សេដ្ឋកិច្ចអាមេរិក

តើថវិកាជំរុញសេដ្ឋកិច្ចអាមេរិកនឹងជួយសេដ្ឋកិច្ចអាមេរិកនិងពិភពលោកកម្រិតណា?


មុននឹងយើងដឹងពីចម្លើយនៃសំណួរនេះ យើងត្រូវទៅមើលការវិវត្តនៃសេដ្ឋកិច្ចរបស់អាមេរិកជាមុនសិន។ នៅឆ្នាំ២០២០ សេដ្ឋកិច្ចអាមេរិកត្រូវបានស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ប៉ាន់ប្រមាណថា មានការដាំក្បាលចុះ ៣,៥% ប៉ុន្ដែនៅឆ្នាំ២០២១នេះ IMF ព្យាករថានឹងកើនឡើងជាង៥% វិញ។ មានហេតុផលអ្វីខ្លះដែលអាចនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះងើបលឿននៅឆ្នាំ២០២១? ហេតុផលចម្បងជាងគេនោះ គឺការដាក់ចេញវិធានការសង្គ្រោះសេដ្ឋកិច្ច តាមរយៈការបញ្ចេញលុយដ៏សម្បើមក្នុងការទប់សេដ្ឋកិច្ចកុំឲ្យដាំក្បាលចុះខ្លាំងនៅឆ្នាំ២០២០ និងត្រៀមបន្ដបញ្ចេញបន្ថែមទៀតនៅឆ្នាំ២០២១។
តើថវិកាជំរុញសេដ្ឋកិច្ចអាមេរិកនឹងជួយសេដ្ឋកិច្ចអាមេរិកនិងពិភពលោកកម្រិតណា?
ដោយ

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានដាក់ចេញកម្មវិធីថវិកាជំរុញសេដ្ឋកិច្ចជិត៣ទ្រីលានដុល្លារ ដោយក្នុងនោះ មានប្រមាណ៩០០ពាន់លានដុល្លារ ត្រូវបានអនុម័តកាលពីចុងខែធ្នូកន្លងទៅនេះ ដែលវាគឺជាផ្នែកមួយជួយទប់លំនឹងសេដ្ឋកិច្ចអាមេរិកកុំឲ្យដាំក្បាលចុះខ្លាំង និងជាជំហរជួយឲ្យកំណើនងើបប្រសើរឡើងវិញនៅឆ្នាំ២០២១នេះ។

២០២១ អាមេរិកបញ្ចេញថវិកាបន្ថែម ដើម្បីធ្វើអ្វីខ្លះ?

សម្រាប់ឆ្នាំ២០២១នេះ រដ្ឋការលោកចូ បៃឌិនកំពុងរង់ចាំការអនុម័តចុងក្រោយពីសភាអាមេរិក នូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ទ្រីលានដុល្លារ ដែលថវិកានេះ នឹងបន្ដផ្ដល់ការគាំទ្របន្ថែមទៀតដល់អាជីវកម្ម ក្រុមគ្រួសារពលរដ្ឋអាមេរិក និងការងារក្នុងស្រុក ដែលកំពុងតែរងផលប៉ះពាល់ពីមេរោគរាតត្បាត។ លោកស្រី Janet Yellen បាននិយាយនាពេលថ្មីៗនេះថា រដ្ឋាភិបាលអាមេរិកត្រូវតែបន្ដផ្ដល់ការឧបត្ថម្ភគាំទ្រសេដ្ឋកិច្ច និងប្រជាជន បង្កើតជាស្ពានមួយដើម្បីឆ្លងឲ្យផុតពីបញ្ហាមេរោគរីករាតត្បាតនេះឲ្យបាន។

តាមរយៈវិធានការសង្គ្រោះសេដ្ឋកិច្ចជាបន្ដបន្ទាប់ លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក មើលឃើញថា កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងកើនដល់៦% ខណៈដែលស្ថាប័នឯកជនផ្សេងទៀត ក៏បានព្យាករដែរថានឹងកើនដល់ទៅ ៧%ឯណោះ។

ទោះយ៉ាងណា ការស្ទុះងើបលឿននៃសេដ្ឋកិច្ច ក៏បានធ្វើឲ្យមានការព្រួយបារម្ភថា វាអាចនឹងធ្វើឲ្យតម្លៃទំនិញ សេវាកម្មលើទីផ្សារអាចនឹងហក់ឡើងកាន់តែខ្ពស់ដែរ ប៉ុន្ដែ ប្រធានធនាគារកណ្ដាលអាមេរិក បានលើកឡើងថា បញ្ហាអតិផរណានៅប៉ុន្មានខែខាងមុខនេះ ទំនងជាងមិនអាចកើតមានឡើងអូសបន្លាយពេលយូរនោះទេ។

ធនាគារកណ្ដាលអាមេរិកសន្យាថានឹងរក្សាអត្រាការប្រាក់នៅធនាគារឲ្យនៅទាប រហូតដល់ភាពមានការងារធ្វើត្រឡប់មកប្រសើរឡើងវិញ ហើយនឹងរក្សាឲ្យបាននូវអត្រាអតិផរណាប្រមាណជាង២%ប៉ុណ្ណោះ។

បច្ចុប្បន្ន មានអាជីវកម្មជាច្រើននៅអាមេរិកបានបើកឲ្យដំណើរការឡើងវិញហើយ តែត្រូវគោរពតាមវិធានការបង្ការកូវីដ-១៩ ហើយការបើដំណើរការអាជីវកម្មឡើងវិញនេះ បានផ្ដល់ការងារប្រមាណ២០លាននាក់ ដែលបានបាត់បង់ឲ្យត្រឡប់មកវិញ។

ថវិកាជំរុញសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានអ្នកវិភាគពីអង្គការ Moody’s ប៉ាន់ប្រមាណថាអាចនឹងបង្កើតការងារជាង៧លានកន្លែងនៅក្នុងឆ្នាំ២០២១នេះ។

នៅអាមេរិក ឧស្សាហកម្មដែលរងផលប៉ះពាល់ខ្លាំងរួមមាន ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងការកម្សាន្ដ ដែលឧស្សាហកម្មទាំងនេះ អាចនឹងវិលត្រឡប់មកប្រសើរឡើងវិញបាន លុះត្រាតែមនុស្សទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបានទូលំទូលាយ។ ជាមួយគ្នានេះ មានហាង និងភោជនីយដ្ឋានរាប់ពាន់កន្លែង ក៏បានដួលរលំបិទទ្វារ ហើយវាត្រូវបានគេមើលឃើញថា ក៏ជាហានិភ័យមួយដែលអាចបង្កឲ្យមានរលកនៃការក្ស័យធននៃអាជីវកម្មនៅអាមេរិក ប្រសិនបើការងើបឡើងវិញនៃសេដ្ឋកិច្ចមិនអាចស្ទុះងើបបានលឿនទាន់ពេលវេលាទេនោះ។

ជុំវិញនឹងការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិកនេះដែរ​ មានគេចោទសំណួរឡើងថា តើកម្ពុជានឹងទទួលបានប្រយោជន៍អ្វីខ្លះ ពីកំណើនសេដ្ឋកិច្ចអាមេរិក?

ចម្លើយគឺមិនពិបាកយល់ទេ គឺសេដ្ឋកិច្ចអាមេរិកកើន វានឹងជាផ្នែកមួយជួយដល់សេដ្ឋកិច្ចកម្ពុជា ព្រោះកម្ពុជាមានទំនាក់ទំនងរកស៊ីជាមួយអាមេរិកច្រើនណាស់ ពោលគឺអាមេរិក ជាទីផ្សារធំមួយផងដែរក្នុងចំណោមទីផ្សារធំៗរបស់កម្ពុជាដូចជាអឺរ៉ុប និង ចិនជាដើម។ ជាក់ស្ដែង នៅឆ្នាំ២០២០ បើទោះជាមានមេរោគកូវីដ១៩តាមរាតត្បាតយ៉ាងណាក្ដី ប៉ុន្ដែទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងអាមេរិកសម្រេចបានដល់ទៅជិត៧ពាន់លានដុល្លារ កើនឡើងជិត១៨% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិរបស់អាមេរិក។

ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានដល់ទៅជាង៦ពាន់៥រយលានដុល្លារ កើនឡើងជិត២៣% ខណៈដែលការនាំចូលពីអាមេរិកមកវិញមានជាង៣៤០លានដុល្លារ ធ្លាក់ចុះជាង៣៣%។ ទំនិញដែលកម្ពុជានាំចេញទៅអាមេរិករួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ សម្ភារៈគ្រឿងអេឡិចត្រូនិក កាបូប និង វ៉ាលីជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៤នាក់ទៀតហើយ ក្នុងនោះ១០នាក់​រកឃើញ​នៅខេត្តព្រះសីហនុ

ព័ត៌មាន
មានមនុស្សចំនួន៣៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងស…

ទំហំពាណិជ្ជកម្មវៀតណាមអង់គ្លេសហក់ឡើងខ្លាំងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន

ព័ត៌មាន
ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងចក្រភពអង់គ្លេសចូលជាធរមានកាលពីចុងឆ្នាំ២០២០ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ