ជាក់ស្តែងនៅពាក់កណ្ដាលឆ្នាំ២០២១នេះ បើតាមការអះអាងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បង្ហាញថាការនាំចេញរបស់វិស័យវាយនភណ្ឌកាត់ដេរកម្ពុជាយើង មានការធ្លាក់ចុះ ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរ នៅតែមានក្ដីរំពឹងចំពោះសុខភាពនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ថានឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ដោយសារមានរាំងខ្ចប់ នៅអំឡុងខែមេសាឆ្នាំនេះ ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ បានបណ្ដាលឲ្យការនាំចេញវិស័យកាត់ដេរបានបន្តធ្លាក់ចុះនៅចន្លោះខែ មីនា មេសា និង ឧសភា ប៉ុន្តែ ដោយសាររដ្ឋាភិបាលបានអន្តរាគមន៍ទាន់ពេល ធ្វើឲ្យកម្មករនិយោជិតរោងចក្រកាត់ដេរ បានចូលធ្វើការវិញ ដែលរំពឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់នឹងរក្សាបានកំណើននៅដំណាច់ឆ្នាំនេះ។
លោក កាំង មូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ខេមបូណូមីសថា មកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ ស្ថានភាពរោងចក្រកាត់ដេរកម្ពុជានៅមិនទាន់ល្អប្រសើរនោះទេ មិនទាន់ល្អក៏ដោយសារតែ ការរំខានដល់ចង្វាក់ផលិតកម្ម និងការកើតឡើងនៃមេរោគរាតត្បាត កូវីដ-១៩ ដែលមិនអាចទស្សន៍ទាយបាន។
ទោះបីយ៉ាងណា ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា នៅតែខិតខំជំនះឧបសគ្គទាំងអស់នេះ ដោយនៅតែបន្តចង្វាក់ផលិតកម្មរបស់ខ្លួន ខណៈដែលបច្ចុប្បន្ន មានពាក់កណ្តាលនៃកម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ប្រការនេះ ជំរុញឲ្យសមាគមរោងចក្រកាត់ដេរមានក្ដីរំពឹងថាវិស័យកាត់ដេរនឹងមានកំណើនស្ទុះងើបឡើងវិញនៅចុងឆ្នាំនេះ។
លោក កាំង ម៉ូនីកា បន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាបន្តកែទម្រង់បទបញ្ញត្តិនានាដើម្បីអនុញាតឲ្យមានការធ្វើតេស្តរហ័សសម្រាប់ករណីឆ្លងមេរោគកូវីដ-១៩ ដើម្បីទប់ស្កាត់មេរោគនេះ។ ជាងនេះទៀតរដ្ឋាភិបាលបានជួយដល់កម្មករតាមរយៈឧត្ថម្ភ ថវិកា ក្រោមកម្មវីធីការពារសង្គម។
សូមបញ្ជាក់ថា នៅក្នុងវិធានការជុំទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់កូវីដ-១៩ និង ជំរុញការស្ដារសេដ្ឋកិច្ច ដែលបានដាក់ចេញកាលពីចុងខែមិថុនា ក៏មានការជួយឧបត្ថម្ភដល់កម្មករនិយោជិតរោងចក្រវាយនភណ្ឌ កាត់ដេរ ដោយក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ជូនថវិកាឧបត្ថម្ភចំនួន ៤០ដុល្លារក្នុងមួយខែ ចាប់ពីខែកក្កដាដល់ខែ កញ្ញា ឆ្នាំ២០២១ ហើយម្ចាស់រោងចក្រក៏នឹងត្រូវបន្ថែមចំនួន៣០ដុល្លារទៀត ដូច្នេះ កម្មករនិយោជិតម្នាក់ទទួលបាន៧០ដុល្លារក្នុងមួយខែ។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅរយៈពេល៥ខែដើមឆ្នាំ២០២១ ដ្បិតថាការនាំចេញផលិតផលសម្លៀកបំពាក់ និងផលិតផលកាត់ដេរមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែ ការនាំចេញទំនិញក្រៅពីផលិតផលសម្លៀកបំពាក់ និងកាត់ដេរ ពិសេសកង់ គ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលកសិកម្មជាដើម នៅតែបន្ដរក្សាបានកំណើនល្អ ដោយបានធ្វើឲ្យការនាំចេញសរុបជារួមរបស់កម្ពុជាសម្រេចបានប្រមាណ៦ពាន់លានដុល្លារ កើនឡើង១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ សិទ្ធិការ្យ