យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញដែលសរសេរឡើងដោយកងទ័ពសហរដ្ឋអាម៉េរិកតាំងពីក្រោយសង្គ្រាមលោកលើកទី២ គួរតែត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យស្របតាមតម្រូវការ នៃយុគសម័យថ្មី។ លោកស្រី និងក្រុមអ្នកអភិរក្សនិយម នៃគណបក្សប្រជាធិបតេយ្យសេរីយល់ឃើញថា ច្បាប់បច្ចុប្បន្នបានរឹតត្បិតសមត្ថភាពការពារជាតិរបស់ជប៉ុន ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង និងចិន។
គោលដៅចម្បង នៃកំណែទម្រង់នេះ គឺការកែប្រែមាត្រា៩ ឬហៅថាមាត្រាសន្តិភាពនិយម ដែលហាមឃាត់ជប៉ុនមិនឱ្យប្រើប្រាស់កម្លាំងយោធា ឬធ្វើសង្គ្រាម ដើម្បីដោះស្រាយជម្លោះអន្តរជាតិ។ ទោះបីជាកាលពី១០ឆ្នាំមុន មានការអនុម័តច្បាប់អនុញ្ញាតឱ្យជប៉ុនប្រើសិទ្ធិការពារខ្លួនជារួមក៏ដោយ ក៏នាយករដ្ឋមន្ត្រីរូបនេះ នៅតែចង់រុញច្រានឱ្យវិស័យការពារជាតិក្លាយជាសសរស្តម្ភដ៏រឹងមាំបំផុតចាប់តាំងពី លោកស្រី ឡើងកាន់តំណែងក្នុងរដូវស្លឹកឈើជ្រុះកន្លងមក។
លទ្ធផលស្ទង់មតិមួយរបស់កាសែតអភិរក្សនិយម Yomiuri Shimbun ដែលទើបចេញផ្សាយកាលពីពេលថ្មីៗបានបង្ហាញថា អ្នកឆ្លើយចំនួន៥៧%បានឯកភាពលើការកែប្រែនេះ ខណៈដែលការស្ទង់មតិដោយAsahi Shimbun ដែលជាកាសែតសេរីនិយមបានបង្ហាញថា មានអ្នកគាំទ្រកំណែទម្រង់មានចំនួន៤៧%។
នៅថ្ងៃទី៣ ខែឧសភា កន្លងទៅ ដែលជាទិវារំឭកខួបរដ្ឋធម្មនុញ្ញ មានមនុស្សប្រមាណ៥០,០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ និងតាមបណ្តាទីប្រជុំជននានា ដើម្បីសម្តែងការគាំទ្រដល់រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧។ក្រុមអ្នកតវ៉ា ដែលភាគច្រើនជាមនុស្សវ័យចំណាស់ និងអ្នកដែលនៅចងចាំភាពខ្លោចផ្សានៃសង្គ្រាមបានលើកបដាប្រឆាំងនឹងការកែប្រែច្បាប់ ដោយអះអាងថា មាត្រាទី៩ គឺជាខែលការពារជប៉ុនមិនឱ្យធ្លាក់ក្នុងភក់ជ្រាំសង្គ្រាមដែលបង្កឡើងដោយមហាអំណាចបរទេស៕
អត្ថបទៈ សួន ឡង់ទី