ចិននិងអឺរ៉ុបជាអ្នកខាតបង់ធ្ងន់ដោយសារស្នាដៃសហរដ្ឋអាមេរិកនិងវៀតណាម

តើប្រទេសណាខ្លះខាតបង់បន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមលើកកំពស់ទំនាក់ទំនងជាមួយគ្នា?


ប្រទេសចិន ក្រុមហ៊ុន Airbus របស់អឺរ៉ុប ហើយក៏អាចរុស្ស៊ីផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលស្ថិតក្នុងចំណោមក្រុមអ្នកខាតបង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាមបានប្រកាសនូវការលើកកំពស់កម្រិតកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរឲ្យឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រៅពីនោះម៉ាឡេស៊ី និង ឥណ្ឌា ក៏ត្រូវបានគេអះអាងថា ស្ថិតនៅក្នុងបញ្ជីក្រុមប្រទេស ដែលខាតបង់ ដោយសារតែសភាពការណ៍នយោបាយ និងកិច្ចការអន្តរជាតិរវាងសហរដ្ឋអាមេរិក និងវៀតណាមនេះផងដែរ។
ចិននិងអឺរ៉ុបជាអ្នកខាតបង់ធ្ងន់ដោយសារស្នាដៃសហរដ្ឋអាមេរិកនិងវៀតណាម
ដោយ

សហរដ្ឋអាមេរិក និងវៀតណាមបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរបស់ពួកគេ ដែលជាជំហានប្រវត្តិសាស្ត្រសម្រាប់អតីតសត្រូវទាំងពីរ ដោយបានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលអាចកើតមាន ប៉ុន្តែសមិទ្ធផលការទូតនេះ ត្រូវបានក្រុមអ្នកវិភាគអះអាងថា បាននាំអោយមានការខាតបង់ដល់ប្រទេសមួយចំនួន ជាពិសេសចិន រុស្ស៊ី អឺរ៉ុប រួមទាំងឥណ្ឌា និងម៉ាឡេស៊ីផងដែរ។
សម្រាប់ចិន៖ វៀតណាមបានបង្ហាញនូវគោលជំហរប្រយ័ត្នប្រយែងក្នុងការសង្កត់ធ្ងន់ថា ទំនាក់ទំនងដែលខ្លួនបានបង្កើនជាមួយទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើឲ្យទីក្រុងប៉េកាំងព្រួយបារម្ភ។ ប៉ុន្តែការដំឡើងកម្រិតទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនដល់កម្រិតដូចគ្នានឹងទីក្រុងប៉េកាំងក្នុងចំណាត់ថ្នាក់របស់វៀតណាម នឹងជះឥទ្ធិពលដោយជៀសមិនរួចដល់ប្រទេសចិន។
ទីក្រុងប៉េកាំងអាចបាត់បង់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យផលិតកម្មបន្ទះឈីប ដែលទីក្រុងវ៉ាស៊ីនតោនបានសន្យាថា នឹងជំរុញឧស្សាហកម្មរបស់វៀតណាមជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការកាត់បន្ថយការប្រឈមមុខនឹងហានិភ័យ ដែលទាក់ទងនឹងចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជឿថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនានាមិនអាចកំណត់គោលដៅភាគីទីបីបានទេ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលអនុត្តរភាព និងការគិតក្នុងសង្គ្រាមត្រជាក់។
សម្រាប់ប្រទេសរុស្ស៊ី៖ វៀតណាមគឺជាដៃគូជិតស្និទ្ធរបស់រុស្ស៊ី និងជាប្រទេសនាំចូលអាវុធកំពូលមួយរបស់ខ្លួន ដែលត្រូវបានគេប៉ាន់ស្មានថា មានប្រហែល៨០ភាគរយ នៃឃ្លាំងអាវុធរបស់ប្រទេស។ មកដល់ពេលនេះសេតវិមានមិនបានប្រកាសពីកិច្ចព្រមព្រៀងសព្វាវុធថ្មីនៅឡើយទេ ប៉ុន្តែទំនាក់ទំនងដែលទទួលបានអាចសម្របសម្រួលការផ្គត់ផ្គង់នាពេលអនាគតពីសហរដ្ឋអាមេរិក ឬដៃគូរបស់ខ្លួនមកកាន់វៀតណាម។
សម្រាប់សហភាពអឺរ៉ុប អ្នកខាតធ្ងន់គឺក្រុមហ៊ុន AIRBUS៖ ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅទីក្រុងហាណូយ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានយល់ព្រមលក់យន្តហោះប៊ូអ៊ីង 737 MAX ចំនួន៥០គ្រឿងរបស់ខ្លួនទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ខណៈដែលពេលនេះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវៀតណាម កំពុងដំណើរការដោយយន្តហោះផ្គត់ផ្គងដោយ ក្រុមហ៊ុន Airbus ដែលជាគូប្រជែងផ្ទាល់របស់ក្រុមហ៊ុន Boeing។
ក្រៅពីនោះប្រទេសដែលខាតបង់ផ្សេងទៀត គឺអាចមានឥណ្ឌា និងម៉ាឡេស៊ី ដោយសារទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមជំរុញការគាំទ្រយ៉ាងខ្លាំងដល់ឧស្សាហកម្មបន្ទះឈីប និងបញ្ញាសិប្បនិមិត្តនៅវៀតណាម ដោយប្រកាសពីគម្រោងវិនិយោគថ្មីពីក្រុមហ៊ុនអាមេរិក រួមទាំងរោងចក្រ semiconductors តម្លៃ១,៦ពាន់លានដុល្លារ ដែលនឹងត្រូវសាងសង់ដោយ Amkor និងភាពជាដៃគូរវាងក្រុមហ៊ុន AI យក្សរបស់សហរដ្ឋអាមេរិក Nvidia និង Microsoft។ គម្រោងទាំងនេះអាចជះឥទ្ធិពលដល់ម៉ាឡេស៊ី និងឥណ្ឌា ដែលជាគូប្រជែងកំពូលរបស់វៀតណាមក្នុងចំណោមប្រទេសអាស៊ី ដែលកំពុងរីកចម្រើនក្នុងវិស័យឈីប និងបញ្ញាសិប្បនិម្មិត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កំណើន GDP ចិនត្រូវបានព្យាករកាត់បន្ថយមកនៅត្រឹម៥%នៅឆ្នាំនេះ និង៤,៥%នៅឆ្នាំក្រោយ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងតិចជាងការរំពឹងទុកសម្រាប់ឆ្នាំនេះ គឺនឹងធ្លាក់មកនៅត្រឹមតែ៥% និងជាង៤%នៅឆ្នាំក្រោយ ដោយសារទីផ្សារអចលនទ្រព្យ ដ…

ចិន និងរុស្ស៊ីនឹងសងឃ្លាំងស្តុកគ្រាប់ធញ្ញជាតិរួមគ្នាតម្លៃជិត១៦០លានដុល្លារ ដើម្បីសម្រួលពាណិជ្ជកម្ម និងបង្កើនសន្តិសុខស្បៀង

ព័ត៌មាន
ជាអ្វីដែលប្រទេសចិន និងរុស្ស៊ីបាននិងកំពុងធ្វើតាំងពីឆ្នាំមុន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប្រទេសទាំងពីរព្រមព្រៀងគ្នាវិនិយោគ និងបង្កើតមជ្ឈមណ្ឌលគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ