
រថយន្តដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប នៅតែទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋអឺរ៉ុប បើទោះបីមានការប្រកួតប្រជែងពីរថយន្តផលិតនៅតំបន់អាស៊ី ជាពិសេសផលិតនៅចិន ក៏ដោយ។ ជាក់ស្តែងគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៥ រថយន្តអាល្លឺម៉ង់ Volkswagen បានក្តោបក្តាប់ចំណែកទីផ្សារនៅអឺរ៉ុបធំជាងគេរហូតដល់៣០% បន្ទាប់មកក្រុមហ៊ុនកូនកាត់បារាំង អ៊ីតាលី អាល្លឺម៉ង ដែលមានមូលដ្ឋាននៅហូឡង់ Stellantis មានចំណែកទីផ្សារប្រហែល១៧%។ រថយន្តបារាំង មានចំណែកទីផ្សារ១០% ជប៉ុនប្រមាណ៨% និងកូរ៉េខាងត្បូង ប្រហែល៧%។ ចំណែករថយន្ត BYD របស់ចិន មានចំណែកទីផ្សាតែ១,៣% ប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក៏ដោយរថយន្ត BYD របស់ចិន ត្រូវបានគេទទួលស្គាល់ថា ជាម៉ូដែលរថយន្តដែលបានពង្រីកចំណែកទីផ្សារយ៉ាងឆាប់រហ័សនៅតំបន់អឺរ៉ុប ដោយមកទល់ពេលនេះទីផ្សារថយន្ត BYD របស់ចិន បានកើនឡើងជាង៣ដង ដែលកំពុងឈានទៅផ្តួលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សអាម៉េរិក Tesla។
អ្នកវិភាគបានលើកឡើងថា កត្តាដែលជួយឱ្យរថយន្តរបស់អាល្លឺម៉ង់ អាចរក្សាចំណែកទីផ្សារបានធំនៅតំបន់អឺរ៉ុប គឺដោយសារនយោបាយពាណិជ្ជកម្មគាំពារនិយម ស្របពេលដែលក្រុមហ៊ុនជាច្រើនរួមទាំង Volkswagen កំពុងប្រឈមមុខនឹងការកាត់បន្ថយផលិតកម្ម ដោយសារគូប្រជែងថ្មីៗជាពិសេស BYD របស់ចិន តែម្តង៕
ដោយៈ សរ សុជាតិ