កម្ចីប្រើប្រាស់​

អ្នកធនាគារ៖ ទំហំនៃការផ្ដល់កម្ចីប្រើប្រាស់ (Consumer loan) មិនទាន់មានសញ្ញាអាក្រក់ក្នុងវិស័យហិរញ្ញវត្ថុឡើយ


ឥណទាន ប្រើប្រាស់ (Consumer Loan) ដូចជាខ្ចីទៅ ទិញរបស់របរប្រើប្រាស់ដូចជា ឡាន ម៉ូតូ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀតនោះ កំពុងមានការពេញនិយមគួរសមក្នុងទីផ្សារបច្ចុប្បន្ន ខណៈដែលប្រភេទឥណទានប្រើប្រាស់នេះ ត្រូវបានដឹងថា គឺមានហានិភ័យខ្ពស់ជាងប្រភេទឥណទានផ្សេងទៀត។ ។ តែយ៉ាងណា អ្នកជំនាញ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ទំហំនៃការផ្ដល់កម្ចីគឺនៅមិនទាន់មានចោទជាបញ្ហាធំក្នុងវិស័យហិរញ្ញវត្ថុកម្ពុជានោះឡើយ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ី លីដា (ឆ្វេង), លោក ដុស ឌីន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ អម្រឹត (កណ្ដាល) និងលោក គា បូរាណ អគ្គនាយក​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេអឹមខេ

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ី​លីដា បានឲ្យដឹងថា ការផ្ដល់​ឥណទាន​ប្រើប្រាស់​Consumer Loan សម្រាប់​វិស័យធនាគារ នៅតែ​មានដំណើរ​ការ ជាមួយនឹង​កំណើន​ល្អ មិនមានអ្វី​ត្រូវ​ព្រួយបារម្ភនោះទេ ខណៈដែល​ទំហំនៃប្រភេទឥណទាន​ប្រើប្រាស់នោះ  គឺមិនសូវជាមាន​ច្រើននោះឡើយ ធៀបនឹង​ឥណទាន​ផ្សេងទៀត។ តួយ៉ាង ធនាគារ​អេស៊ីលីដា មានប្រមាណ​ក្រោម​៥%​ប៉ុណ្ណោះ នៃទំហំឥណទាន​សរុប។ 

លោក បណ្ឌិត អ៊ិន ចាន់នី បាន គូសបញ្ជាក់ទៀតថា កំណើននៃ​ការផ្ដល់​នូវឥណទាន​ប្រើប្រាស់​សម្រាប់​អតិថិជន គឺបាន​បង្ហាញ​ឲ្យឃើញពីប្រភព​ចំណូលប្រជាជន​កាន់តែមាន​ការកើនឡើង ដែលមានតម្រូវការ​សម្ភារ​ប្រើប្រាស់​ល្អៗកាន់តែច្រើនដែរ។ 

តែយ៉ាងណា លោកថា វា​ក៏អាច​នឹងបញ្ហា​ដែរ ប្រសិន​បើ​ស្ថាប័ន​ឲ្យខ្ចី​មិនបាន​សិក្សាពី​ប្រភពចំណូល​អ្នកខ្ចី​ឲ្យបាន​ច្បាស់លាស់ មុនផ្ដល់កម្ចី។ ពិសេស គឺអ្នកខ្ចី​លុយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ទៅទិញរបស់​របស់ប្រណីតៗ គឺមានហានិភ័យខ្ពស់ ព្រោះថា ផលិតផលនោះ មិនមាន​ហ៊ុច​ផលចំណេញ​ត្រឡប់មក​វិញនោះ​ឡើយ។ 

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបាន​ឲ្យដឹងដែរថា ជាទូទៅ​ធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ តែង​តែផ្ដល់នូវ​កម្ចី​ទៅតាម​វិស័យ​សំខាន់ៗផ្សេងៗគ្នា ដោយមិនបាន​ផ្ដោត​ទៅលើការ​ផ្ដល់​កម្ចី​សម្រាប់​តែ​វិស័យមួយនោះទេ។ ក្នុងនោះទៀតសោត ក៏មាន​ការ​កំណត់​ទំហំ​កម្ចី​ទៅលើ​អនុវិស័យ​ណាមួយ ដែល​ងាយ​នឹងមាន​ហានិភ័យខ្ពស់ផងដែរ។ តែយ៉ាងណា លោកថា ជាទិសដៅជាក់លាក់ គឺខាង​ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ តែងផ្ដោតការ​យកចិត្តទុក​ខ្លាំង​ទៅលើ​កម្ចី​ធ្វើអាជីវកម្ម និង​កសិកម្ម ព្រោះវាជា​កត្តារុញ​ច្រាន​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យឆ្ពោះលឿនទៅមុខ។ 

លោក ដុស ឌីន បានបញ្ជាក់ដែរថា សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ប្រភេទ​កម្ចី​ប្រើប្រាស់នេះ មានតែប្រមាណ ជិត​៣០ ភាគរយ​ប៉ុណ្ណោះ នៃប្រភេទទំហំកម្ចីផ្សេងៗទៀត។

ជាមួយគ្នានេះ លោក គា បូរាណ អគ្គនាយក​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ អេអឹមខេ បានលើកឡើងស្រដៀងគ្នានេះដែរថា សម្រាប់​ការ​ផ្ដល់កម្ចី​នាពេលបច្ចុប្បន្ន​តាមអ្វី​ដែលលោក​មើលឃើញ កម្ចី​ដែលត្រូវបាន​ផ្ដល់​ជូនអតិថិជន​ច្រើនជាងគេ គឺជាកម្ចី​សម្រាប់​យកទៅប្រកបអាជីវកម្ម។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញ​សេដ្ឋកិច្ច បានលើកឡើងដែរថា ការផ្ដល់កម្ចី​សម្រាប់​ការទិញ​របស់របរ​ប្រើប្រាស់​ថ្លៃៗ វា​គឺមិនសូវ​ជាហ៊ុច​ផលចំណេញ​ខ្លាំងសម្រាប់​សេដ្ឋកិច្ចនោះទេ ព្រោះប្រទេស​កម្ពុជា ជាប្រទេស​ដែលនាំចូល​ផលិតផលទាំងនោះ មិនមែនជា​អ្នកផលិត​ខ្លួនឯង។ មួយវិញទៀត ចំណេះដឹង ហិរញ្ញវត្ថុ​របស់ប្រជាជន​កម្ពុជា​នៅមាន​កម្រិតនៅឡើយ ដែលវា​អាច​នឹង​ឆាប់ធ្វើ​ឲ្យពួកគាត់​ជួប​បញ្ហា​នៅពេល​សងត្រឡប់។ 

របាយការណ៍ ប្រចាំឆ្នាំ ២០១៨ របស់​ធនាគារជាតិ បានបង្ហាញឲ្យឃើញថា ក្នុងចំណោម ឥណទាន​តាមវិស័យ​របស់​គ្រឹះស្ថានធនាគារ​កម្ចី​ប្រើប្រាស់ ឬការឲ្យខ្ចីជា​បុគ្គល (Consumer Loan) មានតែ៧,៦% ប៉ុណ្ណោះ នៃទំហំកម្ចី​សរុប ខណៈ ការផ្ដល់កម្ចី​សម្រាប់​ការធ្វើអាជីវកម្ម ជួញដូររាយ មានទំហំ​ធំជាងគេ ពោលគឺមាន​រហូតដល់ ១៧% ការជួញដូរដុំ មាន​ជាង​១២% និងកម្ចីទិញផ្ទះ​មាន​៩,៨% ។

របាយការណ៍ដដែល ឲ្យដឹងទៀតថា បើសរុប​​ប្រាក់​កម្ចីដែលវិស័យ ធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ផ្ដល់ជូនអតិថិជន​នៅឆ្នាំ២០១៨ មាន​ប្រមាណ ៣០​ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកខ្ចី​លុយ​គឺមានរហូតដល់​ជាង ៤លាននាក់​។ រីឯទំហំប្រាក់បញ្ញើវិញមានលើស ​២២​ពាន់លានដុល្លារអាមេរិក និងចំនួន​អ្នកដាក់ប្រាក់​បញ្ជើ មាន​រហូតដល់ប្រមាណ ៨លាន​គណនី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១០ឆ្នាំ​ទៅមុខ វៀតណាមត្រូវការ ១៥០​ពាន់​លានដុល្លារ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល

ព័ត៌មាន
ធនាគារ​ពិភពលោក ​បាន​ព្យាករ​​ថា តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុង​ប្រទេស​វៀតណាម​នឹង​បន្ត​កើន​ឡើង ៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល …

ខ្មែរនៅតែខ្សោយក្នុងជំនួញទ្វេភាគីជាមួយវៀតណាមនៅដើមឆ្នាំ ២០១៩នេះ

ព័ត៌មាន
នៅក្នុងរយៈពេល១ខែដើមឆ្នាំ ២០១៩នេះ ជំនួញទ្វេភាគីរវាង កម្ពុជា និង វៀតណាម ឈានដល់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ