លំហូរពាណិជ្ជកម្មហ្គាស ទៅកាន់តំបន់អឺរ៉ុប ធ្លាក់ចុះ២៤% មកនៅត្រឹមជាង៣២លានតោន នៅ៧ខែឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣ អឺរ៉ុបនាំចូលហ្គាសសរុបប្រមាណជិត៦៩លានតោន។ ចំណែកការនាំចូលហ្គាសរបស់ឥណ្ឌា និងប្រជាជាតិនៅអាស៊ីខាងត្បូង កាលពីឆ្នាំ២០២៣ មានទំហំជាង៣៣លានតោន មានការកើនឡើងប្រមាណ៩%។ ជាមួយគ្នានេះ ទំហំនៃការនាំចូលហ្គាសរបស់តំបន់នេះ ក៏នឹងមានការកើនឡើងផងដែរ នៅឆ្នាំ២០២៤ នេះ ជាក់ស្តែងត្រឹមរយៈពេល៧ខែកន្លងមកនេះ ហ្គាសជាង២៣លានតោន ត្រូវបាននាំចូលទៅប្រទេសឥណ្ឌា និងតំបន់នេះ។
ដោយឡែក លំហូរពាណិជ្ជកម្មហ្គាសមកកាន់តំបន់អាស៊ីអាគ្នេយ៍ បានកើនឡើង២៦% ក្នុងឆ្នាំ២០២៣ ដល់ចំនួនជាង២៥លានតោន ហើយនៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ តម្រូវការបន្តកើនឡើង២៣% ដល់ជិត១៨លានតោន។ ប្រទេសវៀតណាម និងហ្វីលីពីន បាននាំចូលហ្គាសជាលើកដំបូងក្នុងឆ្នាំ២០២៣ ដោយបន្ថែមលើប្រទេសដែលមានតម្រូវការហ្គាសខ្លាំងស្រាប់ដូចជាថៃ និងសិង្ហបុរី។
មកដល់ពេលនេះចិន ជាទីផ្សារហ្គាសធំបំផុតនៅលើពិភពលោក ដោយមួយឆ្នាំៗមានបរិមាណហ្គាសរហូតដល់ទៅ៣១៥ពាន់លានម៉ែត្រគូបឯណោះ។ តម្រូវការហ្គាសនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថានឹងមានការកើនឡើង២ដង ខណៈឥណ្ឌានឹងមានការកើនឡើង៣,៥ដងនាពេលអនាគត។
នៅលើពិភពលោកតម្រូវការហ្គាស គឺមានប្រមាណជាង១ពាន់៣រយពាន់លានម៉ែត្រគូប មានការកើនឡើងដល់ទៅ៣៤% ហើយរហូតដល់ឆ្នាំ២០៥០ តម្រូវការហ្គាសពិភពលោកអាចកើនដល់ជាង៥ពាន់៤រយពាន់លានម៉ែត្រគូប៕
ដោយៈ សរ សុជាតិ