ទឹកត្រីខេត្តកំពត

ទឹកត្រីខេត្តកំពតកំពុងត្រូវបានជំរុញនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង


ក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយក្រុមធុរកិច្ចមកពីកូរ៉េខាងត្បូង ថ្មីៗនេះបានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីមួយកន្លែងនៅក្នុងខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីពីកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលផ្ដល់ឱកាសកាន់តែទូលាយសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
ទឹកត្រីខេត្តកំពតកំពុងត្រូវបានជំរុញនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ រួមមាន លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA), លោកស្រី Lin Yu ប្រធានក្រុមហ៊ុន GADOSH នៅថ្ងៃទី៣ខែធ្នូ បានចុះទស្សនកិច្ចស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មទឹកត្រីនៅសហគ្រាសផលិតទឹកត្រីង៉ូវហេង និងដំណើរការផ្សារអ៊ីឆែង៉ូវហេង នៅទីក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងជំរុញការនាំចេញផលិតផលទឹកត្រីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកទឹកចិត្តដល់គណៈប្រតិភូកូរ៉េ ឱ្យប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាជាសមាជិក រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបតែចូលជាធរមាននាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងបន្ថែមទៀត។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនទឹកត្រីង៉ូវហេង សិក្សាស្វែងយល់ និងទាញយកបច្ចេកទេស បទពិសោធន៍ថ្មីៗបន្ថែមទៀត ពីខាងភាគីកូរ៉េ ដើម្បីបង្កើនគុណភាព ផលិតភាព និងស្ដង់ដារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ លោក Jang Gyu-Hwa អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានបង្ហាញពីគោលបំណងរបស់គណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ក្នុងការនាំយកនូវផលិតផលទឹកត្រី ង៉ូវហេង ខេត្តកំពតចូលទៅកាន់ទីផ្សារប្រទេសកូរ៉េ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងធ្វើជាវត្ថុធាតុដើមក្នុងការផលិតគីមឈី ផងដែរ។ លោកបន្តថាសមាគមននេះ នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជំរុញកិច្ចការនេះឱ្យបានឆាប់បំផុត។

ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវហេង បានលើកឡើងថា សហគ្រាសរបស់លោកចាប់ផ្តើមតាំងពីឆ្នាំ១៩៩៥ គិតមកដល់សព្វថ្ងៃមានអាយុកាល២៧ហើយ និងបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗរហូតទទួលបានស្តង់ដារជាតិមុនគេក្នុងខេត្តកំពត ព្រមទាំងទទួលបានមេដាយក្នុងការប្រកួតប្រជែងកែច្នៃកសិកម្ម និងទទួលបានពានចំនួន៥ ពីក្រសួងរ៉ែនិងថាមពល និងទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ HCCAP នៅឆ្នាំ២០១៨ និងថ្មីៗនេះទទួលបានស្តង់ដារហាឡាលកម្ពុជាពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មផងដែរ។

ឧកញ៉ា ចាន់ ស៊ីថា បានបន្តថា មូលហេតុដែលនាំឱ្យទឹកត្រីរបស់ក្រុមហ៊ុនទឹកត្រីង៉ូវហេង ល្បីឈ្មោះបានដូចសព្វថ្ងៃ មានចំនួន៣ធំៗ រួមមាន៖ ទី១-ត្រីកាកើមដែលមានគុណភាព ទី២-អំបិលកំពតដែលមានគុណភាព និងទី៣-ការបន្ទុំបែបប្រពៃណី។ ដើម្បីក្លាយជាក្រុមហ៊ុនកែច្នៃផលិតផលម្ហូបអាហារឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមានបេសកកម្មក្នុងការផលិតតាមប្រពៃណីបែបទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុនមានបំណងបង្កើតផលិតផល Premium ថ្មី និងផលិតផលថ្មីសម្រាប់សុខភាព ជាពិសេសពង្រឹង និងពង្រីកបន្ថែមទៀតនូវសមត្ថភាពផលិតដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ផងដែរ៕




អត្ថបទបន្ទាប់


តោះ! ទៅលេង ពិធីបុណ្យរដូវរំហើយ នៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នា

សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវ…

តើផលិតភាពការងារក្នុងជំនាញគណនេយ្យនៅកម្ពុជា អាចតាមប្រទេសជិតខាងដែរ ឬទេ?

អ្នកជំនាញផ្នែកការងារគ្រប់គ្រងគណនេយ្យនៅកម្ពុជា គូសបញ្ជាក់ថា វិស័យការងារផ្នែកនេះ នាពេលបច្ចុប្បន្នមានការរីកលូតលាស់ខ្លាំង ដែលអាចនិយាយបានថា វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ