លោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរនៅកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺវិស័យនេះ នៅតែបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិសាកលនានា។ ជាការកត់សម្គាល់របស់លោក អាត់ ធន់ បើទោះបីនៅចុងឆ្នាំ២០២២ មានការផ្អាកកម្មករ-និយោជិតពីម្ចាស់រោងចក្រ សហគ្រាសកាត់ដេរមួយចំនួនក្តី តែវិស័យនេះហាក់មានភាពល្អប្រសើរ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ តំណាងកម្មកររោងចក្ររូបនេះ មើលមិនឃើញថា វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរអាចមានភាពល្អប្រសើរនៅត្រីមាសចុងក្រោយនៃឆ្នាំនេះនោះទេ។
ស្រដៀងគ្នានេះដែរ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានកត់សម្គាល់ឃើញថា ស្ថានភាពវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហាក់ពុំសូវមានអ្វីប្រែប្រួលខ្លាំងនោះទេ ចាប់ពីដើមឆ្នាំ២០២៣មក ប៉ុន្តែលោកយល់ឃើញថា រយៈពេលចុងក្រោយនេះ វិស័យកាត់ដេរនៅកម្ពុជា ហាក់មានភាពប្រក្រតីឡើងវិញ។ ការអះអាងរបស់លោក ហ្វា សាលី បែបនេះ ដោយសារលោកកត់សម្គាល់ឃើញថា ការបើករោងចក្រក្នុងឧស្សាហកម្មកាត់ដេរថ្មីៗជាបន្តបន្ទាប់ ជាពិសេសមិនសូវមានការផ្អាករោងចក្រ សហគ្រាស ឬកម្មករ-និយោជិត ដូចកាលពីឆ្នាំ២០២២នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ បើទោះបីការបញ្ជាទិញផលិតផលកាត់ដេរពីខាងក្រៅមិនទាន់កើនឡើងខ្ពស់ តែវាក៏មិនធ្លាក់ចុះខ្លាំងពេកនោះដែរ ដែលអាចធានាបាននូវការងារធ្វើសម្រាប់កម្មករ-កម្មាការិនី រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងជាមួយការសម្រេចបានកំណើនក្នុងរង្វង់៨,៥%នៅឆ្នាំ២០២៤ ពីប្រមាណ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ក៏អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យមួយនេះ។ ដោយឡែក សម្រាប់អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួន គួបផ្សំនឹងការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន៕