បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ

ក្រុមប្រទេសG7 នឹងស្នើសុំឱ្យក្រុមប្រទេស G20 ជួយត្រួតពិនិត្យបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ


ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នឹងអំពាវនាវឱ្យសមាជិកនៃក្រុមប្រទេសជឿនលឿនទាំង២០ (G20) ចូលរួមក្នុងក្របខ័ណ្ឌចែករំលែកទិន្នន័យបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍនិងកំពុងរីកចម្រើន បន្ទាប់ពីការសិក្សាថ្មីៗបានបង្ហាញពីភាពខុសគ្នាសរុបចំនួន ៦,៥ ពាន់លានដុល្លារ រវាងកំណត់ត្រារបស់ប្រទេសម្ចាស់បំណុល និងកំណត់ត្រារបស់ប្រទេសកូនបំណុល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
បញ្ហាកម្ចីរបស់ប្រទេសក្រីក្រគឺអ្នកឱ្យខ្ចីកត់ត្រាលើសពីទំហំដែលអ្នកខ្ចីបានកត់ត្រា
ដោយ

ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ចង់ឱ្យសមាជិកប្រហែលពាក់កណ្តាលនៃក្រុមប្រទេសជឿនលឿនទាំង២០ (G20) ចូលរួមក្នុងក្របខ័ណ្ឌចែករំលែកទិន្នន័យបំណុល រួមទាំងប្រទេសចិន អាហ្សង់ទីន និង តួកគីផង។ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីក្រុមប្រទេសជឿនលឿន ជី ២០ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការធ្វើឱ្យមានតម្លាភាពកាន់តែច្រើនឡើង ទាក់ទងនឹងបំណុល អំឡុងកិច្ចប្រជុំមួយដែលគ្រោងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌានាពេលខាងមុខ។

ក្របខ័ណ្ឌថ្មីនេះមានបំណងផ្តល់តម្លាភាពកាន់តែច្រើនទាក់ទងនឹងបំណុល ដើម្បីបង្ការការខ្ចីប្រាក់ច្រើនហួសកម្រិត និងដើម្បីអនុញ្ញាតឱ្យមានការឆ្លើយតបឆាប់រហ័សចំពោះវិបត្តិ។ ការជំរុញរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនជី៧ខាងលើនេះ បានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការបង្កើនការផ្តល់ប្រាក់កម្ចីរបស់ចិនឱ្យប្រទេសកំពុងអភិវឌ្ឍ ក្រោមកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ធនាគារពិភពលោកតម្រូវឱ្យអ្នកខ្ចីរាយការណ៍ព័ត៌មានស្ដីពីបំណុលក្រៅប្រទេសរបស់ពួកគេរៀងរាល់ត្រីមាស។ ស្ថិតក្រោមអាណត្តិនៃប្រធានឆ្លាស់វេនរបស់ប្រទេសជប៉ុន ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (ជី៧) បានប្រៀបធៀបទិន្នន័យនេះជាមួយកំណត់ត្រាផ្តល់ប្រាក់កម្ចីដែលរក្សាទុកដោយប្រទេសចំនួន១៨ រួមទាំងប្រទេសសមាជិកក្នុងក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ក៏ដូចជាប្រទេសម្ចាស់បំណុលធំៗនៅក្នុងក្លឹបប៉ារីសផងដែរ។

គំនិតផ្តួចផ្តើមជាលើកដំបូងនេះបានរកឃើញថា ម្ចាស់បំណុលបានរាយការណ៍អំពីទំហំបំណុលសរុបចំនួនជិត ៦៣ពាន់លានដុល្លារ បើគិតត្រឹមដំណាច់ឆ្នាំ២០២១។ ស្ថិតិនេះគឺលើសពីទំហំបំណុលក្នុងរបាយការណ៍របស់ក្រុមប្រទេសកូនបំណុល ចំនួន ៦,៥ពាន់លានដុល្លារឯណោះ។

ធនាគារពិភពលោកជឿជាក់ថា ប្រទេសកូនបំណុលប្រហែលជាមិនមានព័ត៌មានពេញលេញអំពីបំណុលរបស់ពួកគេទេ។ បញ្ហាប្រព័ន្ធទិន្នន័យ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗទៀត បានរារាំងប្រទេសកូនបំណុលមិនឱ្យរាយការណ៍អំពីទិន្នន័យបានត្រឹមត្រូវនាពេលកន្លងមក ហើយភាពស្មុគស្មាញនៃការគណនាការប្រាក់យឺតយ៉ាវ ក៏អាចធ្វើឱ្យមានមន្ទិលសង្ស័យចំពោះកំណើនទំហំបំណុលដែលនៅសល់ផងដែរ។

បំណុលរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសកំពុងរីកចម្រើន បានក្លាយជាបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើង នៅពេលតម្លៃទំនិញបានកើនឡើងនៅជុំវិញពិភពលោក។ ការដំឡើងអត្រាការប្រាក់ដ៏គំហុកនៅសហរដ្ឋអាមេរិកនិងនៅអឺរ៉ុប គ្មានអ្វីក្រៅពីបន្ថែមបន្ទុកចំណាយលើការសងបំណុលទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈមកនៅត្រឹមជាង៥% ដើម្បីបញ្ចុះតម្លៃសាំងនាពេលអនាគត

ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈនានា ដើម្បីសម្រាលការចំណាយរបស់ពលរដ្ឋវៀតណាម និងដើម្បីកាត់បន្ថយហានិភ័យអតិផរណាផងដែ…

ធនាគារសិង្ហបុរី UOB នឹងបិទគណនីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា ក្រោយពីលេចឭរឿងជួញដូរអាវុធនិងវត្ថុធាតុដើម

ធនាគារយូអូប៊ី (UOB) របស់ប្រទេសសិង្ហបុរី នឹងបិទគណនីទាំង៥របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) នៅថ្ងៃទី១៥ ខែសីហា ក្រោយពីមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ