សារព័ត៌មានបច្ចិមប្រទេសធំៗបានរាយការណ៍កាលពីថ្ងៃពុធថា ការហាមឃាត់ការធ្វើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ដោយក្រុមប្រទេស G7 ត្រូវបានកំណត់ជាសាធារណៈឲ្យបញ្ចប់នៅត្រឹមចុងខែនេះ។ ការដាក់បម្រាមលើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ត្រូវបានគេអះអាងថា គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មជុំទី១២ ដែលសហភាពអឺរ៉ុប បានដាក់ប្រឆាំងនឹងទីក្រុងមូស្គូ ដែលបានវាយចូលឈ្លានពានអ៊ុយក្រែនកន្លងមក។
អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានប្រាប់អ្នកសារព័ត៌មានដោយមិនបញ្ចេញអត្តសញ្ញាណថា ឥឡូវនេះខ្លួនត្រូវការសម្រេចជាចុងក្រោយក្នុងរង្វង់ក្រុមប្រទេស G7 មុនពេលក្លាយជាយន្តការច្បាប់ ដែលមានដែនកំណើតនៅក្នុងសហគមន៍អឺរ៉ុប។ ក្រុមប្រទេស G7 ដែលរួមមាន កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានប្រកាសថា ពួកគេគ្រោងនឹងដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរនៅក្នុងក្រុមប្រទេសទាំងនេះ។
ពាក់ព័ន្ធនឹងផែនការនេះ ប្រទេសបែលហ្ស៊ិក កាលពីពេលកន្លងទៅ បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តលោកខាងលិចក្នុងការរារាំងពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ី ដោយព្រមានថា ការសម្រេចនេះនឹងបង្កផលប៉ះពាល់ដល់ទីផ្សារ ដោយសាររុស្ស៊ី ក៏ជាប្រទេសដ៏មានសក្តានុពលនៃទីផ្សារពេជ្រពិភពលោកមួយផងដែរ។
នៅក្រោមសំណើរបស់បែលហ្ស៊ិក ក្រុមប្រទេស G7 បានណែនាំពីការដាក់ប្រព័ន្ធតាមដានពេជ្រ ដែលស្រដៀងនឹងប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តរជាតិ រវាងធនាគារ និងធនាគារ ដែលគេហៅថា SWIFT។ តាមរយៈយន្តការនេះ វានឹងរារាំងផលិតផលពេជ្រនានា ដែលមានដើមកំណើតនៅក្នុងប្រទេសរុស្ស៊ី មិនឱ្យចូលក្នុងចរន្តនៃទីផ្សារពិភពលោក។
រហូតមកដល់ពេលនេះ ការធ្វើពាណិជ្ជពេជ្ររបស់រុស្ស៊ី ត្រូវបានរារាំងដោយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែអនុញ្ញាតឱ្យទិញត្បូង ដែលចម្រាញ់ចេញនៅក្នុងប្រទេសរុស្ស៊ី ហើយបានកែច្នៃក្នុងប្រទេសផ្សេង។
ទន្ទឹមនឹងនេះ រុស្ស៊ីកំពុងប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួនទៅកាន់ទីផ្សារផ្សេងជំនួសវិញ រួមមានប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុស្ស។ កាលពីដើមខែតុលា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមប្រទេស G7 ក៏បានដាក់កម្រិតលើឧស្សាហកម្មត្បូងពេជ្ររុស្ស៊ី ទំហំចាប់ពីមួយការ៉ាត់ឡើង ដែលកែច្នៃនៅឥណ្ឌាមិនឱ្យចូលទីផ្សារ តែទោះបីជាយ៉ាងណាក៏ដោយក្រុមប្រទេស G7 មិនបានជំទាស់ចំពោះពាណិជ្ជករ ដែលទិញពេជ្រពីប្រទេសរុស្ស៊ី ដែលបានកែច្នៃ និងលក់ទៅកាន់ទីផ្សារផ្សេងទៀតនោះទេ។
គេបានដឹងថា ប្រហែលមួយភាគបីនៃពេជ្ររបស់ពិភពលោកត្រូវបានចម្រាញ់នៅក្នុងប្រទេសរុស្ស៊ីដោយក្រុមហ៊ុនរដ្ឋ Alrosa ដែលមានប្រតិបត្តិការអណ្តូងរ៉ែ នៅតំបន់ យ៉ាគូស្យា ( Yakutia) ស៊ីបេរី និងតំបន់អាកខានហ្គែលនៅចុងភាគខាងជើង នៃប្រទេសរុស្ស៊ី៕