កាលពីមុន មុខរបរបណ្តុះកូនឈើហូបផ្លែនេះ មានលក្ខណៈទ្រង់ទ្រាយតូចៗទេ តែដោយសារកំណើនប្រជាជនមានការកើនឡើង ហើយរបរនេះកាក់កបគ្រាន់បើទៀតនោះ ទើបមានការពង្រីកកាន់តែធំ រហូតមានការនាំចូលនូវប្រភេទឈើហូបផ្លែមួយចំនួនពីប្រទេសក្រៅទៀតផង។
អ្នកស្រី សុខ លី ជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិបត់តាជី និងបានប្រកបរបរបណ្ដុះកូនឈើហូបផ្លែលក់តាំងពីឆ្នាំ២០០១មក។ អ្នកស្រីថា តាមពិត អ្នកស្រីគ្មានជំនាញផ្នែកកសិកម្មអ្វីទេ តែដោយសារស្វាមីមានជំនាញស្រាប់ ដូចនេះលោកស្រីទទួលបន្ទុកក្នុងការស្វែងរកទីផ្សារតែប៉ុណ្ណោះ។
លោក ម៉ម ធួក ក៏ជាពលរដ្ឋ រស់នៅក្នុងភូមិបត់តាជី ដែរ។ លោកមានជំនាញបណ្តុះកូនឈើនេះ តពីដូនតាមក ហើយថែមទាំងទទួលបានការបណ្តុះបណ្តាលបន្ថែមពីវគ្គសិក្សាខ្លីៗថែមទៀត។ លោកថា របរបណ្តុះកូនឈើ ដែលមួយសាៗលោកបណ្ដុះប្រមាណជាង ១០ម៉ឺនដើម គឺអាចរកចំណូលជូនគ្រួសារលោកចន្លោះពី ៨ពាន់ដុល្លារ ដល់ ២ម៉ឺនដុល្លារក្នុងមួយរដូវកាលឯណោះ។
លោក ម៉ម ធួក បន្តថា របរនេះចាប់កាក់កបបន្តិចម្តងៗចាប់ពីឆ្នាំ២០១០មក ដោយលោកក៏បានពង្រីកផ្ទៃដាំនិងបណ្ដុះកូនរុក្ខជាតិរហូតដល់ជាង ២៨០០ម៉ែត្រការ៉េ ដែលការលំបាក និងភាពងាយស្រួលគឺដើរទន្ទឹមគ្នា។
ម្ចាស់ទីតាំងលក់កូនឈើហូបផ្លែរូបនេះ ក៏រីករាយក្នុងការចែករំលែកចំណេះដឹងដល់ពលរដ្ឋដទៃទៀតដែលមានបំណងក្នុងការចាប់របរដូចគាត់ដែរ។
បើតាមកសិករទាំង២រូប នៅក្នុងភូមិនេះ មានលក់កូនឈើហូបផ្លែគ្រប់ប្រភេទ តែប្រភេទកូនឈើដែលលក់ដាច់ និងពេញនិយមជាងគេ គឺមានប្រភេទស្វាយកែវរមៀត ប្រភេទកូនប៊ើរ ប្រភេទកូនស្វាយចន្ទី ជាដើម ប៉ុន្តែ ក៏ដាច់ទៅតាមរដូវកាលដែលកសិករនៅតាមខេត្តផ្សេងៗនិយមដាំផងដែរ៕