វិស័យ​កាត់ដេរ​រងគ្រោះ​ផ្ទួនៗ​ពីកូវីដ១៩ផង ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់អឺរ៉ុបផង!

ការបញ្ជា​ទិញ​សម្លៀក​បំពាក់​និង​ស្បែកជើង​ពី​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​ស្រពេច​ស្រពិល!


មេដឹកនាំ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ថា GMAC បាន​អះអាង​ជា​ថ្មី​ទៀត​ថា វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង​នៅ​កម្ពុជា នៅតែ​បន្ត​រងឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​ក្លា​ជា​បន្ត​ទៀត ពី​ជំងឺ​កូវីដ១៩ ខណៈ​ការបញ្ជា​ទិញ​ថ្មីៗ​ពី​ទីផ្សារបរទេស គិត​រហូត​មក​ដល់​ចុង​ខែមិថុនា​នេះ ឃើញ​ថា​មិន​មាន​ការបញ្ជា​ទិញ​ណា​មួយ​ឡើយ ហើយ​ឧស្សាហកម្ម​កាត់ដេរ​មួយ​នេះ អាច​នឹង​បន្ត​រងគ្រោះ​រហូត​ដល់​ខែ​តុលា ឆ្នាំ២០២០ ឬ​លើស​ពី​នេះ​ទៅ​ទៀត។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org
ដោយ

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC) បាន​បញ្ជាក់​ជា​ថ្មី​នៅថ្ងៃ​នេះ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០) ថា មក​ដល់​ពេលនេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង ស្បែកជើង​ពុំទាន់​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​ល្អ​ប្រសើរ​នោះ​ទេ មិនល្អ​ដោយសារ​តែ​ការ​បញ្ជា​ទិញ​ទាំងឡាយ​កាលពីឆ្នាំ២០១៩ ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់​រហូត​ដល់​ខែ​កក្កដា ឬ អាច​លើស​ពី​នេះទៀត បើសិន​ស្ថានភាព​ជំងឺកូវីដ​១៩ នៅ​បន្ត​អូស​បន្លាយ​យ៉ាង​ដូច្នេះ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ការ​បញ្ជា​ទិញ​ថ្មីៗ គិតមក​ដល់​ខែ​មិថុនា​នេះ គឺ​មិនមាន​ការបញ្ជា​ទិញ​សោះ​តែ​ម្តង ខណៈ​ប្រទេស​ដែល​ធ្លាប់តែ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នៅ​បន្ត​រងគ្រោះ​ពី​ជំងឺកូវីដ១៩ ដដែល។

លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង គិតថា ស្ថានភាព​នេះ​នៅតែ​អូស​បន្លាយ​រហូត​ដល់​ខែ​តុលា ឬ​ដល់​ដំណាច់​ឆ្នាំ​២០២០ ជាពិសេស ២ ទៅ ៣​ខែ តទៅមុខទៀត វិស័យ​ឧស្សាហកម្ម​រោងចក្រ​នេះ នឹង​នៅតែ​ពិបាក ហើយក៏នឹង​មាន​ការព្យួរ​ការងារ​បន្ថែម​រហូត​ទៅដល់​ខែ​តុលា ឬ​យូរ​ជាង​នេះទៅទៀត។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បន្ថែម​ថា បើសិន​ជា​មាន​ការបញ្ជា​ទិញ​ថ្មីៗ​ណាមួយ​កើត​ឡើង​វិញ​នោះ ទើប​រោងចក្រ​កាត់ដេរ​ទាំងអស់​នោះ អាច​ដំណើរការ​ផលិត​របស់​ខ្លួន​ឡើង​វិញ​បាន ហើយ​វា​នឹង​ជំរុញ​ឲ្យ​ការនាំចេញ​ប្រសើរ​ឡើងវិញ ខណៈ​ការនាំចេញ​ក្នុង​ខែមិថុនា​នេះ​សម្រេច​បាន​ប្រមាណតែ ៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​វា​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​ពី ២០ ទៅ ៣០​ភាគរយ​ទៀត នៅរយៈពេល ៣ ទៅ ៤​ខែ​ ខាងមុខ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានឲ្យដឹងទៀតថា វិស័យ​កាត់ដេរ​កម្ពុជា​ប្រឈម​បញ្ហា​ជាប់ៗ​គ្នា មិនត្រឹម​តែ​ខ្វះ​វត្ថុធាតុ​ដើម​ក្នុង​ការផលិត​ប៉ុណ្ណោះ​ទេ ថែមទាំង​អ្នក​បញ្ជា​ទិញ​ក៏​សុំឲ្យ​មាន​ការពន្យារ​ការផលិត ខណៈ​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប កំពុង​បិទ​អាជីវកម្ម​មួយ​ចំនួន​ដោយសារ​បញ្ហា​កូវីដ​១៩ និង​ជាងនេះទៀត នៅខែ​សីហា​ខាងមុខ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​ក៏​នឹង​ត្រូវ​បាន​អនុវត្ត ដែល​នឹង​ធ្វើ​ឲ្យការនាំចេញ​នៃ​ឧស្សាហកម្ម​កាត់ដេរ​មួយ​នេះ បាត់បង់​ចំណែក​ទីផ្សារ​រហូត ២០​ភាគរយ ពោល​គឺ​ឧស្សាហកម្មមួយនេះ​ប្រឈម​បញ្ហា​ផ្ទួនៗ​ក្នុង​ពេល​តែ​មួយ។

លោកឧកញ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ពេល​នេះ អ្នកស្វែង​រក​ការងារ​ធ្វើ​នៅក្នុង​ឧស្សាហកម្ម​រោងចក្រ​ក៏​កំពុង​ជួប​ការលំបាក​ខ្លាំង​ណាស់​ដែរ ខណៈ​ដែល​មាន​រោងចក្រ​បន្ត​ព្យួរការងារ ហើយ​តម្លៃ​ប្រាក់​ឈ្នួល​ពលកម្ម​ក៏​មិន​រំពឹង​បាន​ខ្ពស់​ដូច​មុន​ដែរ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ក្នុង​ស្ថាភាព​នេះ​ លោក​ឧកញ៉ា​ក៏​នៅតែ​បន្ត​សុំ​ការយោគយល់​ពី​កម្មករ កម្មការិនី​ សូម​​កុំឲ្យមាន​ការតវ៉ា​ណាមួយ​កើតឡើង ខណៈ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ជួប​បញ្ហា​កូវីដ១៩ ដូច្នេះ កម្មករ កម្មការិនី ត្រូវតែ​ចូលរួម​លំបាក​ជាមួយគ្នា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនCDL HR ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាយោបល់ការងារល្អបំផុតនៅកម្ពុជា ពីស្ថាប័នកម្រិតអន្តរជាតិមួយ

ព័ត៌មាន
ថ្មីៗនេះ Global Banking and Finance Award 2020 ដែលជាស្ថាប័នលំដាប់ពិភព លោកមួយខាងផ្នែកវាយតម្លៃលើការងារហិរញ្ញវត្ថុនិងធនាគារនោះ បានផ្តល…

អាជីវកម្ម​ជាច្រើន​នៅ​វៀតណាម​ផ្អាក​ដំណើរការ​និង​ប្រកាស​ក្ស័យធន

ព័ត៌មាន
ប្រទេស​វៀតណាម ត្រូវ​បាន​អ្នក​ជំនាញ និង​អង្គការ​អន្តរជាតិ​ជាច្រើន ព្យាករថា វៀតណាម​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ល្អ​ជាង​គេ ក្នុង​ចំណោម​ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ