ទីផ្សារត្រីចាប់ផ្ដើមល្អប្រសើរឡើងវិញ

ក្រុមអ្នកចិញ្ចឹមត្រីអះអាងថា ទីផ្សារត្រីចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ និងរំពឹងកើនឡើងថែមទៀតនៅចុងឆ្នាំនេះ


បន្ទាប់ពីរងបញ្ហាទីផ្សារធ្ងន់ធ្ងរនៅអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំង បច្ចុប្បន្នទីផ្សារត្រីនៅកម្ពុជា ចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ ខណៈដែលខាងសមាគមវារីវប្បកម្មកម្ពុជាអះអាងថា ទីផ្សារត្រីនឹងកាន់តែប្រសើរឡើងថែមទៀតនៅចុងឆ្នាំនេះ ដ្បិតថា ប្រទេសកម្ពុជាបានបើកដំណើរការពេញលេញឡើងវិញ ខណៈដែលតម្រូវការត្រីក៏កំពុងមានការកើនឡើងដែរ។ បើតាមសមាគវារីវប្បកម្មកម្ពុជា តាមការសង្កេតជាក់ស្ដែង ទីផ្សារត្រីមានការកើនឡើងពី៣០% ទៅ៥០% បើធៀបនឹងពេលមិនទាន់មានកូវីដ១៩។
ស្រះចិញ្ចឹមត្រី រូបភាព៖ សមាគមវារីវប្បកម្មកម្ពុជា

លោក ឡែម ផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគមវារីវប្បកម្មកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងខែមករា ដល់ខែមេសាគឺជាខែដែលអ្នកចិញ្ចឹមត្រីមានបំរុងនៅក្នុងស្រះស្រាប់ កំពុងឲ្យចំណីបំប៉នដើម្បីត្រៀមចាប់លក់។ ហើយចាប់ពីខែឧសភាទៅពួកគាត់នឹងចាប់ផ្តើមដាក់ត្រីចិញ្ចឹមឡើងវិញផងដែរ។ មន្ត្រីអភិវឌ្ឍន៍សមាគមវារីវប្បកម្មកម្ពុជារូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា តាមរយៈការចុះទៅមើលស្ថានភាពផ្ទាល់នៅក្នុងខេត្តដែលមានសមាជិករបស់សមាគមវារីវប្បកម្មកម្ពុជាកាលពីពេលថ្មីៗនេះ លោកបានកត់សម្គាល់ឃើញថា អ្នកចិញ្ចឹមត្រីចាប់ផ្តើមដាក់ចិញ្ចឹមត្រីឡើងវិញ ក្នុងបរិមាណមួយសមរម្យ ខណៈពួកគាត់មើលឃើញថា ឥទ្ធិពលដោយសារកូវីដ១៩នាពេលបច្ចុប្បន្នមានភាពថមថយ ហើយចរន្តសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ មានការបើកកន្លែងដើរកំសាន្ត ភោគជនីយដ្ឋាន និងកម្មវិធីបុណ្យ ពិធីអាពាហ៍ពិពាហ៍នានា ធ្វើឲ្យទីផ្សារត្រីហាក់មានភាពល្អប្រសើរឡើងវិញ។ ក្រុមអ្នកចិញ្ចឹមត្រី​មានក្តីរំពឹងថា នៅចុងឆ្នាំ២០២២នេះ ចរន្តសេដ្ឋកិច្ចនឹងមានភាពល្អច្រើន នាំឲ្យទីផ្សារត្រីក៏កាន់តែល្អផងដែរ។ លើសពីនេះ លោក ឡែម ផូរវរិទ្ធិ​បានអះអាងដែរថា នាពេលបច្ចុប្បន្នតម្រូវការត្រី​មានការកើនឡើងច្រើន នាំឲ្យទីផ្សារត្រី​មានការកើនឡើងពី ៣០% ទៅ ៥០% ផងដែរ បើប្រៀបធៀបនឹងពេលមិនទាន់មានកូវីដ១៩។

លោក ធី ម៉ាលី អ្នកចិញ្ចឹមត្រី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានគូសបញ្ជាក់ឲ្យដឹងថា ការចញ្ចឹមត្រីរបស់លោកក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ដោយសារតែបច្ចុប្បន្នទីផ្សារត្រីមានតម្រូវការច្រើន។ ចំណែកអ្នក​ស្រី ថៃ សុភឿន អ្នកចិញ្ចឹម​ត្រី​នៅក្នុងខេត្ត​កំពង់ចាមដែរនោះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីរបស់អ្នកស្រី​ក្នុងឆ្នាំនេះ ហាក់មានការថយចុះជាងឆ្នាំមុនបន្តិច ពីព្រោះមិនសូវមានដើមទុនច្រើនសម្រាប់ចិញ្ចឹម ។ អ្នកស្រី បានមើលឃើញថា ទីផ្សារត្រីនៅពេលបច្ចុប្បន្នហាក់មានភាពល្អគួរសម ដោយត្រីប្រាមានតម្លៃ ៤៥០០ រៀលក្នុងមួយគីឡូក្រាម ត្រីឆ្តោមានតម្លៃជាង ៩០០០រៀលក្នុងមួយគីឡូក្រាមផងដែរ។ អ្នកស្រីបន្តទៀតថា នៅក្រោយពេលប្រមូលផលត្រីនៅខែសីហាខាងមុខនេះ អ្នកស្រីនឹងបង្កើនការចិញ្ចឹមត្រីឡើងវិញ ដោយមើលឃើញថា បច្ចុប្បន្នបញ្ហាកូវីដ១៩មានភាពថមថយច្រើនហើយទីផ្សារត្រីនឹងមានភាពល្អជាងមុនផងដែរ។

បើតាម​សមាគមវារីវប្បកម្ម​កម្ពុជា បច្ចុប្បន្ន នៅតាមបណ្តាប្រទេសជិតខាងតម្លៃត្រីមានការកើនឡើងខ្ពស់ ប៉ុន្ដែនៅប្រទេសកម្ពុជាតម្លៃត្រីកើនឡើងត្រឹមតម្លៃតិចតួចបំផុត ពោលគឺកើនត្រឹម១០០ ឬ ២០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ក្នុងនោះ ត្រីប្រាមានតម្លៃ ៤៣០០ រៀលក្នុងមួយគីឡូក្រាម ត្រីអណ្តែងមានតម្លៃ ៤៥០០ រៀលក្នុងមួយគីឡូក្រាម ហើយចំពោះត្រីពោរ ហាក់មានការកើនឡើងបន្តិច គឺមានតម្លៃ ៦៥០០ ទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម ខណៈពីមុនមានតម្លៃត្រឹមតែ ៥៥០០ ទៅ ៦០០០រៀលក្នុងមួយគីឡូក្រាម។

តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ក្នុងរយៈពេល៤ខែឆ្នាំ២០២២នេះ បង្ហាញថា ការចិញ្ចឹមត្រី និងបង្គារមានចំនួនជិត១៧ពាន់តោន ថយចុះចំនួនជាង ៨០ពាន់តោន បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

ព័ត៌មាន
ហាង LUNA PRIME ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម កែង​ផ្លូវ​៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធ​ដាក…

ប្រទេសថៃ ចង់សហការជាមួយវៀតណាម ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោក

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ថាណាខន វ៉ាប៊ូនគង់ឆាណា (Thanakorn Wangboonkongchana) បាននិយាយថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ