សហរដ្ឋអាមេរិក

សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនឹងជំទាស់ការដំឡើងកម្រិតបំណុអាមេរិក បើមិនមានការកាត់បន្ថយចំណាយថវិកាជាតិ


សមាជិកគណបក្សសាធារណរដ្ឋចំនួន ៤៣ នាក់ ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមរយៈលិខិតមួយផ្ញើជូនលោក ឆាក់ ស៊ុំមើ (Chuck Schumer) មេដឹកនាំសំឡេងភាគច្រើនមកពីបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេគ្រោងប្រឆាំងនឹងការបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ដែលគ្រាន់តែដំឡើងកម្រិតបំណុលអតិបរមា។ ដោយបង្ហាញថាពួកគេអាចរារាំងផែនការរបស់គណបក្សប្រជាធិបតេយ្យបាន សមាជិកព្រឹទ្ធសភាទាំងនោះទាមទារឱ្យមានការដោះស្រាយបញ្ហាអាទិភាពផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនឹងជំទាស់ការដំឡើងកម្រិតបំណុអាមេរិក បើមិនមានការកាត់បន្ថយចំណាយថវិកាជាតិ

ដោយលើកឡើងអំពីសេដ្ឋកិច្ច«ស្ថិតក្នុងការធ្លាក់ចុះឥតអ្វីទប់» សមាជិកគណបក្សសាធារណរដ្ឋដែលនាំមុខដោយសមាជិកព្រឹទ្ធសភា ម៉ៃ លី (Mike Lee) រួមទាំងមេដឹកនាំសំឡេងភាគតិច លោក មីត ម៉ាកខនណែល (Mitch McConnell) ផង បាននិយាយថា «ការចំណាយធំៗ និងកំណែទម្រង់ថវិកា»ត្រូវតែជា«ចំណុចចាប់ផ្តើម»សម្រាប់ការចរចាគ្នា។

ការិយាល័យរបស់លោក ម៉ាកខនណែល និងការិយាល័យរបស់លោក ស៊ុំមើ និងសមាជិកព្រឹទ្ធសភាផ្សេងៗទៀត មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

សមាជិកព្រឹទ្ធសភានិយមកណ្ដាលនៃបក្សសាធារណរដ្ឋជាច្រើនរូប រួមទាំងសមាជិកព្រឹទ្ធសភា មីត រុំនី (Mitt Romney) និងសមាជិកាព្រឹទ្ធសភា លីសា មើកូវស្គី (Lisa Murkowski) មិនបានចុះហត្ថលេខាលើលិខិតនោះទេ។ សមាជិកាព្រឹទ្ធសភា ស៊ូសាន កូល្លីន (Susan Collins) ដែលជាសមាជិកាគណបក្សសាធារណៈរដ្ឋនិយមកណ្ដាលម្នាក់ទៀត និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសហរដ្ឋអាមេរិកផង ក៏មិនបានចុះហត្ថលេខាលើលិខិតខាងលើដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ដែលមកពីគណបក្សប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានរិះគន់គណបក្សសាធារណរដ្ឋចំពោះការគំរាមមិនបោះឆ្នោតអនុម័តសំណើដំឡើងកម្រិតបំណុលអតិបរមា លុះត្រាតែគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយថវិកាជាតិយ៉ាងធំធេង។ បើយោងតាមសេតវិមាន លោក បៃឌិន នឹងជួបជាមួយមេដឹកនាំកំពូលៗទាំងបួនរូបនៃសភាទាំងពីរថ្នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីអាទិភាពនៃការចំណាយថវិកាជាតិ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលគ្រប់គ្រងកិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រី ចាណេត យេឡេន (Janet Yellen) ធ្លាប់បានសរសេរលិខិតមួយទៅកាន់សហសភាកាលពីពេលថ្មីៗនេះ ដោយនិយាយថា ក្រសួងនេះប្រហែលជាមិនអាចបំពេញកាតព្វកិច្ចសងបំណុលទាំងអស់របស់ខ្លួនបានទេនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើសហសភាមិនយល់ព្រមដំឡើងកម្រិតបំណុលអតិបរមាដែលអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់បន្ថែម។ ការប្រឈមមុខដាក់គ្នាផ្នែកនយោបាយរវាងគណបក្សទាំងពីរបានធ្វើឱ្យមានការព្រួយបារម្ភអំពីអលទ្ធភាពសងបំណុល ដែលអាចជះឥទ្ធិពលអវិជ្ជមានលើទីផ្សារហិរញ្ញវត្ថុពិភពលោក។

លោក ឆាក់ ស៊ុំមើ ប្រធានព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយក្នុងសប្តាហ៍មុនថា ព្រឹទ្ធសភាអាចពិចារណាលើសេចក្ដីស្នើច្បាប់ដែលដំឡើងតែពិដានបំណុលប៉ុណ្ណោះ ប៉ុន្តែមិននិយាយអំពីបញ្ហាអាទិភាពផ្សេងៗទៀតដែលគណបក្សសាធារណរដ្ឋលើកឡើងទេ។ ទោះជាយ៉ាងនេះក្ដី លោក ស៊ុំមើ នឹងត្រូវការការគាំទ្រពីគណបក្សសាធារណរដ្ឋយ៉ាងតិច ៩ សំឡេង ដើម្បីឱ្យមានសំឡេងគ្រប់គ្រាន់ចំនួន ៦០ សម្រាប់អនុម័តសេចក្ដីព្រាងច្បាប់បែបនេះនៅក្នុងព្រឹទ្ធសភាដែលមានសំឡេង ៥១ ទល់នឹង ៤៩។

លិខិតចុងក្រោយរបស់សមាជិកព្រឹទ្ធសភាគណបក្សសាធារណៈរដ្ឋទាំង ៤៣ រូបខាងលើ បង្ហាញថា គណបក្សនេះអាចរារាំងអ្វីដែលគេហៅថា សេចក្ដីស្នើច្បាប់ដំឡើងកម្រិតបំណុល«សុទ្ធសាធ»។

សភាជាន់ទាបសហរដ្ឋអាមេរិក កាលពីចុងខែមេសា បានអនុម័តសេចក្ដីព្រាងច្បាប់ដំឡើងកម្រិតបំណុលអតិបរមា ៣១,៤ ទ្រីលានដុល្លាររបស់រដ្ឋាភិបាលរួចហើយ ប៉ុន្តែបានបញ្ចូលផែនការកាត់បន្ថយការចំណាយយ៉ាងច្រើនក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីស្នើច្បាប់បែបនោះទំនងជាមិនទទួលបានការអនុម័តពីព្រឹទ្ធសភាទេ ហើយលោកប្រធានាធិបតី បៃឌិន នឹងជំទាស់ ប្រសិនបើព្រឹទ្ធសភាបោះឆ្នោតគាំទ្រគម្រោងនោះ៕

អត្ថបទ៖ ​ឯម មាឃ




អត្ថបទបន្ទាប់


អ្នកជំនាញថៃថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនជាប្រយោជន៍ចំពោះការនាំចេញនិងទេសចរណ៍ថៃ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុចា ប៊ូរ៉ាប៉ាឆៃស៊្រី ( Anucha Burapachaisri) បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបើកដំណើរការឡើងវិញនៅប្រទេសចិ…

មេពន្ធដារថា ប្រព័ន្ធអ៊ីនធឺណេតខ្សោយ គឺជាកត្តាប្រឈមមួយសម្រាប់ការផ្ដល់សេវាពន្ធដារជូនដល់ប្រជាពលរដ្ឋ

ព័ត៌មាន
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ អះអាងថា បញ្ហាប្រឈមមួយដែលអគ្គនាយកដ្ឋានពន្ធដារបាននឹងកំពុងជួបប្រទះខ្លាំងនាពេលបច្ចុប្បន្នក្នុងការផ្ដល់សេវាដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ