ការព្រមានរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងក្រោយ អ៊ីស្រាអែលបាននិយាយកាលពីសប្ដាហ៍មុនថា អ៊ីស្រាអែលមានចេតនាបន្តការវាយប្រហារផ្នែកយោធាទៅលើទីក្រុងរ៉ាហ្វាស្ថិតនៅខាងត្បូងតំបន់ហ្គាហ្សាជាទីដែលពលរដ្ឋជាង១លាននាក់បានស្វែងរកទីជម្រកនៅទីនោះ។
លោក ហ្គូធឺរ៉េស បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា សកម្មភាពបែបនេះ វាបានបង្កើននូវអ្វីដែលជាសុបិន្តអាក្រក់រួចទៅហើយសម្រាប់មនុស្សធម៌ ព្រោះផលវិបាកក្នុងតំបន់នេះសែនពិបាករកអ្វីប្រៀបពុំបានឡើយ។ សម្រាប់លោកវាល្មមដល់ពេលដែលត្រូវមានបទឈប់បាញ់ផ្នែកមនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌហើយពេលនេះ។
លោក ហ្គូធឺរ៉េស ក៏បានអំពាវនាវឱ្យមានកំណែទម្រង់នៅក្រុមប្រឹក្សាសន្តិសុខដែរ ខណៈដែលសមាជិកក្រុមប្រឹក្សានេះមិនអាចមានជំហររួមគ្នាមួយស្តីពីសង្គ្រាមនៅហ្គាហ្សា បើទោះជាមានការអំពាវនាវពីភ្នាក់ងារសហប្រជាជាតិជាច្រើនសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
លោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលជាវេទិកាដ៏ចម្បងសម្រាប់ចោទសួរពីសន្តិភាពពិភពលោក ត្រូវបានជាប់គាំង ដោយសារតែការខ្វែងគំនិតគ្នាពីភមិសាស្ត្រនយោបាយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលក្រុមប្រឹក្សានេះខ្វែងគំនិតគ្នាបែបនេះ ប៉ុន្តែលើកនេះគឺជាការបែកបាក់គ្នាដ៏អាក្រក់បំផុតដោយសារបច្ចុប្បន្ននេះវាមានសភាពកាន់តែជ្រៅ និងកាន់តែគ្រោះថ្នាក់ជាងមុន។
លោកបានព្រមានថា ពិភពលោកសព្វថ្ងៃនេះកំពុងតែឈានចូលដល់ «យុគសម័យនៃភាពចលាចលហើយ» ដែលសេរីភាពសម្រាប់មនុស្សទាំងអស់គ្នា ប្រកបដោយគ្រោះថ្នាក់ និងមិនអាចទាយទុកមុនបានជាមួយនឹងនិទណ្ឌភាពទាំងនោះ។ មេអង្គការសហប្រជាជាតិរូបនេះបានជំរុញឱ្យមេដឹកនាំពិភពលោកចាប់យកឱកាស«កិច្ចប្រជុំកំពូលស្ដីពីអនាគត»ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញានៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំ ដើម្បី«បង្កើតពហុភាគីនិយមសម្រាប់ឆ្នាំទៅខាងមុខទៀត»៕
អត្ថបទ៖ សុខ ជា