វ៉ាក់សាំងកូវីដ-១៩របស់ចិន

តើវ៉ាក់សាំងចិន Sinovac និង Sinopharm អាចឆ្លងផុត​ដំណាក់​កាល​ត្រួតពិនិត្យ​ចុងក្រោយ​ពី WHO ដែរឬទេ?​


ការពិនិត្យវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ចំពោះវ៉ាក់សាំងកូវីដ-១៩របស់ចិន ចំនួន២ប្រភេទ គឺ Sinopharm និង Sinovac សម្រាប់អាជ្ញាបណ្ណប្រើប្រាស់បន្ទាន់ កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យដាក់បញ្ចូលទៅក្នុងយន្ដការកម្មវិធី Covax Facilityហើយ ពោលគឺដំណើរការនេះ កំពុងធ្វើឡើងតាមការគ្រោងទុក ដែលវាជាជំហានចុងក្រោយមួយរបស់ចិន ក្នុងការឈានទៅទទួលបានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនទាំងពីរប្រភេទនេះ ក្នុងក្របខណ្ឌជាការប្រើប្រាស់បន្ទាន់។
វ៉ាក់សាំងចិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃដំណើរការអនុម័តឲ្យប្រើប្រាស់ដោយ WHOហើយ!
ដោយ

ត្រូវបាន​ស្រង់​សម្ដី ដោយសារព័ត៌មាន SCMP លោកស្រី Kate O’Brien នាយិកា​នាយកដ្ឋាន​​ចាក់ថ្នាំបង្ការ​នៃអង្គការសុខភាពពិភពលោក បាននិយាយ​នៅថ្ងៃទី ២២ ខែមេសាថា កិច្ចប្រជុំពិភាក្សា​អំពី​វ៉ាក់សាំង​ Sinopharm នឹងត្រូវធ្វើឡើង​នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ខណៈដែល​ Sinovac នឹងធ្វើឡើង​នៅទី ៣ខែឧសភាខាងមុខនេះ។

លោកស្រីបន្ថែមថា «យើង​មានសេចក្ដីរីករាយ ដែលយើង​មកដល់​ចំណុចនេះ ហើយ​​កិច្ចប្រជុំ​ត្រួតពិនិត្យទាំងនេះ អាចត្រូវបានកំណត់​ពេលវេលា​​ដែលបានគ្រោងទុក ហើយយើង​កំពុងទន្ទឹងរង់ចាំ ដំណើរការ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជាផ្លូវការនៃដំណើរការ​​ដាក់បញ្ចូល​ (វ៉ាក់សាំងចិន) ​ក្នុង​អាជ្ញាបណ្ណ​​​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់»។ លោកស្រីបន្ថែមទៀតថា អង្គការសុខភាពពិភពលោក បានបន្ត​ទាក់ទង​យ៉ាងជាប់លាប់​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ចិន​ទាំងពីរនេះ ដើម្បី​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្លូវការនាពេលខាងមុខនេះ។

បើតាម​មន្ត្រីជាន់ខ្ពស់​អង្គការសុខភាពពិភពលោក​រូបនេះ បាន​គូសបញ្ជាក់ទៀតថា «កិច្ចប្រជុំត្រួតពិនិត្យ​ត្រូវ​បាន​​គ្រោងទុក​​ដោយផ្អែកទៅលើ​ការរំពឹងទុក​ថា របាយការណ៍​ទទួលបាន​ពីអ្នកត្រួតពិនិត្យ​ទាំងអស់ នឹងត្រូវ​បញ្ចប់​រួចរាល់​​ទាន់ពេលវេលា​សម្រាប់​កិច្ចប្រជុំនោះ។ 

យោងតាម​ការអនុវត្ត​នាពេលកន្លងមក ការផ្ដល់អាជ្ញាបណ្ណ​សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​បន្ទាន់ នឹងត្រូវបាន​ផ្ដល់ជូន​ក្នុងពេលវេលា​យ៉ាងខ្លី បន្ទាប់ពី​មានការណែនាំឲ្យប្រើប្រាស់​ដោយ​អ្នកត្រួតពិនិត្យ​នៅក្នុង​កិច្ចប្រជុំផ្លូវការនោះ។ ហេតុនេះ បើសិនជា​វ៉ាក់សាំងចិន​ អាចបំពេញ​តាម​តម្រូវការ​នៃការត្រួតពិនិត្យ​​វាយតម្លៃ​របស់​អង្គការសុខភាពពិភពលោក​មែននោះ វានឹងបើកផ្លូវ​ឲ្យវ៉ាក់សាំងចិន​ Sinopharm និង Sinovac នឹងត្រូវបាន​​បញ្ជូលក្នុង​កម្មវិធីយន្ដការ​ Covax ជាក់ជាមិនខានឡើយ។

យ៉ាងណាមិញ បើអង្គការសុខភាពពិភពលោក​ពិតជាទទួលស្គាល់វ៉ាក់សាំងចិនទាំងពីរប្រភេទនេះមែន នោះវាក៏នឹង​បង្កើន​ទំនុកចិត្ត​លើ​វ៉ាក់សាំងចិនទាំងនេះ​កាន់តែខ្លាំងឡើងផងដែរ ដែលកន្លងមក​វ៉ាក់សាំងចិនទាំងពីរនេះ ប្រឈមនឹងសម្ពាធ​ទាក់ទង​នឹង​បញ្ហា​កង្វះ​តម្លាភាព និងមានទិន្នន័យច្របូកច្របល់។ 

យ៉ាងណាក៏ដោយចុះ វ៉ាក់សាំងចិនទាំងនេះ បាន​ចាក់ជូន​ដល់​ប្រជាជនចិន​រាប់រយ​លាន​ដូសរួចទៅហើយ ហើយក៏មាន​ជាង​ ១០០លានដូសទៀត ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ជាច្រើន​ទៀត បើទោះបីជា ក្នុងនោះ វ៉ាក់សាំង Sinopharm មិនទាន់បាន​ផ្ដល់​ពីទិន្នន័យបញ្ជាក់​​នៃការធ្វើតេស្ដ​ចាក់សាកល្បង​​ចុងក្រោយ​ក៏ដោយចុះ។

នៅក្នុងខែ មីនា ក្នុងកិច្ចប្រជុំ​ទីប្រឹក្សាយុទ្ធសាស្ត្រ​នៃអ្នកជំនាញ​អង្គការ​សុខភាពពិភពលោក ទាក់ទង​នឹងការ​សម្រេចអំពី​របៀបដែល​វ៉ាក់សាំង​គួរតែ​ត្រូវបាន​ដាក់​ឲ្យប្រើប្រាស់ ​បាន​ឲ្យដឹងថា ទិន្នន័យពីក្រុមហ៊ុន​វ៉ាក់សាំងចិន​ទាំងពីរនេះ បានឆ្លើយតប​ទៅនឹង​ការ​តម្រូវ​អប្បបរមានៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​​ត្រឹមតែ​ប្រមាណ ៥០% ប៉ុណ្ណោះ។ ប៉ុន្ដែ អ្នកជំនាញ​អង្គការ​សុខភាពពិភពលោក បាន​និយាយដែរថា វាត្រូវការ​ទិន្នន័យ​បន្ថែមទៀត ស្ដីពីការចាក់វ៉ាក់សាំង​​លើមនុស្ស​​មានវ័យចំណាស់ និងមនុស្ស​​ដែលមាន​សុខភាព​មិនអំណោយផល។

សូមបញ្ជាក់ថា នៅប្រទេសចិន មានវ៉ាក់សាំង​កូវីដ-១៩ ចំនួន ៤ប្រភេទហើយ​​ត្រូវបាន​អនុញ្ញាតឲ្យប្រើប្រាស់ តែមិនទាន់មានការបញ្ជាក់​ទទួលស្គាល់​ឲ្យ​ប្រើប្រាស់​​ពីអង្គការសុខភាព​ពិភពលោក​នៅឡើយ។

កម្មវិធី Covax របស់អង្គការសុខភាព​ពិភពលោក មានគោលដៅ​នឹងផ្ដល់ជូន​វ៉ាក់សាំង​សម្រាប់​​ប្រទេស​ដែលជាសមាជិក​ ដោយក្នុង​មួយ​ប្រទេស​អាច​ទទួលបាន​វ៉ាក់សាំង​​ចាក់ជូនពលរដ្ឋ​របស់ខ្លួន ​២០% នៃចំនួន​ពលរដ្ឋសរុប។ ក្នុងនោះ វ៉ាក់សាំង​ដែលត្រូវបាន​ប្រើប្រាស់​ក្នុងកម្មវិធីនេះ រួមមាន វ៉ាក់សាំង mRNA ដែលផលិតរួមគ្នា​ដោយ​ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer/BioNTech វ៉ាក់សាំង​ AstraZenecaរបស់អង់គ្លេស និង Johnson & Johnson របស់អាមេរិកជាដើម៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌា៖ ឆេះ​មន្ទីរពេទ្យ​កំពុង​ព្យាបាល​កូវីដ-១៩ ស្លាប់​អ្នកជំងឺ​យ៉ាងហោច ១៣នាក់

ព័ត៌មាន
យ៉ាងហោចណាស់ ​អ្នកជំងឺ​កូវីដ-១៩ ចំនួន ១៣នាក់​បាន​ស្លាប់ បន្ទាប់ពី​អគ្គីភ័យ​បាន​ឆាបឆេះ​បន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​មួយ​ដែល​កំពុ…

ចិន​ខឹងច្រឡោត បន្ទាប់ពីអូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​«ខ្សែក្រវាត់មួយ ផ្លូវមួយ»

ព័ត៌មាន
ចិនបាន​រិះគន់​ប្រទេស​អូស្ត្រាលី​យ៉ាងចាស់ដៃ បន្ទាប់ពីអូស្ត្រាលី​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​«ខ្សែ​ក្រវាត់មួយ ផ្លូវមួយ» ដែល​រដ្ឋ​មួយ​របស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ