តម្លៃដំឡូងមី

តម្លៃដំឡូងមីស្រស់នៅតែបន្តធ្លាក់ចុះមកនៅជាង១០០រៀលក្នុង១គីឡូក្រាម


តម្លៃដំឡូងមីដែលបានធ្លាក់ចុះកន្លងមកមិនទាន់មានភាពល្អប្រឡើងវិញនៅឡើយទេមកទល់ពេលនេះ។ បើតាមការអះអាងរបស់ក្រុមកសិករ ដំឡូងមីស្រស់បច្ចុប្បន្នអាចលក់បានតែជាង១០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ខណៈដំឡូងមីស្ងួតអាចលក់បានចន្លោះពី៤០០ទៅ៥០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ។ ទន្ទឹមនឹងនេះ តំណាងកសិករដាំដំឡូងមីស្នើឱ្យអ្នកមានទ្រព្យធនបោះទុនវិនិយោគលើការបង្កើតរោងចក្រដោយប្រើប្រាស់វត្ថុធាតុដើមពីដំឡូងមី ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
តម្លៃដំឡូងមី
ដោយ

លោក រ៉ន រ៉ប កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានលើកឡើងថា បច្ចុប្បន្នដំឡូងមីស្រស់នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បានក្នុងតម្លៃពី៤០០ទៅ៥០០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃដំឡូងមីបច្ចុប្បន្ននៅមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់រូបលោក និងកសិករឯទៀតនោះទេ ពោលគឺលុះត្រាតែដំឡូងមីស្រស់ឡើងដល់៣០០រៀល និងដំឡូងមីស្ងួតហក់ដល់៨០០រៀលក្នុង១គីឡូក្រាមទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យក្រុមហ៊ុនកែច្នៃក្នុងស្រុកជួយប្រមូលទិញដំឡូងមីពីកសិករនៅតំបន់របស់លោក គ្រាន់ទទួលបានប្រាក់ចំណូលខ្លះក្នុងការដោះស្រាយជីវភាព។

ជាមួយគ្នានេះលោក នួន ណារិន្ទដា កសិករដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យដែរនោះបានរៀបរាប់ថា លោកមិនទាន់អាចទៅមើលថែ និងប្រមូលផលដំឡូងមីរបស់លោកលក់នៅឡើយទេ ដោយសារលោកកំពុងភៀសសឹកទៅរស់នៅតំបន់មានសុវត្ថិភាព។ បើតាមការអះអាងរបស់កសិកររូបនេះ មានអ្នកដាំដំឡូងមីជាច្រើនរូបទៀត ក៏មិនទាន់អាចទៅប្រមូលផលដំឡូងមី ហើយឈ្មួញក៏មិនទាន់ហ៊ានចុះមកប្រមូលទិញដំឡូងមីនៅតំបន់របស់លោកដូចគ្នាដែរ។

ពាក់ព័ន្ធទីផ្សារដំឡូងមីនេះដែរ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានអះអាងថា បច្ចុប្បន្នដំឡូងមីស្រស់អាចលក់បានក្នុងតម្លៃក្រោម២០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ដែលជាតម្លៃមួយមិនអាចផ្ដល់ប្រាក់ចំណេញដល់កសិករបាននោះទេ។ បើតាមការយល់ឃើញរបស់ប្រធានសមាគមរូបនេះ ដើម្បីអាចជួយឱ្យអ្នកដាំដំឡូងមីមានជីវភាពល្អប្រសើរ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកមានទ្រព្យធនគួរបង្កើតរោងចក្រកែច្នៃ និងទីតាំងស្កុកដំឡូងមីឱ្យបានច្រើនបន្ថែមទៀត ពិសេសត្រូវផលិតពូជដំឡូងមីដោយខ្លួនឯង និងកាត់បន្ថយការប្រើប្រាស់ពូជដំឡូងមីពីក្រៅស្រុក។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៤៨៤លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១៣។ កម្មវិធីនេះត្រូវបានអនុវត្ដជា លក្ខណៈយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរ…

តើពន្ធ១៩%របស់អាម៉េរិកអាចជួយបង្កើនសមត្ថភាពទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាយ៉ាងណាដែរ?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែវាមិនបានធ្វើឱ្យរាំងស្ទះដល់ការទាក់ទាញការវិយោគរបស់កម្ពុជានោះទេ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ