លោកស្រី ប៊ុន នី ដែលជាអាជីវករប្រមូលទិញស្វាយ បានលើកឡើងថា នៅឆ្នាំ២០២០ តម្លៃស្វាយមានកំណើនល្អ ប៉ុន្ដែ នៅ២សប្ដាហ៍ដើមខែមករាឆ្នាំ២០២១ ដោយសារតែប្រទេសថៃមានការបិទប្រទេស ព្រោះតែកូវីដ-១៩ វាបានធ្វើឲ្យតម្លៃស្វាយបានមានការធ្លាក់ចុះជាងមុនបន្តិច។
លោកស្រី ប៊ុន នី បានបន្ថែមថា នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិននៅខែក្រោយនេះ ក៏អាចនឹងធ្វើឲ្យតម្លៃស្វាយរបស់កម្ពុជាបន្ដមានការធ្លាក់ចុះផងដែរ។
លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានកាពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បាន ពេញមួយឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់បានជាង ៩ម៉ឺន៧ពាន់តោន ទៅកាន់ទីផ្សារដូចជាប្រទេសវៀតណាម ថៃ និងកូរ៉េខាងត្បូង ធៀបនឹងឆ្នាំ២០១៩ គឺកើនឡើងជាង៤០%។
ដោយឡែក ចំពោះទីផ្សារប្រទេសចិនវិញ ត្រូវបានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្មរូបនេះ អះអាងថា មកទល់ពេលនេះ កម្ពុជានៅមិនទាន់អាចធ្វើការនាំចេញស្វាយស្រស់ដោយត្រង់បាននៅឡើយទេ ដោយសារតែកម្ពុជាក្រុមហ៊ុនរេចខ្ចប់នាំចេញស្វាយ មិនទាន់រៀបចំរួចរាល់ដោយសារតែមានបញ្ហាកូវីដ-១៩ មករំខាន។ បច្ចុប្បន្ន មានក្រុមហ៊ុនត្រឹមតែ ៤ប៉ុណ្ណោះ ដែលបាននិងកំពុងបន្ដសាងសង់ និងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ដើម្បីនាំចេញទៅទីផ្សារចិននេះ។
សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ ក្រុមហ៊ុន Hyundai Mao Legacy បាននាំចេញស្វាយចំនួន ប្រមាណ ៧៧តោន។ ប៉ុន្ដែ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញទៅកាន់ប្រទេសកូរ៉េឱ្យបានចំនួន ១ ០០០ តោន៕