ការនាំចេញធ្យូង

ជប៉ុនស្នើឥណ្ឌូនេស៊ីលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មវិញ


ឥណ្ឌូនេស៊ី ជាជម្រុកនៃផលិតកម្មធ្យូងថ្មដ៏សំខាន់មួយសម្រាប់តំបន់អាស៊ី ប៉ុន្តែការប្រកាសផ្អាកការនាំចេញធ្យូងថ្មរបស់ក្រុងហ្សាកាតា សម្រាប់ខែមករា បានបង្កក្តីបារម្ភដល់ប្រទេសមួយចំនួន ដែលពឹងផ្អែកលើថាមពល ដែលប្រើធ្យូងថ្មរបស់ប្រទេសនៅតំបន់អាស៊ានមួយនេះ។ ក្រៅតែពីចិន ដែលប្រឈមមុខនឹងបញ្ហាកង្វះធ្យូងថ្ម ប្រទេសជប៉ុនឯណោះវិញ ក៏កំពុងបារម្ភបញ្ហានេះដែរ។
រូបតំណាង៖ ការនាំចេញធ្យូង
ដោយ

យ៉ាងណាមិញ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ជប៉ុន ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ក្រុង​ហ្សា​កា​តា ឲ្យ​លុប​ចោល​វិញ​នូវ​ការ​ហាមប្រាម​ការ​នាំ​ចេញ​ធ្យូងថ្ម​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ថា​អាច​ប៉ះពាល់​ដល់​តម្រូវការ​ក្នុង​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្អាក​ការ​នាំ​ចេញ​ធ្យូងថ្ម​ទៅ​ក្រៅប្រទេស​សម្រាប់​ខែមករា​នេះ​សិន ដើម្បី​ធានា​បាន​ថា​ខ្លួន​នឹង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​។

ក្នុង​នោះ​ចិន​ដែល​ជា​ប្រទេស​នាំ​ចូល​ធ្យូងថ្ម​ដ៏​ធំ​ពី​ឥណ្ឌូ​នេ​ស៊ី មិនសូវ​បង្ហាញ​ការ​ព្រួយបារម្ភ​ប៉ុន្មាន​ទេ ដោយសារ​តែ​អំឡុង​ចុង​ខែមករា និង​ដើមខែ​កុម្ភៈ​នេះ ជា​រយៈពេល​ឈប់​សម្រាក​នៅ​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​តម្រូវការ​ថាមពល​មាន​តិចតួច​ប៉ុណ្ណោះ​។

ផ្ទុយ​ទៅ​វិញ ជប៉ុន​ដែល​ជា​ប្រទេស​នាំ​ចូល​ធ្យូងថ្ម​ពី​ឥណ្ឌូ​នេ​ស៊ី​ដែរ​នោះ ហាក់​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ចំពោះ​ការ​ផ្អាក​នាំ​ចេញ​ធ្យូងថ្ម​របស់​ឥណ្ឌូ​នេ​ស៊ី​នេះ​។ ជាក់ស្តែង ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ហ្សា​កា​តា នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​បាន​ផ្ញើ​លិខិត ជូន​រដ្ឋមន្ត្រីក្រសួង​ថាមពល និង​ធនធាន​រ៉ែ​របស់​ឥណ្ឌូ​នេ​ស៊ី សុំ​ការ​អនុញ្ញាត​នាំ​ចូល​ធ្យូងថ្ម​ជា​ធម្មតា ដោយ​បាន​អះអាង​ថា​បច្ចុប្បន្ន​មាន​នាវា​របស់​ជប៉ុន​៥​គ្រឿង កំពុង​រង់ចាំ​ដឹក​ជញ្ជូន​ធ្យូងថ្ម​ចេញពី​ដែនទឹក​ឥណ្ឌូ​នេ​ស៊ី​។

គួរ​ជម្រាប​ថា ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​នាំ​ចេញ​ធ្យូងថ្ម​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់ ខណៈ​ប្រទេស​ដៃគូ​ទទួល​ទិញ​ធ្យូងថ្ម​ដ៏​សំខាន់​របស់​ខ្លួន​គឺ​ចិន ដែល​ក្នុង​១១​ខែ​ឆ្នាំ​២០២១ ចិន​បញ្ជា​ទិញ​ធ្យូងថ្ម​ប្រមាណ ១៨០​លាន​តោន​ឯណោះ ស្មើនឹង​៧៥%​នៃ​ការ​នាំ​ចូល​ធ្យូងថ្ម​ស​រុ​បេ​បស់​ចិន​។ រីឯ​ប្រទេស​ជប៉ុន​វិញ  បាន​នឹង​កំពុង​នាំ​ចូល​ធ្យូងថ្ម​ប្រហែល ២​លាន​តោន​ប៉ុណ្ណោះ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​មួយ​ខែ​ៗ​សម្រាប់​ផលិត​ជា​ថាមពល ដែល​បម្រើ​ឲ្យ​សកម្មភាព​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​។

សូម​បញ្ជាក់​ថា ការ​ផ្អាក​ការ​នាំ​ចេញ​ធ្យូងថ្ម​បណ្តោះអាសន្ន​របស់​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ធានា​បានការ​ប្រើប្រាស់​ក្នុងស្រុក ធ្វើ​ឡើង​ក្រោយ​ពេល​នៅ​ពេញ​មួយ​ឆ្នាំ​២០២១ ឥណ្ឌូ​នេ​ស៊ី​ផលិត​ធ្យូងថ្ម​មិន​បាន​គ្រប់​តាម​ផែនការ​កំណត់ ពោល​គឺ​ផលិត​បាន​តែ​ជាង​ជាង​៦១០​លាន​តោន​ប៉ុណ្ណោះ ខណៈ​គោលដៅ​មាន​ដល់​ជិត​៦៣០​លាន​តោន​។ មូលហេតុ​ដែល​ផលិត​មិន​គ្រប់​គោល​គៅ គឺ​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ និង​កង្វះខាត​គ្រឿងចក្រ​ធំ​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបើកការត្រួតពិនិត្យបន្ទាន់លើចំណអាហារ និងផ្លែឈើនាំចូលពីថៃ និងវៀតណាមក្រោយរកឃើញមានផ្ទុកកូវីដ១៩

ព័ត៌មាន
ទីក្រុង និងតំបន់មួយចំនួនរបស់ចិន បានចាប់ផ្តើមត្រួតពិនិត្យជាបន្ទាន់ដើម្បីស្វែងរកមេរោគកូវីដ១៩ លើអាហារ និងផ្លែឈើដែលបានបញ្ជានិងនាំចូលពីប្រទ…

វៀតណាមស្នើឱ្យក្រុមហ៊ុននាំចេញទាំងអស់បញ្ឈប់ការដឹកទំនិញទៅកាន់ព្រំដែនប្រទេសចិនដែលកំពុងជាប់គាំង

ព័ត៌មាន
ក្រោយបញ្ហាកកស្ទះឡានកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿងនៅតាមបណ្ដោយព្រំដែន វៀតណាម-ចិន នៅតែមិនទាន់មានដំណោះស្រាយចេញនោះ ពេលនេះអាជ្ញាធរខេត្តភាគខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ