លោក រ៉ូប៊ើត ហាបេក (Robert Habec) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បានថ្លែងសុន្ទរកថា ក្នុងទិវាសេដ្ឋកិច្ចពិភពលោកនៅឯសន្និសីទពិភពលោករបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ (DIHK) ថា៖ «ប្រសិនបើយើងជ្រើសរើសរវាងប្រទេសចិននិងសហរដ្ឋអាមេរិក យើងនឹងមានបញ្ហាធំជាមិនខាន»។
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះ បានលើកឡើងយ៉ាងដូច្នេះថា ជម្រើសតែមួយគត់ដើម្បីបង្ការកុំឱ្យបញ្ហាធំកើតឡើងបាន គឺត្រូវបង្កើតរបៀបវារៈពាណិជ្ជកម្មរបស់អឺរ៉ុប។ លោក ហាបេក បាននិយាយថា៖ «ក្នុងទស្សនៈរបស់ខ្ញុំ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្នែកមួយនៃដំណោះស្រាយ។»
លោក ហាបេក បានសង្កាត់ធ្ងន់ថា៖ «យើងត្រូវតែធ្វើការដើម្បីធានាថា អង្គការពហុភាគីនិយមនានា មានដំណើរការ ហើយធានាថា យើងអាចរក្សាពាណិជ្ជកម្មសេរីបាន។» លោក ហាបេក អំពាវនាវឱ្យមានការពង្រឹងស្ថាប័នអន្តរជាតិ ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម។
បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ, ជម្លោះសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន គឺកំពុងផ្លាស់ប្តូរលំនាំពាណិជ្ជកម្មពិពភលោក។ លោក ហាបេក បានគូសបញ្ជាក់ថា៖ «ចិនចង់ទាក់ទាញការវិនិយោគពីអឺរ៉ុបនិងពីអាល្លឺម៉ង់ ដោយសង្ឃឹមថាអឺរ៉ុបនឹងមិនភ្ជាប់ខ្លួនទាំងស្រុងជាមួយសហរដ្ឋអាមេរិកទេ។»
លោក ហាបេក បានបន្តថា ក្រុមហ៊ុនអាល្លឺម៉ង់កំពុងបង្កើនការវិនិយោគនៅក្នុងប្រទេសចិន ទោះបីជារដ្ឋាភិបាលអាល្លឺម៉ង់ សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ (G7) ចង់«កាត់បន្ថយហានិភ័យ»នៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងក៏ដោយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាមេរិកកំពុងព្យាយាមឈប់ពឹងផ្អែកលើប្រទេសចិន។ នេះបើតាមការកត់សម្គាល់របស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលបានថ្លែងទៀតថា៖ «ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនគឺមានសារៈប្រយោជន៍ធំធេងណាស់សម្រាប់ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់»។ លោក ហាបេក បានសន្និដ្ឋានថា៖ «ការផ្តាច់ចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងមិនមែនជាប្រយោជន៍សម្រាប់យើងទេ៕