ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេខ្យូខេសិនគ្រុប សង្កេតឃើញថា យុវជនកម្ពុជា នៅក្នុងសង្គមសព្វថ្ងៃនេះបានប្រែប្រួលចរិតលក្ខណៈ និងមិនអាចដើរតាមទាន់សម័យបច្ចេកវិទ្យាទំនើបទាំងព្រមនៅឡើយ ដែលទាមទារឱ្យគ្រឹះស្ថានអប់រំ អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាល រួមគ្នាអប់រំដល់យុវជន ដើម្បីទម្រង់ទិសជំរុញឱ្យពួកគេខំប្រឹងរៀនសូត្រ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ជឿជាក់ថា យុវជនកម្ពុជា មិនអាចមានសមត្ថភាពទាបជាងគេក្នុងតំបន់អាស៊ាននោះទេ ត្បិតមានធនធានមនុស្សកំពុងធ្វើការតាមគ្រប់វិស័យក្នុងប្រទេស ហើយយុវជនកម្ពុជា ក៏មិនមែនខ្សោយនោះដែរ ប៉ុន្តែត្រូវការឱ្យមានប្រព័ន្ធអប់រំល្អជាងនេះ ទើបអាចច្នៃពួកគេឱ្យខ្លាំងបន្ថែមទៀត។
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា បច្ចុប្បន្នយុវជនកម្ពុជា កំពុងបែងចែកជារូបភាពចម្រុះ ដោយមានយុវជនខ្លះពោរពេញទៅដោយសមត្ថភាពខ្លាំងពូកែ ហើយមានមួយចំនួនទៀតហាក់ឃ្លាតឆ្ងាយពីប្រព័ន្ធអប់រំ ដោយទៅប្រព្រឹត្តិទង្វើមិនគម្បី ដែលសង្គមមិនត្រូវការ។ បើតាមអ្នកជំនាញរូបនេះ ភាគីពាក់ព័ន្ធពិសេសក្រសួងអប់រំ យុវជន និងកីឡា គួរតែធ្វើបច្ចុប្បន្នភាពមេរៀន ដើម្បីអប់រំដល់យុវជន រៀបចំឱ្យមានកម្មវិធីលើកកម្ពស់ការសិក្សាជួយទម្រង់ទិសដល់យុវជនក្នុងការរៀនសូត្រចាប់យកចំណេះជំនាញ ជៀសវាងយុវជនមានផ្នត់គំនិតចំពោះការសិក្សាមិនមានសារសំខាន់ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គម សង្កេតឃើញថា បរិយាកាសសង្គមមានភាពជឿនលឿន កំពុងអូសទាញយុវជនឱ្យភ្លេចការរៀនសូត្រ គួបផ្សំប្រព័ន្ធផ្សព្វផ្សាយបាននាំគ្នាផ្សព្វផ្សាយតែរឿងអូសទាញយុវជនឱ្យធ្វើអ្វីតាមគ្នា ដែលអាចនាំឱ្យយុវជនភ្លេចការរៀនសូត្រ និងខ្វះធនធានមនុស្សជួយជំរុញកំណើនសេដ្ឋកិច្ច។ ស្របពេលរាជរដ្ឋាភិបាលផ្តល់អាទិភាពលើការអភិវឌ្ឍន៍ធនធានមនុស្ស អ្នកជំនាញរូបនេះយល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គួរដាក់ចេញគោលនយោបាយឱ្យស្របជាមួយសម័យទំនើប ធ្វើយ៉ាងណាឱ្យយុវជនកាន់តែច្រើនអាចសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។ ជាពិសេសទាមទារឱ្យមានការវិនិយោគក្នុងវិស័យអប់រំឱ្យបានច្រើនបន្ថែមទៀតដូចជា អគារសិក្សា សម្ភារៈប្រើប្រាស់សម្រាប់សិក្សា និងបណ្តុះបណ្តាលធនធានគ្រូ ដែលមានសមត្ថភាពជាដើម។
បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ប៉ិច បូឡែន យុវជនដែលមានអាយុតិចពួកគេមិនអាចថ្លឹងថ្លែង និងដឹងអ្វីបានច្រើននូវអ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ ដែលអាចជួយដល់សង្គមជាតិ នោះទេ ដូចនេះមានតែការជួយតម្រង់ទិសពីអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកដែលមានចំណេះដឹងចូលរួមជួយចែករំលែក អប់រំទៅដល់យុវជនជំនាន់ក្រោយឱ្យបានច្រើនតែប៉ុណ្ណោះ ទើបជាការជួយជំរុញឱ្យមានកំណើនធនធានមនុស្សក្នុងសង្គមជាតិ ទាំងមូល៕
អត្ថបទ៖ ជា ម៉ារ៉ា