ការនាំចេញផលិតផលឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះ។ ជាក់ស្តែងការនាំចេញសម្លៀកបំពាក់នៅត្រីមាសទី១ឆ្នាំនេះ សម្រេចបានជាង២ពាន់លានដុល្លារ កើនឡើងជិត២៤% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង១១៦លានដុល្លារកើនឡើងជាង១២% ខណៈស្បែកជើងសម្រេចបានជិត៣៥០លានដុល្លារ កើនឡើងជិត៧% និងការនាំចេញផលិតផលធ្វើដំណើរសម្រេចបានជិត៤៣០លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះស្ថិតិពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មផ្តល់ឱ្យខេមបូណូមីស។
ទន្ទឹមនឹងការនាំចេញផលិតផលខាងលើមានការកើនឡើង ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់បែរជាមានការធ្លាក់ចុះយ៉ាងគំហុកទៅវិញ។ តួយ៉ាងការនាំចេញគ្រឿងម៉ាស៊ីននិងឧបករណ៍អគ្គិសនីនៅ៣ខែឆ្នាំនេះ សម្រេចបានជាង៤៨០លានដុល្លារ ធ្លាក់ចុះជាង៣៤% ខណៈការនាំចេញកង់សម្រេចបានជិត៩៧លានដុល្លារ ធ្លាក់ចុះ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកើនឡើង ឬថយចុះបរិមាណនៃការនាំចេញផលិតអ្វីមួយ គឺវាអាស្រ័យលើតម្រូវការ និងកត្តាសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ហើយបើទោះបីការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក និងកង់នៅត្រីមាសទី១ មានការធ្លាក់ចុះក៏ពិតមែន តែបើធៀបនឹងចុងឆ្នាំ២០២៣ ការនាំចេញផលិតទាំងនេះនៅតែមានកំណើន ហើយលោកជឿជាក់ថា ការនាំចេញផលិតផលទាំងនេះនឹងមានកំណើនឡើងវិញនាពេលខាងមុខនេះ។
សូមជម្រាបថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង១២ពាន់៧រយលានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជិត១៣% ក្នុងនោះការនាំចេញមានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង១៧% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំជាង៦ពាន់៣រយលានដុល្លារកើនឡើងជាង៩%៕