នាពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការកសាងគម្រោងព្រែកជីកហ្វូណនតេជោនាពេលនេះ គឺជាការកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដូចទៅនឹងគំនិតរបស់បុព្វបុរសខ្មែរកាលពី២ពាន់ឆ្នាំមុន ពោលគឺគម្រោងនេះធ្វើឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ សម្តេចបានបន្តថា តាមរយៈគម្រោងនេះវានឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា ពង្រឹងឯករាជ្យជាតិ ភាពម្ចាស់ការលើកការដឹកជញ្ជូនតាមផ្លូវទឹក ដែលនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្មជាតិ និងអន្តរជាតិ។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោងព្រែកជីកនេះមិនត្រឹមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលជំរុញដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាគម្រោងមួយដែលបានឆ្លុះបញ្ចាំងពីចលនាជាតិនិយមខ្ពស់បំផុតរបស់កម្ពុជា ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង។ ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលបារម្ភខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនតាមរយៈគម្រោងព្រែកជីកនេះ សម្តេចធិបតី បានអះអាងថា គ្មានបរទេសណាអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ និងប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យបានល្អបំផុតក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបានជោគជ័យ ដើម្បីជាប្រយោជន៍ដ៏មហិមាសម្រាប់កម្ពុជា។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកាន់កាប់ភាគហ៊ុន៥១%នេះ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម៨០ម៉ែត្រ ដោយតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ សម្រាប់សាងសង់៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ