពីនេះក្រុមកម្មករក៏ប្រឆាំងនឹងគម្រោងកែប្រែច្បាប់ចូលនិវត្តន៍របស់កម្មករនៅក្នុងប្រទេសបារាំង ដែលធ្វើឱ្យមានការមិនសប្បាយចិត្តយ៉ាងខ្លាំង។ គម្រោងរបស់រដ្ឋាភិបាលទីក្រុងបារីស គឺត្រូវបន្តដំឡើងអាយុចូលនិវត្តន៍ឱ្យដល់ ៦៤ ឬ ៦៥ឆ្នាំឯណោះ ដែលការធ្វើបែបនេះត្រូវបានគេអះអាងថា ជាការបន្តរកចំណូលចូលរដ្ឋឱ្យបានច្រើន ដោយមិនចាំបាច់ដំឡើងការយកពន្ធ។ កំណែទម្រង់ច្បាប់ចូលនិវត្តន៍នេះ គ្រោងអនុម័តឱ្យបានមុនរដូវរងារឆ្នាំនេះ ដើម្បីអាចចូលជាធរមាននៅរដូវក្តៅឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន Bridgestone គ្រោងកែច្នៃសំបកកង់យានយន្ដសម្រាប់ប្រើប្រាស់ឡើងវិញជាមួយបច្ចេកវិទ្យាថ្មីនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុនជប៉ុន Bridgestone មានផែនការបញ្ចប់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយដើម្បីធ្វើការកែច្នៃសំបកកង់យានយន្តឡើងវិញនៅត្រឹមដើមឆ្នាំ២០៣០ ដើម្បីក…

ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ