បណ្ដាប្រមុខរដ្ឋរបស់បណ្តាប្រទេសនានា បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីលចន្លោះពីថ្ងៃទី១៧-១៩ វិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានានារាប់ចាប់ពីបញ្ហាភាពក្រីក្រ ភាពអត់ឃ្លាន រហូតដល់បញ្ហាធ្វើកំណែទម្រង់ស្ថាប័នពិភពលោក។ កិច្ចពិភាក្សានៃក្រុមប្រទេស G20 នៅពេលនេះ ក៏ត្រូវរិះរកវិធីដោះស្រាយដើម្បីបញ្ចប់វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកាន់តែឡើងកម្ដៅ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏គ្រោះថ្នាក់ពីសំណាក់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅផងដែរ។
បើតាមការទម្លាយឱ្យដឹងពីប្រភពច្បាស់ការមួយ ប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង២០នេះបានឈានដល់ការឯកភាពគ្នាយ៉ាងផុយស្រួយលើហិរញ្ញវត្ថុអាកាសធាតុ ក្រោយការចរចារបស់អង្គការសហប្រជាជាតិ (UN) បានបរាជ័យនៅក្នុងប្រទេសអាហ្ស៊ែរបៃហ្សង់ កន្លងមក។
ទោះជាយ៉ាងនេះក្ដី ក៏កិច្ចពិភាក្សាស្តីពីអាកាសធាតុដែលកំពុងបន្តរបស់អង្គការសហប្រជាជាតិនេះ នៅតែផ្ដោតជាចម្បងលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាការកើនឡើងកម្ដៅនៃផែនដី។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់ មានភារកិច្ចធ្វើយ៉ាងណាឱ្យឈានដល់កិច្ចព្រមព្រៀងលើគោលដៅរួមមួយដើម្បីរៃអង្គាសមូលនិធិឱ្យបានរាប់រយពាន់លានដុល្លារអាម៉េរិកសម្រាប់កិច្ចការអាកាសធាតុ ហើយ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G20 មានភារកិច្ចគ្រប់គ្រងធនធានហិរញ្ញវត្ថុទាំងនោះដើម្បីធ្វើឱ្យប្រាកដថា អ្វីៗដំណើរការទៅតាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ថា ក្រុមប្រទេស G20 មានចំណែកគ្របដណ្ដប់រហូតដល់ទៅ៨៥%នៃសេដ្ឋកិច្ចពិភពលោក និងជាអ្នកផ្ដល់ដើមទុនច្រើនបំផុតដល់បណ្ដាធនាគារអភិវឌ្ឍន៍ដែលផ្តោតលើអាកាសធាតុ៕
ដោយ: តែម សុខុម