G20 សម្រេចមិនថ្កោលទោសរុស្ស៊ី និងចេញសេចក្តីប្រកាសឱ្យរដ្ឋគោរពច្បាប់អន្តរជាតិ!

G20 សម្រេចមិនថ្កោលទោសរុស្ស៊ី ដើម្បីចេញសេចក្តីថ្លែងការណ៍រួម ខណៈបារាំងថាវានឹងដាក់ម៉ូស្គូឲ្យនៅឯកោ


កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូដេលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយឥណ្ឌាបានប្រគល់ឋានៈជាប្រធានប្តូរវេននោឆ្នាំក្រោយទៅឱ្យប្រទេសប្រេស៊ីល។ នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃ មេដឹកនាំសហរដ្ឋអាមេរិក អឺរ៉ុប និងសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាជាមួយឥណ្ឌា និងសមាជិក G20 ឯទៀត លុបឃ្លាថ្កោលទោសសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនចេញពីសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន។ តែជំនួសមកវិញជំរុញឱ្យសមាជិកទាំង២០ប្រទេស ប្តេជ្ញាគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពប្រទេសនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
G20 សម្រេចមិនថ្កោលទោសរុស្ស៊ី និងចេញសេចក្តីប្រកាសឱ្យរដ្ឋគោរពច្បាប់អន្តរជាតិ!
ដោយ

នៅក្នុងការប្រកាស និងដាក់ឱ្យអនុវត្តសេចក្តីប្រកាសរួមនោះ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានស្នើឱ្យមេដឹកនាំ G20 រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយនៅក្នុងខែវិច្ឆិកា ដើម្បីពិនិត្យមើលឡើងវិញពីវឌ្ឍនភាពនៃការអនុម័តសេចក្តីប្រកាសនេះ។ គួរជម្រាបថា មុននឹងឈានដល់ការឯកភាពគ្នា G2០ ដំបូងឡើយហាក់បង្ហាញពីការបែកបាក់រួចទៅហើយ ព្រោះប្រទេសលោកខាងលិចបានទាមទារឱ្យមានការថ្កោលទោសរុស្ស៊ី ខណៈទីក្រុងម៉ូស្គូថា ខ្លួននឹងរារាំងការចេញសេចក្តីថ្លែងការណ៍នៅចុងបញ្ចប់ បើសិនវាមិនឆ្លុះបញ្ជាំងពីជំហររបស់ខ្លួន។ ជាក់ស្តែង ឥណ្ឌាពិតជាអាចធ្វើឱ្យការបែកបាក់នេះទៅជាការរួមរួមគ្នាបានមែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់សន្និសីទកាសែតក្រោយកិច្ចប្រជុំថា ជោគជ័យគឺសម្រាប់ឥណ្ឌា និងប្រទេសកំពុងអភិវឌ្ឍ ក៏ព្រោះឥណ្ឌាបានបង្រួបបង្រួមការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកG20។ អាល្លឺម៉ង់ និងអង់គ្លេសក៏អបអរចំពោះសេចក្តីប្រកាសនេះដែរ ខណៈអ៊ុយក្រែនថា «គ្មានអ្វីត្រូវមានមោទនភាព» ព្រោះគ្មានវត្តមានខ្លួននៅក្នុងកិច្ចប្រជុំ ដែលជាប្រទេសរងគ្រោះ។

ទោះយ៉ាងណា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្លុក G20 ដែលបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោក គឺមិនចាំបាច់ជាកន្លែង ដើម្បីដោះស្រាយបញ្ហាការទូតលើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឡើយ។ តែលោកបានសង្កត់ធ្ងន់ថា «ការព្រមព្រៀងរបស់ G20 នឹងដាក់ឱ្យរុស្ស៊ីនៅឯកោ» ព្រោះសមាជិកភាគច្រើនហាក់បង្ហាញការថ្កោលទោសក្នុងចិត្តទៅលើសង្គ្រាមរុស្ស៊ី និងផលវិបាករបស់វាបាត់ទៅហើយ។

ជាមួយគ្នា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំនោះថា «ការប្រកាសនេះគឺជាលទ្ធផលដ៏ល្អសម្រាប់បញ្ជាក់ឡើងវិញថា រដ្ឋទាំងឡាយមិនត្រូវប្រើប្រាស់កម្លាំងទ័ពដើម្បីកាត់យកទឹកដីនៃប្រទេសមួយ ឬរំលោភលើបូរណភាពទឹកដី អធិបតេយ្យភាពនៃរដ្ឋឯករាជ្យមួយទៀតពីសំណាក់រដ្ឋមួយឡើយ»។ ទោះបីជាយ៉ាង អ្នកជំនាញខ្លះមើលឃើញថា សេចក្តីប្រកាសរួមនេះគឺជា«ការដើរថយក្រោយ»លើបញ្ហាអ៊ុយក្រែន។

មន្ត្រីប្រតិភូលោកខាងលិចផ្សេងទៀតបានអះអាងថា ការឯកភាពគ្នានេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមក្នុងការបញ្ចុះបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់សង្រ្គាម។ មន្ត្រីទាំងនោះជឿថា តាមរយៈសេចក្តីថ្លែងការណ៍នេះ បើទោះជាគ្មានពាក្យថ្កោលទោសក៏ពិតមែន ប៉ុន្តែធ្វើឱ្យមេដឹកនាំ G20 ប្តេជ្ញារក្សាបូរណភាពទឹកដីអ៊ុយក្រែនក្នុងចិត្ត។ លោក Jon Finer អនុទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក រួមទាំង ប្រេស៊ីល ឥណ្ឌា អាហ្រ្វិកខាងត្បូង បានបង្ហាញការរួបរួមគ្នា ចំពោះភាពចាំបាច់ដែលឱ្យរុស្ស៊ីលើកកម្ពស់ និងគោរពច្បាប់អន្តរជាតិ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិននិងថៃជាច្រើនបានជួយគាំទ្រសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលកំពុងរងទណ្ឌកម្មពីបស្ចិមលោក

ព័ត៌មាន
ក្រុមហ៊ុនចិន និងថៃជាច្រើនរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទំនិញប្រើប្រាស់ បានពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីបំពេញចន្លោះប្រហោងសេដ្ឋកិច្ចន…

លោក ចូ បៃដិន ប្រាប់ចិនថា អាមេរិកមិនចង់រាំងខ្ទប់ ឬបន្ទច់បង្អាក់សេដ្ឋកិច្ចចិននោះទេ

ព័ត៌មាន
ក្រោយទៅដល់ទីក្រុងហាណូយដើម្បីបំពេញដំណើរទស្សនកិច្ចមួយថ្ងៃនៅប្រទេសវៀតណាម លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកបានបើកជំនួបពិភាក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ