កិច្ចប្រជុំកំពូលនៅឆ្នាំនេះធ្វើឡើង ក្នុងភាពអាប់អ៊ួរជាងឆ្នាំមុន នៅពេលដែលមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីមានរោគរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកាលនោះមិនមានបញ្ហាអ្វីច្រើនក្រៅតែពីកូវីដ១៩ ដោយគេបានប្តេជ្ញាថានឹងកសាងពិភពលោកឡើងវិញឱ្យកាន់តែប្រសើរឡើង។
របៀបវារៈសំខាន់បំផុតនៃជំនួបកំពូល G7 នៅឆ្នាំនេះរួមមាន ការឡើងថ្លៃថាមពល និងតម្លៃអាហារពិភពលោក ដែលកំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងស្ថានការណ៍សង្គ្រាមបច្ចុប្បន្ន។ ទោះយ៉ាងណាគេក៏មិនភ្លេចដែរ បញ្ហាបម្រែបម្រួលអាកាសធាតុ សំណុំរឿងប្រទេសចិន និងការកើនឡើងនៃរបបផ្តាច់ការ តាមប្រទេសជុំវិញពិភពលោក។
ក្រៅពីនោះ មេដឹកនាំ G7 ត្រូវបានគេរំពឹងថានឹងស្វែងរកការរួបរួមបន្ថែមទៀត លើការគាំទ្រអ៊ុយក្រែន ព្រមទាំងបង្កើនសម្ពាធលើវិមានក្រឹមឡាំង។ G7នឹងព្យាយាមដាក់សម្ពាធ តែជៀសវាងការដាក់ទណ្ឌកម្មណា ដែលអាចបង្កឱ្យមានអតិផរណា និងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិបត្តិដែលកំពុងមានស្រាប់។
ទន្ទឹមនេះ ប្រភពដែលដឹងពីជំនួបកំពូលបានប្រាប់រ៉យទ័រថា ដៃគូ G7 គ្រោងនឹងយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីប្រទេសរុស្ស៊ី។ ក្រោយមកប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា មេដឹកនាំទាំងអស់កំពុងសន្ទនាពីការកំណត់តម្លៃ សម្រាប់ប្រេងរុស្ស៊ីលើទីផ្សារ។ មេដឹកនាំ G7 ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីដំណោះស្រាយការកើនឡើងតម្លៃថាមពល និងការជំនួសការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ។
សូមជម្រាបថា ជំនួបកំពូលក្រុមប្រទេសរីកចម្រើនខ្លាំងទាំង៧ ឬហៅកាត់ថា G7 លើកទី៤៨នៅឆ្នាំនេះ នឹងធ្វើឡើងពីថ្ងៃទី២៦ ដល់២៨មិថុនា ដែលអាល្លឺម៉ង់ទទួលធ្វើជាម្ចាស់ផ្ទះ៕