រដ្ឋអំណាចចិនលុបចោលជើងហោះហើរ

ក្រុងប៉េកាំងលុបចោលជើងហោះហើរជាង ៥០% ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩


កាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង និងប៉េកាំងដាស៊ីង បានលុបចោលជើងហោះហើរពី ៨ រយ ទៅ ១ ពាន់ជើង មកនូវត្រឹមតែ ៤០០ ទៅ ៥០០ ជើងប៉ុណ្ណោះ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ខណៈដែលចិនបានរឹតបន្តឹងវិធានការលើការធ្វើដំណើរយ៉ាងតឹងរឹង បន្ទាប់ពីមានករណីឆ្លងថ្មីត្រូវបានរកឃើញជាបន្ដបន្ទាប់នៅក្នុងទីក្រុង និងតំបន់ផ្សេងទៀតនៃប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
ចិនលុបចោលជើងហោះហើរជាង ៥០% ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

អាជ្ញាធរ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ទីក្រុង មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត បន្ទាប់​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ចិន​ចាប់ផ្ដើម​មានការ​កើនឡើង​វិញ​។ ម្យ៉ាងវិញទៀត ដោយសារ​ប្រទេស​ចិន​មាន​គោលនយោបាយ គ្មាន​ការ​អត់ឱន ដ៏​តឹង​រឹង​បំផុត​ចំពោះ​វិធានការ​កូ​វី​ដ​១៩ និង​មិន​ឱ្យ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​គ្រប់គ្រង​ឡើយ ខណៈ​ដែល​ចិន​ថ្មី​ៗ​នេះ បាន​ប្រកាស​ដាក់​ចេញ​នូវ​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩ ឬ ZERO-COVID​។

កាលពី​ថ្ងៃ​ទី ២ វិច្ឆិកា គណៈកម្មាធិការ​សុខភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ថា ពលរដ្ឋ​ដែល​បាន​ចាក​ចេញពី​ទីក្រុង ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់ ដែល​មាន​ករណី​ឆ្លង​គួរតែ ពន្យារពេល​វិល​ត្រឡប់ និង​ស្នាក់​នៅ​កន្លែង​ដែល​ពួក​គេ​នៅ​បន្ត​ទៀត ហើយ​សម្រាប់​អ្នក​ដល់​រស់នៅ​ក្នុង​តំបន់​នោះ ក៏​គួរតែ​កុំ​ចាក​ចេញពី​ទីក្រុង ប្រសិនបើ​មិន​ចាំបាច់ ព្រមទាំង​ពន្យារពេល​ជួបជុំ ដូច​ជា កម្មវិធី​មង្គលការ និង​បុណ្យសព​ជាដើម​។

ម្យ៉ាងវិញទៀត សម្រាប់​អ្នក​ដែល​មក​ពី​តំបន់​ដែល​មាន​ករណី​ឆ្លង​ថ្មី គឺ​មិន​អាច​ចូល​ទីក្រុង​ប៉េ​កាំ​ង​បាន​ទេ ហើយ​អ្នក​ដែល​មក​ពី​តំបន់​គ្មាន​ករណី​ឆ្លង ត្រូវ​តែ​បង្ហាញ​លទ្ធផល​តេស្ត​កូ​វី​ដ ៤៨ ម៉ោង​ចុង​ក្រោយ និង​តាមដាន​សុខភាព​រយៈពេល ១៤ ថ្ងៃ ទើប​អាច​ចូល​ទីក្រុង​ប៉េ​កាំ​ង​បាន​។

គួរ​ដឹង​ថា គោលនយោបាយ "​គ្មាន​ការ​អត់ឱន​" របស់​ប្រទេស​ចិន​សម្រាប់​គ្រប់គ្រង​កូ​វី​ដ​នេះ មាន​ន័យ​ថា​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ដែល​មក​ពី​បរទេស ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ២១ ថ្ងៃ ក្នុង​សណ្ឋាគារ​ដែល​បាន​កំណត់​នៅ​ពេល​មក​ដល់​ក្នុង​ប្រទេស​ចិន មុន​ពេល​ចេញ​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​។

សូម​ជម្រាប​ថា បើ​ទោះបីជា ចំនួន​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ចិន តិច​ជាង​ប្រទេស​ផ្សេង​ទៀត ដូច​ជា សហរដ្ឋអាមេរិក​ក៏​ដោយ តែ​ប្រទេស​នេះ​នៅ​មិន​ទាន់​មានការ​បន្ធូរបន្ថយ​វិធានការ​រឹត​តឹង​នៅឡើយ​ទេ​។ ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី ២ វិច្ឆិកា គណៈកម្មការ​សុខភាព​ជាតិចិន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​មាន​តែ ១០៩ នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ ករណី​ឆ្លង​សហគមន៍​មាន ៩៣​នាក់ និង​ករណី​នាំ​ចូល​មាន ១៦ នាក់ ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ក្នុង​ប្រទេស​នេះ មាន​ជាង ៩​ម៉ឺន​៧​ពាន់​នាក់ និង​ស្លាប់មាន​ជាង ៤​ពាន់​៦​រយ​នាក់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅឆ្នាំ២០២២ ការវិនិយោគវិស័យអចលនទ្រព្យស្ទុះងើបកម្រិតណា?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យព្យាករថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងមានកំណើនពី៣០% ទៅ ៤០% នៅដើមឆ្នាំ២០២២ ខណៈបច្ចុប្បន្នអ្នកជំនាញអះអាងថ…

គណៈប្រតិភូសភាអឺរ៉ុបមកទស្សនកិច្ចជាផ្លូវការនៅកោះតៃវ៉ាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
កោះតៃវ៉ាន់នៅថ្ងៃពុធទី០៣វិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានទទួលស្វាគមន៍សមាជិកសភារបស់សហភាពអឺរ៉ុប មកទស្សនកិច្ចនៅដែនកោះរបស់ខ្លួន។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ