ទីផ្សារមាស

តើតម្លៃមាសនៅកម្ពុជាបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃមាសនៅប្រទេសក្បែរខាងហក់ឡើងខ្ពស់?


ស្ថានភាពហាងឆេងតម្លៃមាសនៅលើទីផ្សារកម្ពុជា នាដើមខែមករា ឆ្នាំ២០២៤ នេះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ បើធៀបនឹងអំឡុងខែធ្នូ ឆ្នាំ២០២៣ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជិត២ពាន់៥រយដុល្លារ ស្របពេលតម្លៃមាសនៅប្រទេសក្បែរខាងបានហក់ឡើងខ្ពស់លើស៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅមួយរយៈចុងក្រោយ។
ទីផ្សារមាស
ដោយ

តែយ៉ាងណាអ្នកជំនាញក្នុងទីផ្សារជួញដូរមាសនៅកម្ពុជាព្យាករថា ហាងឆេងមាសនៅកម្ពុជានឹងបន្តឡើងថ្លៃរហូតដល់អំឡុងខែមេសា ឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃលុយដុល្លារ ក្រោយមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមរវាងក្រុមហាម៉ាស-អ៊ីស្រាអែល បន្តអូសបន្លាយ។

ស្របពេលតម្លៃមាសនៅប្រទេសវៀតណាម បានហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹង និងតម្លៃមាសនៅប្រទេសថៃ ដែលជាប្រទេសភូមិផងជាមួយកម្ពុជាត្រូវបានរំពឹងនឹងហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅឆ្នាំនេះ តម្លៃមាសនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ពុំមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ ជាក់ស្តែងបើតាមម្ចាស់ហាងមាសពេជ្រ ទីមង្គល មានមូលដ្ឋាននៅភ្នំពេញ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហាងឆេងមាសនៅកម្ពុជា លក់ចេញជិត២ពាន់៥០០ដុល្លារក្នុងមួយតម្លឹងតែប៉ុណ្ណោះ។ បើតាមការគូសបញ្ចាក់ពីម្ចាស់ហាងមាសពេជ្ររូបនេះ ហាងឆេងមាសនៅកម្ពុជាមានការប្រែប្រួលឡើង ឬចុះ គឺវាអាស្រ័យលើទីផ្សារមាសអន្តរជាតិ។

ពាក់ព័ន្ធនឹងស្ថានភាពតម្លៃមាសនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី កត់សម្គាល់ឃើញថា ទីផ្សារមាសលើពិភពលោកមានការប្រែប្រួលជាបន្តបន្ទាប់ ក្រោយធានាគារកណ្ដាលសហរដ្ឋអាម៉េរិកកាលពីពេលថ្មីៗបានប្រកាសពីការមិនដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យវិនិយោគិនរំពឹងថា តម្លៃលុយដុល្លារអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើប្រាក់ដុល្លារក្នុងឆ្នាំ២០២៤ មានការធ្លាក់ចុះ ហើយកត្តាភូមិសាស្រ្តនយោបាយ ដូចជា សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមរវាងក្រុមហាម៉ាស-អ៊សីស្រាអែល នៅបន្តអូសបន្លាយនោះ វានឹងធ្វើឱ្យតម្លៃមាសកាន់តែបន្តឡើងថ្លៃ។ ទន្ទឹមគ្នានេះ អ្នកជំនាញរូបនេះបានព្រមានថា បញ្ហានេះវាអាចនឹងធ្វើឱ្យអាជីវករទិញលក់មាសអាចប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើពួកគេគ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ក្រោយទីផ្សារអចលនទ្រព្យ និងការវិនិយោគជួបបញ្ហាធ្លាក់ចុះ បានធ្វើឱ្យមានការផ្លាស់ប្ដូរពីរបៀបទុកដាក់ថវិកា និងការពង្រីកថវិកា។ ជាក់ស្ដែងក្នុងស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ដូចបច្ចុប្បន្ន ការវិនិយោគលើទីផ្សារមាសបានក្លាយជាផ្នែកមួយនៃការពង្រីកថវិកា។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ដែលបានបន្ថែមថា នៅពេលមាសបន្តឡើងថ្លៃនោះវាទាញទម្លាក់ការវិនិយោគលើវិស័យផ្សេងៗមួយចំនួន។

បើតាមការរំពឹងទុករបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី តម្លៃមាសនឹងបន្តឡើងថ្លៃរហូតដល់អំឡុងខែមេសា ឆ្នាំ២០២៤ បន្ទាប់មកទើបអាចមានការប្រែប្រួលធ្លាក់ចុះខ្លះៗមកវិញ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ និងចិន គ្រោងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍ចាប់ពីខែមីនា ដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគ

ព័ត៌មាន
ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅតំបន់អាស៊ីអគ្នេយ៍ និងមហាយក្សចិន ដែលមានសេដ្ឋកិច្…

រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន កំពុងជាប់ផុងក្នុងវិបត្តិបំណុលដែលមានទំហំដល់ទៅ៣៤ទ្រីលានដុល្លារ

ព័ត៌មាន
ក្រោយពេលធូរស្រាលមួយរយ:ក្រោមការសម្របសម្រួលពីសមាជិកសភាអាម៉េរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០២៣ កន្លងទៅ រដ្ឋបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ