ផលិតផលក្នុងស្រុកសរុបឬហៅថា GDP របស់អាមេរិកបានធ្លាក់ចុះដល់អត្រាប្រចាំឆ្នាំ ០,៩% កាលពីត្រីមាសមុន នេះបើតាមការប៉ាន់ប្រមាណរបស់ក្រសួងពាណិជ្ជកម្មអាមេរិក នៅគ្រាដែល ក្រុមសេដ្ឋវិទូ ដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារ Reuters បានព្យាករថា GDP នឹងងើបឡើងវិញក្នុងអត្រា ០,៥%។
ការប៉ាន់ប្រមាណសេដ្ឋកិច្ចរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺមានចាត់ថ្នាក់ចាប់ពីកម្រិតទាបបំផុតត្រឹម២,១% នៃអត្រាធ្លាក់ចុះ និងកំណើនខ្ពស់បំផុតត្រឹមតែកម្រិត ២% ។ យ៉ាងណាមិញ កាលពីត្រីមាសទី១ សេដ្ឋកិច្ចអាមេរិកអាមេរិកបានធ្លាក់ចុះ ១,៦%។
បើទោះជា បែបនេះក្ដី រដ្ឋាភិបាលអាមេរិកបានអះអាងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅត្រីមាសទី២នេះ នៅមិនទាន់ចាត់បញ្ចូលថា ជាការដាំក្បាលចុះនៃសេដ្ឋកិច្ច ឬថាសេដ្ឋកិច្ចកំពុងធ្លាក់ចុះក្នុងវិបត្តិនោះទេ។
ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច ដែលជាអ្នកវាយតម្លៃនៃវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកបានកំណត់និយមន័យនៃការធ្លាក់ចុះសេដ្ឋកិច្ចថា វាគឺជា "ការថយចុះគួរឱ្យកត់សម្គាល់នៃសកម្មភាពសេដ្ឋកិច្ចដែលរីករាលដាលនៅទូទាំងសេដ្ឋកិច្ច និងអូសបន្លាយពេលរយៈពេលជាងពីរបីខែ ដែលជាធម្មតាអាចមើលឃើញនៅក្នុវិស័យងផលិតកម្ម ការងារ ប្រាក់ចំណូលជាក់ស្ដែង និងសូចនាករផ្សេងទៀត”។
កំណើនការងារជាមធ្យមនៅអាមេរិកមានជាង ៤៥ម៉ឺនកន្លែងក្នុងមួយខែ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលកំពុងបង្កើតប្រាក់ឈ្នួលដ៏រឹងមាំ។ ទោះជាយ៉ាងណា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចបានកើនឡើង ហើយការសាងសង់ផ្ទះ និងការលក់ផ្ទះបានធ្លាក់ចុះ ខណៈដែលការធ្វើអាជីវកម្ម និងចំណង់របស់អតិថិជនក្នុងការទិញផ្ទះបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
សេតវិមានកំពុងជំរុញយ៉ាងខ្លាំងក្លាទប់ទល់នឹងការជជែកអំពីវិបត្តិសេដ្ឋកិច្ច ខណៈដែលសេតវិមានខំប្រឹងរម្ងាប់អារម្មណ៍អ្នកបោះឆ្នោតនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលនឹងកំណត់ថា តើគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីលោក Joe Biden រក្សាការគ្រប់គ្រងសភាសហរដ្ឋអាមេរិកដែរ ឬយ៉ាងណា៕
អត្ថបទ៖ សុខ ជា