ប្រទេសបារាំង

បារាំងផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងច្បាប់ចូលនិវត្តន៍ថ្មី និងទាមទារការដំឡើងប្រាក់ឈ្នួល


ពលរដ្ឋបារាំងបាននាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទូទាំងប្រទេសតែម្តងកាលពីថ្ងៃទី ២៩ខែកញ្ញា ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករ ប្រឆាំងនឹងទំនិញឡើងថ្លៃ និងបញ្ហាអតិផរណា។ បាតុកម្មទូទាំងប្រទេសផ្ទុះឡើងស្របពេលដែលទំនាក់ទំនងរវាងសហជីព និងរដ្ឋាភិបាលទីក្រុងបារីស កំពុងតានតឹងនឹងគ្នាផងដែរ ជុំវិញគម្រោងកែប្រែច្បាប់ចូលនិវត្តន៍របស់កម្មករនៅក្នុងប្រទេសបារាំង ដែលធ្វើឱ្យកម្មការមិនសប្បាយចិត្តយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ផ្ទុះបាតុកម្មនៅបារាំងទាមទារដំឡើងប្រាក់ឈ្នួល!

ស្របពេលដែលតំបន់អឺរ៉ុប កំពុងឆ្លងកាត់បញ្ហាអតិផរណាយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងមានអត្រា​៩%នៅអេស្ប៉ាញ ១០%នៅអាល្លឺម៉ង់ និងជាង ៥%នៅបារាំង សហជីពនៃប្រទេសបារាំងខ្លួនឯងបានអំពាវនាវឱ្យកម្មករ​គ្រប់វិស័យ នាំគ្នាធ្វើបាតុកម្មដើម្បីទាមទារ​សុំដំឡើងប្រាក់ឈ្នួល​របស់ពួកគេ។ មុនផ្តើមចេញជាបាតុកម្មទូទាំងប្រទេសនេះដូចពេលនេះ គេធ្លាប់បានឃើញ បុគ្គលិកនិងកម្មករក្នុងវិស័យដឹកជញ្ជូន លក់រាយ និងវិស័យអប់រំ បានព្យាយាមតវ៉ារៀងៗខ្លួនដើម្បីស្នើសុំដំឡើងប្រាក់ឈ្នួលនេះដែរ។

បាតុកម្មកាលពីថ្ងៃទី២៩ខែកញ្ញា ត្រូវបានធ្វើឡើងជាង២០០កន្លែងនៅទូទាំងប្រទេសបារាំង តែនៅទីក្រុងបារីស​ជាទីដែលមានចលនាបាតុកម្មសកម្មជាងគេ។ បាតុកម្ម​បាន​បង្ក​ឱ្យ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​ផ្នែក​សេវាកម្ម សាលា​រៀន និងបាន​ធ្វើ​ឱ្យ​វិស័យ​​ដឹកជញ្ជូនសាធារណៈ រួមមានរថយន្តក្រុង រថភ្លើង​ក្រោម​ដី​ និង​រថភ្លើងឆ្លង​តំបន់ មាន​ភាព​រអាក់រអួល​​យ៉ាង​ខ្លាំង។

គួរកត់សម្គាល់ថា បាតុកម្មលើក​នេះ​​បានផ្ទុះឡើងស្របពេលដែលរដ្ឋាភិបាល​របស់លោក ម៉ាក្រុងកំពុងរៀបចំកែទម្រង់ច្បាប់ និងប្រាក់ចូលនិវត្តន៍ថ្មី ស្របពេលដែលប្រធានាធិបតី​ដែលមានសម្លេងគាំទ្រតិច ក្នុងសភារូបនេះ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខការតវ៉ាពីពលរដ្ឋ​បន្តទៀត​ចាប់ពីខែក្រោយទៅ ពិសេសការតវ៉ាពីសហជីពធំៗ​ជាច្រើនក្នុងប្រទេសបារាំង។

មែនទែនទៅ កម្មករនៅបារាំងទទួលស្គាល់ពី​បរិបទសេដ្ឋកិច្ចដ៏លំបាកក្នុង​ពេលបច្ចុប្បន្ន​ ពិសេសគឺបញ្ហាអតិផរណាតែម្តង។ ប៉ុន្តែអ្វីដែលពួកគេចង់បាន​នាពេលនេះ គឺការដំឡើងប្រាក់ឈ្នួលអប្បបរមា​ឱ្យដល់២ពាន់អឺរ៉ូ ឬស្មើនឹងជាង២ពាន់ដុល្លារ បើតាមអត្រារូបិយបណ្ណបច្ចុប្បន្ន ដើម្បីយកមកដោះស្រាយការចំណាយលើទំនិញ​ដែលកំពុងឡើងថ្លៃ។ ក្រៅពីនោះ កម្មករបានទាមទារ ឱ្យកំណត់អាយុចូលនិវត្តន៍របស់ពួកគេត្រឹម​៦០ឆ្នាំ​ ជាមួយនឹងម៉ោងបំពេញ​ការងារត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍។

ការទាមទារដូចនេះ ដោយសារតែប្រធានាធិបតី​ម៉ាក្រុង បានដំឡើងអាយុចូលនិវត្តន៍​មកនៅ ៦២ឆ្នាំ រួចទៅហើយក្រោយជាប់ឆ្នោតអាណត្តិទី២ភ្លាមៗ ស្របតាមការ​ឃោសនារបស់លោក​ ដោយបានអះអាងថា ប្រព័ន្ធការងារបច្ចុប្បន្នមិនមាន​និរន្តរភាព និងមានតម្លៃថ្លៃពេក។

សូមជម្រាបថា គម្រោងរបស់រដ្ឋាភិបាលទីក្រុងបារីស គឺត្រូវបន្តដំឡើងអាយុចូលនិវត្តន៍​ឱ្យដល់ ៦៤ ឬ ៦៥ឆ្នាំឯណោះ ​ដែលការធ្វើបែបនេះត្រូវបានគេអះអាងថា ជាការបន្តរកចំណូលចូលរដ្ឋឱ្យបានច្រើន ដោយរដ្ឋមិនចាំបាច់ដំឡើង​ការយកពន្ធ។ កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍នេះ គ្រោងអនុម័ត​​​ឱ្យបាន​​មុន​រដូវ​រងារឆ្នាំនេះ ដើម្បីអាចចូល​​ជា​ធរមាន​​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ៕




អត្ថបទបន្ទាប់


លោក ពូទីន កាត់បញ្ចូលតំបន់ចំនួន៤ នៃទឹកដីអ៊ុយក្រែនចូលជាដែនដីសហព័ន្ធរុស្សីជាផ្លូវការ

ព័ត៌មាន
ប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី ៣០ កញ្ញា នឹងប្រកាសបញ្ចូលតំបន់ចំនួនបួននៃទឹកដីអ៊ុយក្រែនដែលខ្លួនបានវាយដណ្តើមកាន់កាប់…

ស្រីលង្ការំពឹងខ្ពស់ថានឹងបានជំនួយសង្គ្រោះសេដ្ឋកិច្ចនៅមុនខែធ្នូ ប៉ុន្តែ IMF ថាពេលវេលាជាក់លាក់មិនទាន់អាចប៉ាន់ស្មានបាន

ព័ត៌មាន
រដ្ឋាភិបាលស្រីលង្កាហាក់ដូចជាមានក្តីសង្ឃឹមខ្លាំងឡើងអំពីឱកាសរបស់ខ្លួនក្នុងការទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ