ក្រុមហ៊ុនឧស្ម័នរដ្ឋផ្ដាច់មុខរបស់រុស្ស៊ី Gazprom បាននិយាយនៅក្នុងលិខិតមួយចុះថ្ងៃទី ១៤ ខែ កក្កដា ថា ក្រុមហ៊ុនអាចនឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុប នៅពេលវេលាណាមួយ ដែលមិនអាចទាយទុកមុនបាន ចាប់តាំងពីថ្ងៃទី ១៤ ខែមិថុនាមកម្ល៉េះ។ ការប្រកាសនេះ ធ្វើឡើង នៅគ្រាដែល បំពងបង្ហូរប្រេង និងឧស្ម័ន Nord Stream 1 ដែលជាបំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ពីរុស្ស៊ីទៅ ប្រទេសអាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀត គឺកំពុងស្ថិតនៅក្នុងការជួសជុលរយៈពេល១០ថ្ងៃ នៃការកំណត់ជួសជុលប្រចាំឆ្នាំ ហើយថ្ងៃកំណត់នេះជួសជុលនេះ នឹងត្រូវផុតនៅត្រឹមថ្ងៃទី ២១ កក្កដា។
ការប្រកាសថ្មី របស់ក្រុមហ៊ុន Gazprom នេះ បានធ្វើឲ្យមានក្ដីបារម្ភខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដែលថាទីក្រុងម៉ូស្គូ អាចនឹងមិនបន្ដចាប់ផ្ដើមបំពង់បង្ហូរប្រេង និងឧស្ម័នមកកាន់តំបន់អឺរ៉ុបនោះទេ នៅក្រោយថ្ងៃកំណត់ជួសជុលត្រូវបានបញ្ចប់ ដែលទង្វើនេះ ត្រូវបានអឺរ៉ុបចាត់ទុកថា គឺជាការសងសឹករបស់ទីក្រុងម៉ូស្គូ មកលើទណ្ឌកម្មដែលប្លុកនេះបានដាក់ ជុំវិញនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ប្រការនេះ ក៏បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៃវិបត្តិថាមពល ដែលជាហានិភ័យទាញឲ្យពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ទោះយ៉ាងណា សេចក្តីប្រកាសនេះ មិនមានន័យថាក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់ទ្វីបអឺរ៉ុបនោះទេ ខណៈទីក្រុងម៉ូស្គូត្រូវទទួលខុសត្រូវ ប្រសិនបើវាមិនបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា។
យ៉ាងណាមិញ នៅក្នុងប៉ុន្មានខែកន្លងមកនេះ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីបាននឹងកំពុងធ្លាក់ចុះនៅតាមផ្នែកនៃការដឹកជញ្ចួនសំខាន់ៗ រួមទាំងតាមរយៈការដឹកជញ្ចួនទៅអ៊ុយក្រែន និង បេឡារុស្ស ក៏ដូចជាតាមរយៈបំពង់បង្ហូរ Nord Stream 1 ។
លោក Hans van Cleef សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន ABN Amro បាននិយាយថា កត្តាទាំងអស់នេះហាក់ដូចជាតម្រុយដំបូងដែលការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរ Nord Stream 1 នឹងមិនដំណើរការឡើងវិញទេ បន្ទាប់ពីការជួសជុលរយៈពេល ១០ ថ្ងៃត្រូវបានបញ្ចប់។ លោកបានបន្ថែមថា ស្ថានភាពនេះវាអាស្រ័យទៅលើកាលៈទេសៈ និង ការពិចារណារបស់រុស្ស៊ី ពីការប្រកាន់គោលជំហរ បច្ចេកទេស ឬ ក៏នយោបាយ ខណៈប្រសិនបើរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គងឧស្ម័នទៅកាន់អឺរ៉ុប វានឹងកាន់តែបង្កឱ្យមានភាពតានតឹងរវាងទីក្រុងម៉ូស្គូ និង ប្លុកនេះ ជាពិសេសនោះ ជាមួយប្រទេសអាល្លឺម៉ង់តែម្តង។
គួររំលឹកថា ក្រុមហ៊ុន Gazprom បានកាត់បន្ថយសមត្ថភាពផ្គត់ផ្គងឧស្ម័ននៅបំពង់បង្ហូប្រេង Nord Stream 1 មកត្រឹម ៤០% នៅថ្ងៃទី ១៤ ខែមិថុនា។ ហេតុផលនៃការកាត់បន្ថយនោះ ក្រុមហ៊ុន Gazprom បានស្តីបន្ទោសដោយលើកឡើងពីការពន្យារពេលក្នុងការវិលត្រលប់មកវិញនូវទួរប៊ីនបូមយកឧស្ម័ន ដែលបានយកទៅជួសជុលនៅប្រទេសកាណាដាមានភាពយឺតយ៉ាវ។
ទោះយ៉ាងណា ប្រទេសកាណាដា បានបញ្ជូនទួរប៊ីនសម្រាប់បំពង់បង្ហូរប្រេងទៅកាន់ប្រទេសអាឡឺម៉ង់តាមយន្តហោះកាលពីថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីការងារជួសជុលត្រូវបានបញ្ចប់ នេះបើតាមកាសែត Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទ។ របាយការណ៍បាននិយាយថា វានឹងត្រូវចំណាយពេលពី ៥ ថ្ងៃ ទៅ ៧ ថ្ងៃទៀតសម្រាប់ទួរប៊ីន ដើម្បីទៅដល់ប្រទេសរុស្សី បើសិនបើមិនមានបញ្ហាជាមួយនឹងភស្តុភារ និងគយនោះទេ។ ក្រុមហ៊ុនប្រេង និង ឧស្ម័នអូទ្រីស OMV បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនរំពឹងថា ការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ីតាមបំពង់ Nord Stream 1 នឹងបន្តដូចដែលបានគ្រោងទុក ខណៈនៅតំបន់អឺរ៉ុបមានតម្រូវការប្រើប្រាស់ឧស្ម័នជាចាំបាច់។
គួរជម្រាបថា សម្រាប់ទីក្រុងម៉ូស្គូ និង ក្រុមហ៊ុន Gazprom លំហូរថាមពល គឺជាលំហូរនៃប្រាក់ចំណូលដ៏សំខាន់មួយ ខណៈដែលទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលវិមានក្រឹមឡាំងចាត់ទុកថា ជាប្រតិបត្តិការយោធាពិសេស បានធ្វើឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីជាខ្លាំង។ យោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី ថវិការដ្ឋាភិបាលសហព័ន្ធទទួលបានជាង ១១៤ ពាន់លានដុល្លារ ពីការលក់ប្រេង និង ឧស្ម័នក្នុងឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងផែនការប្រាក់ចំណូលជាង ១៧០ពាន់លានដុល្លារសម្រាប់ពេញ១ឆ្នាំ ២០២២៕